ភ្នំពេញ៖ និស្សិតគណនេយ្យ នៅវិទ្យាស្ថានវ៉ាន់ដាម្នាក់ ត្រូវក្រុមចោរប្លន់ ប្រដាប់អាវុធ មានគ្នា៣នាក់ ប្រដាប់ដោយកាំភ្លើងខ្លី មកធ្វើសកម្មភាពភ្ជង់ប្លន់ យកម៉ូតូម៉ាក ស្កុបពី មួយគ្រឿង បានសម្រេច រួចរត់គេចខ្លួន ទៅបាត់ដោយ សុវត្ថិភាព តែហេតុការណ៍នេះ មិនមានការផ្ទុះអាវុធ បណ្តាលឲ្យស្រ្តីជាម្ចាស់ម៉ូតូរងរបួសឡើយ។ ករណី នេះ បានកើតឡើង កាលពីវេលា ម៉ោង ១៩ និង ១០ នាទីយប់ ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៣ មុខផ្ទះលេខ ២២០ ស្ថិតនៅតាមផ្លូវលេខ៤៣០ សង្កាត់ទំនប់ ទឹក ខណ្ឌចំការមន ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា និស្សិតដែលរងគ្រោះ ខាងលើនេះ ឈ្មោះ ទិត្យ កន្និកា អាយុ៣១ឆ្នាំ ស្នាក់នៅក្បែរ ចំណុចកើតហេតុ ។

ជនរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ រូបគាត់បាន ជិះម៉ូតូមួយ គ្រឿងម៉ាក ស្កុបពី ពណ៌ស អត់មានស្លាកលេខ ទើបតែត្រឡប់ចេញ ពីវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ ភ្លាមនោះ នៅពេល ដែលរូបគាត់បន្ថយល្បឿន បំណងបត់ផ្លូវចូលផ្ទះ ស្រាប់តែលេចមុខជនសង្ស័យ ៣នាក់ជិះម៉ូតូពីរគ្រឿង ប្រដាប់ ដោយកាំភ្លើង ជិះមកអែមធ្វើសកម្មភាពភ្ជង់គាត់ ហើយគំរាមទារសោរ ជិះយកទៅបាត់តែម្តង ។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅ ដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីសុំការអន្តរាគមន៍ ពីសមត្ថកិច្ច៕

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល