ក្រុមអ្នកជំនាញជាច្រើន កាន់តែមានការព្រួយបារម្ភថា មេរោគ Ebola អាចនឹងឆ្លងតាម​រយៈ​ចំហាយទឹកមាត់ដែលអណ្ដែតនៅក្នុងបរិយាកាស។ ប្រការនេះ អាចនឹងបញ្ជាក់បាននូវការកើនឡើងដែលមិនធ្លាប់មាន នៃករណីឆ្លង Ebola ក្នុងឆ្នាំ ២០១៤។

/

អគ្គនាយកនៃមជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងជម្ងឺឆ្លងរបស់អាមេរិក (CDC)  លោក Tom Frieden បានទទួលស្គាល់ថា មេរោគ Ebola អាចឆ្លងមកមនុស្ស តាមរយៈការអណ្ដែតខ្លួន នៅក្នុងបរិយាកាស។ បណ្ឌិត Michael Osterholm អគ្គនាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវអំពីជម្ងឺឆ្លងមកពីសកលវិទ្យាល័យ Minnesota អាមេរិក ក៏យល់ឃើញដូចខាងលើ។ លោក ថ្លែងថា ៖ “នេះគឺជាការព្រួយបារម្ភជាងគេបំផុត ក្នុងរយៈពេល ៤០ឆ្នាំ ដែលខ្ញុំបានធ្វើការក្នុងវិស័យសុខាភិបាល។ ក្នុងអាជីពនេះ ខ្ញុំមិននឹកស្មានដល់ថា Ebola ដែលឆ្លងតាមរយៈផ្លូវដង្ហើម មានសមត្ថភាពបំផ្លាញពិភពលោកបែបនេះ ពោលគឺវាខ្លាំងជាង HIV ទៅទៀត”។

កាលពីប្រហែលជា ២ខែមុន CDC បានវាយតម្លៃថា មេរោគ Ebola មានសមត្ថភាពឆ្លងទៅកាន់មនុស្សផ្សេង ដែលស្ថិតក្នុងចម្ងាយ ០,៩ម៉ែត្រ ឬស្ថិតនៅក្នុងបន្ទប់តែមួយ។

ប៉ុន្ដែ ក្នុងកិច្ចសម្ភាសមួយ ជាមួយ BBC កាលពី ២ឆ្នាំមុន បណ្ឌិត Gary Kobinger មកពីមន្ទីរពិសោធអំពីវីរូសជាតិ នៃប្រទេសកាណាដា ជឿថា Ebola បានរាលដាល តាមរយៈចំហាយទឹកប្រភេទគ្រាប់ធំៗ ដែលមាននៅក្នុងបរិយាកាស ប៉ុន្ដែ វាមិនអាចមានជីវិតយូរបាន ដូច្នេះ វាក៏មិនអាចបំលាសទីទៅឆ្ងាយ។

យ៉ាងនេះក្ដី បណ្ដាគ្រាប់ទឹកដែលមានផ្ទុក Ebola អាចនឹងត្រូវបានមនុស្សដកដង្ហើមចូលទៅក្នុងសួត ហើយចាប់ផ្ដើមឆ្លងរាលដាល។ ក្រុមអ្នកវិទ្យាសាស្ដ្រ រកបានភ័ស្ដុតាងបង្ហាញអំពីការឆ្លងដ៏គ្រោះថ្នាក់ ទៅតាមវិធីខាងលើនេះ ដោយបានធ្វើការពិសោធទៅលើស្វា។

/

ការ​ក្អក​របស់​អ្នក​ជម្ងឺ Ebola ធ្វើ​ឱ្យ​មេរោគ​នេះ ហោះ​អណ្ដែត​ក្នុង​បរិយាកាស ហើយអ្នក​នៅ​ក្បែរ ដែល​​មិនបាន​​ពាក់ម៉ាស​ត្រឹម​ត្រូវ​ ក៏​អាច​នឹង​ឆ្លង​មេរោគ​នេះ

