ភ្នំពេញ៖ ក្រុមតារាចម្រៀងស្រីដ៏ល្បី នៅក្នុងប្រទេសកូរ៉េខាងត្បូង RaNia នឹងមកបង្ហាញវត្តមានជួបអ្នកគាំទ្រ នៅក្នុងប្រទេសកម្ពុជា ជាលើកដំបូង ជាមួយនឹងការប្រគំតន្រ្តីដ៏ធំមួយ នៅក្នុងស្ថានីយទូរទស្សន៍បាយ័ន ដែលប្រព្រឹត្តទៅនៅវេលាម៉ោង ៧៖០០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣ នៅលើឆាកតន្រ្តីបាយ័នស្ទឹងមានជ័យ។

អ្នកដឹកនាំកម្មវិធីសិល្បៈដ៏ល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍បាយ័ន លោក គង់ វិសាល បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៣ នេះថា ក្រុមតារាចម្រៀងស្រី របស់ប្រទេសកូរ៉េ RaNia នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជា នៅវេលាម៉ោង១១និង៥៥នាទី យប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ដោយមានអ្នកគាំទ្រជាច្រើន ចាំទទួលពួកគេដោយក្ដីរីករាយ។

លោក គង់ វិសាល បានបន្តឲ្យដឹងទៀតថា បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា ក្រុមអ្នកគាំទ្រនឹងបានជួបក្រុម RaNia នៅឯសន្និសីទកាសែតមួយ ក្នុងសណ្ឋាគារ ណាហ្គាវើល នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៣នេះ។ ក្រោយមកក្រុមតារាចម្រៀងកូរ៉េ RaNia និងធ្វើការប្រគំតន្រ្តីដ៏ធំអស្ចារ្យមួយ នៅយប់ថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ នៅឯស្ទូឌីយោថ្មីរបស់ស្ថានីយទូរទស្សន៍បាយ័ន ស្ទឹងមានជ័យ ចាប់ពីម៉ោង៧ យប់តទៅ។

លោក គង់ វិសាល បានបញ្ជាក់ថា ការប្រគំតន្ត្រីដ៏ធំនេះ ត្រូវបាននាំមកជូន ដោយក្រុមហ៊ុនរៀបចំកម្មវិធី ViSal Talent Management (VSTM) ដែលមានរូបលោកជាអ្នកដឹកនាំផ្ទាល់ និងមានការសហការឧបត្ថម្ភពីក្រុមហ៊ុន Sabay Digital ផងដែរ ។

គួរបញ្ជាក់ថា ក្រុមតារាចម្រៀងស្រី ដ៏ល្បីនៅក្នុងប្រទេសកូរ៉េខាងត្បូង RaNia បានចាប់ផ្ដើមល្បីឈ្មោះក្នុងប្រទេស ក៏ដូចជាទូទាំងពិភពលោក កាលពីអំឡុងឆ្នាំ២០១១ នៅពេលក្រុមតារាចម្រៀងមួយនេះ បានចេញអាល់ប៊ុមបទ Dr. Feel Good ដែលរហូតមកដល់ពេលនេះ មានអ្នកចូលទស្សនាតាមប្រព័ន្ធ YouTube មានរហូតដល់ជាង២លាននាក់មកហើយ។ នេះជាលើកទី១ សម្រាប់ក្រុមតារាចម្រៀង RaNia ដែលបានមកជួបអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជា ខណៈក្រុមនេះធ្លាប់បានធ្វើការប្រគំតន្រ្តីជាច្រើន លើករួចមកហើយ នៅតាមបណ្ដាប្រទេសនានា ក្នុងតំបន់អាស៊ី និងតំបន់អ៊ឺរ៉ុបផងដែរ ៕

Looking

Looking

Looking

Looking

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល