យើងបានដឹងហើយថា នាសតវត្សចុងក្រោយនេះ ពិភពលោកបានរកឃើញការបំលែងពន្លឺព្រះអាទិត្យមកធ្វើជាថាមពលអគ្គិសនី ដើម្បីយកមកប្រើប្រាស់រាល់តំរូវការដែលគ្មានដែនកំណត់។ ដោយឡែក ថ្មីៗនេះ Singapore ក៏បានអភិវឌ្ឍបច្ចេកវិទ្យាចុងក្រោយរបស់ខ្លួនក្នុងការធ្វើឡើងនូវដើមឈើសិប្បនិម្មិតដោយវាមានកំពស់យ៉ាងខ្ពស់ត្រដែតទៅក្នុងផ្ទៃអកាសដល់ទៅ៥០ម៉ែត្រ ដែលគ្រប់ដណ្តប់នៅលើទីក្រុងនេះ។
ដើមឈើដ៏ធំនេះ អាចហៅបានថា ដើមឈើបំលែងពន្លឺព្រះអាទិត្យ ដែលពួកវាទាំងអស់មាននៅក្នុងសួនច្បារឈូងសមុទ្រភាគខាងត្បូង និងបើសម្ភោធជាផ្លូវការនៅថ្ងៃ ២៩ ខែមិថុនាខាងមុខនេះវាគឺជាផ្នែកមួយស្ថិតនៅក្នុងគំរោងជាង ១០០ ហិចតា ដែលកើតចេញពីគោលគំនិតក្នុងការបង្កើតឧទ្យានជាតិសិង្ហបុរី។

ការច្នៃប្រឌិតអោយមានដើមឈើសិប្បនិម្មិតនេះឡើង ទាំងអស់វាមានចំនួន ១៨ដើម ដែលបានក្លាយជាសួនច្បារដ៏ស្រស់ស្អាតមួយ អាចបំលែងថាមពលពន្លឺព្រះអាទិត្យ និងជាអ្នកទាក់ទាញទឹកភ្លៀងផងដែរ។ នៅក្នុងនោះ ដើមឈើដ៏ធំចំនួន ១១ មានតួនាទីក្នុងការបំលែងពន្លឺព្រះអាទិត្យ មកជាថាមពលអគ្គិសនី។
ដើមឈើសិប្បនិម្មិតទាំងអស់ មានកំពស់រវាងពី ២៥ ទៅ ៥០ ម៉ែត្រដែលនៅក្នុងដើមឈើនីមួយៗ ត្រូវបានបំពាក់ផ្កានៃតំបន់ត្រូពិច និងវាបានក្លាយជាគម្រោងមួយដែលទទួលបានការគាំទ្រ។ ពួកវាទាំងអស់ក៏មានតួនាទីក្នុងការបំលែងអកាសធាតុផងដែរ ដោយបានបំលែងពីសីតុណ្ហភាពក្តៅមកនៅត្រជាក់ល្មមសំរាប់ប្រជាជនសិង្ហបុរី។

នេះគឺជាគំរោងមួយ ដែលមានគោលបំណងក្នុងការបង្កើតតំបន់ថ្មីមួយនៅក្នុង Mairna Bayភាគខាងកើតប្រទេសសិង្ហបុរី និងធ្វើអោយវាក្លាយទៅជាតំបន់អេកូទេសចរណ៍មួយដែលនឹងទាក់ទាញភ្ញៀវទេសចរណ៍ជុំវិញពិភពលោក។ ទន្ទឹមនិងនេះដែរ គំរោងនេះក៏បានឈ្នះពានរង្វាន់នៃការរចនាម៉ូដអន្តរជាតិ ដែលទទួលស្គាល់ដោយអង្គការ UK Landscape architects Grant Associates ។ តំបន់នេះត្រូវបានហ៊ុមព័ន្ធដោយឧទ្យាននៃឈូងសមុទ្រភាគខាងត្យូង ដែលនៅក្នុងនោះ រួមមានបឹង ក៏ដូចជាស្ពានផងដែរ។
ជារួម គំរោងនេះគឺជាយុទ្ធវិធីក៏ដូចជាគោលបំណង ដើម្បីធានាអោយបាននូវ ប្រសិទ្ធភាពក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ក៏ដូចជា គោលបំណងធំនៃផែនការមេគឺ ធ្វើអោយសិង្ហបុរីក្លាយជាទីក្រុងសួនច្បារ៕

ដោយ ៖ រិទ្វីប្រភព ៖ cnn