វីរូស Ebola ដែលកំពុងរាតត្បាតនៅអាហ្វ្រិកខាងលិច មិនមែនជា Ebola Azire នោះទេ ប៉ុន្ដែ វាជាមេរោគប្រភេទថ្មី។ CDC ឱ្យដឹងថា អំពីតំណពូជ គឺ Ebola ថ្មីនេះ ដូចទៅនឹងជម្ងឺ Ebola Zaire ប្រហែល ៩៧%។ នេះគឺជាមូលហេតុមួយដែលនាំឱ្យបណ្ឌិត Gil Mobley ជំនាញខាងរោគឆ្លងនៅអាមេរិក អះអាងថា CDC កំពុងតែ លាក់បាំងនូវកម្រិតគ្រោះថ្នាក់របស់ Ebola ចំពោះប្រជាជនអាមេរិក។

ក៏ប៉ុន្ដែ នៅក្នុងខ្សែភាពយន្ដឯកសារមួយ បានបង្ហើបឱ្យថា CDC កំពុងតែព្រួយបារម្ភអំពីសមត្ថភាពនៃការឆ្លងរាលដាលរបស់ Ebola តាមរយៈខ្យល់អាកាស។ ក្រុមបុគ្គលិកអាកាសចរណ៍ ត្រូវបានស្នើឱ្យផ្គល់របាំងមុខវិជ្ជសាស្ដ្រ (ម៉ាស) ទៅឱ្យបណ្ដាជនដែលត្រូវគេសង្ស័យថា មានផ្ទុកមេរោគ Ebola ដើម្បីកាត់បន្ថយបរិមាណនៃគ្រាប់ទឹកមាត់ ហោះទៅក្នុងបរិយាកាស ដែលចេញពីការនិយាយ ក្អក ឬកណ្ដាស់។

អ្នកជំនាញការជាច្រើនផ្សេងទៀត ក៏កំពុងតែសង្ស័យអំពីសមត្ថភាពនៃការឆ្លងរបស់ជម្ងឺនេះ ហើយលើកឡើងថា “គិលានុបដ្ឋាយិកាជនជាតិអេស្ប៉ាញ ក្លាយជាមនុស្សដំបូងលើពិភពលោក ដែលឆ្លងជម្ងឺ Ebola នៅខាងក្រៅទ្វីបអាហ្វ្រិក ដោយវិធីណា?”។ គណកម្មការអឺរ៉ុប បានស្នើឱ្យអេស្ប៉ាញ បកស្រាយអំពីវិធីដែលគិលានុបដ្ឋាយិការូបនេះ ថែទាំអ្នកជម្ងឺ Ebola ប្រសិនមេរោគនេះ មិនឆ្លងតាមបរិយាកាស។

/

រយៈ​ចម្ងាយ​ដែល​មេរោគ​នានា អាច​ឆ្លង​តាម​ខ្យល់​អាកាស

ក្រុមអ្នកជំនាញការ ក៏ចង់ដឹងអំពីបញ្ហាដែលថា អ្នកថតវីដេអូ មកពី NBC ត្រូវឆ្លងរោគនេះដោយរបៀបណា ព្រោះថា គាត់តែងតែពាក់សម្លាក់បំពាក់ការពារខ្លួនតាំងពីក្បាលដល់ចុងជើង។ ការឆ្លើយទៅនឹងសំនួរទាំងនេះ គឺជាប្រការដ៏ចាំបាច់បំផុត នៅពេលស្ថានភាពកាន់តែអាក្រក់ទៅៗ ហើយអាមេរិក និងបណ្ដាប្រទេសក្នុងពិភពលោក ក៏មិនប្រាកដថា នឹងរួចផុតពីការផ្ទុះឡើងនៃជម្ងឺ Ebola ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ metabunk/thehill