ភ្នំពេញ៖ តារាសម្តែង និង ជាតារាចម្រៀងសាច់សខ្ចី ដូចបណ្តូលចេក កញ្ញា ពេជ្រ អាវីហ្សា ត្រូវបានគេមើលឃើញថា នាងជាតារាស្រីមួយដួង ក្នុងចំណោមតារាស្រី ដទៃទៀត ដែលទទួលបានការគាំទ្រ យ៉ាងច្រើនគួរសម តាមរយៈសមត្ថភាព នៃការសម្តែង និងរូបសម្រស់ដ៏ស្រស់សោភា គួរជាទីទាក់ទាញសម្រាប់មិត្តៗយុវវ័យ និងបុរសៗសម្បូរទ្រព្យ។
ខណៈដែលកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពកំពុងទទួល បានការគាំទ្រយ៉ាងច្រើនគួរសម នោះថ្មីៗនេះ ក៏មានប្រធានសមាគមខ្មែរ នៅក្រៅប្រទេសបាន ទាក់ទងហៅនាងឱ្យចេញទៅច្រៀង និងសម្តែងផងដែរ។ប៉ុន្តែត្រូវបាននាងបដិសេធ មិនទទួលដោយសារត្រូវស្តាប់តាមបង្គាប់របស់ម្តាយនាង ដែលមិនចង់ឱ្យចេញទៅច្រៀង និង សម្តែងឃ្លាតឆាយពីខ្លួននោះ។
ពេជ្រ អាវីហ្សា បាននិយាយប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទកាលពីថ្មីៗកន្លងមកនេះថា សម្រាប់អាជីពសិល្បៈក្នុងស្រុកសព្វថ្ងៃនេះ គឺមានការមមាញឹកច្រើនគួរសម ទាំងការថតសម្តែងឈុតកាយវិកាខារ៉ាអូខេ ការឡើងច្រៀង នៅតាមបណ្តាកម្មវិធី របស់ស្ថានីយទូរសទ្សន៍មួយចំនួន។
តារាសម្តែងវ័យ២៣ ឆ្នាំ ពេជ្រ អាវីហ្សា បាននិយាយទៀតថា មុននេះបន្តិច ក៏មានគេទាក់ទងហៅខ្ញុំ ឱ្យចេញទៅច្រៀង និងសម្តែងនៅប្រទេសអូស្រ្តាលី នាអំឡុងរដូវភ្ជុំបិណ្ឌខាងមុខនេះ ។ប៉ុន្តែ មិនបានឆ្លើយយល់ព្រមទទួលយកទេ ព្រោះម្តាយរបស់ខ្ញុំ គាត់មិនចង់ឱ្យចេញទៅឆ្ងាយតែម្នាក់ឯង។ ដូច្នេះទើបបានជាខ្ញុំសម្រេចចិត្តបោះបង់ឱ កាសនេះចោលទៅវិញ..។
ពេជ្រ អាវីហ្សា បាននិយាយបន្តថា នេះជាលើកទី១ហើយ ដែលមានគេទាក់ទងហៅឱ្យចេញសម្តែងនៅប្រទេសអូស្រ្តាលី តែ ឱកាសនេះ ក៏ត្រូវបានបាត់បង់ ទៅវិញភ្លាមៗផងដែរ ដោយសារតែម្តាយមិនអនុញ្ញាតឱ្យចេញទៅ ព្រោះតែការព្រួយបារម្ភពេក ។
កញ្ញា ពេជ្រ អាវីហ្សា បានបញ្ជាក់ថា បើទោះបីជាពេលនេះ នាងបានបាត់បង់ទៅវិញ សម្រាប់ការចេញទៅបង្ហាញខ្លួន នៅក្រៅប្រទេស ជាលើកដំបូងក៏ពិតមែន ប៉ុន្តែនាងមិនសូវមានអារម្មណ៍ថា សោកស្តាយណាស់ណានោះទេ ព្រោះនាងសង្ឃឹមថា អាចមានឱកាស ចេញទៅពេលក្រោយៗទៀត បើសិនជាមានគេទាក់ទងមក ហៅជាថ្មីនោះ។
តារាសម្តែង និង ជាតារាចម្រៀងសាច់សខ្ចី ដូចបណ្តូលចេក កញ្ញា ពេជ្រ អាវីហ្សា ត្រូវបានមហាជនគ្រប់មជ្ឈដ្ឋាន ស្គាល់គ្រប់គ្នាថា នាងជាតារាស្រីមួយដួង ដែលនិយមខាងសម្ញែងសម្ភារៈប្រើប្រាស់ ដែលមានតម្លៃថ្លៃៗ និង ម៉ាកល្បីៗ មិនចាញ់តារាល្បីៗដទៃ ប៉ុន្មានឡើយ។ កញ្ញា ពេជ្រ អាវីហ្សា ក៏តែងត្រូវបានទទួលរងនូវព្យុះភ្លៀងព័ត៌មាន ជុំវិញរឿងរ៉ាវជីវិតស្នេហា ឯកជនខាងក្រៅ ជាហូរហែ។
ការរស់នៅដោយភាពហ៊ឺហា ទាន់សម័យរបស់តារាចម្រៀងវ័យក្មេង កញ្ញា ពេជ្រ អាវីហ្សា បានក្លាយទៅរឿងមួយ ដែលធ្វើឱ្យមហាជនខ្លះ កើតការសង្ស័យថា ភាពហ៊ឺហាររបស់តារាចម្រៀងស្រីរូបនេះ ទំនងជាមានអ្នកចាំជួយទំនុកបម្រុង ឧបត្ថម្ភដល់ការរស់នៅពីក្រោយខ្នង ។ ប៉ុន្តែជារឿយៗនាងតែងតែចេញមុខ បដិសេធចំពោះអ្វី ដែលបានលើកឡើង ដោយគ្មានមូលដ្ឋានការពិតទាំងនោះ៕
ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!



ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល