ជនរងគ្រោះនៃជម្ងឺ Ebola ម្នាក់ ដែលត្រូវបានគេជឿថា បានសបាត់បង់ជីវិត បន្ទាប់ពីចំណាយពេលដេកចាំស្លាប់នៅក្បែរផ្លូវជាច្រើនថ្ងៃ ដោយសារតែមន្ទីរពេទ្យមិនព្រមជួយព្យាបាល បានរស់ឡើងវិញ នៅពេលមានមនុស្សមួយក្រុម យកនាំសាកសពទៅកប់។

ហេតុការណ៍ដ៏ចម្លែកនេះ បានកើតឡើងនៅរដ្ឋធានី Monrovia របស់ Liberia នេះបើតាមសេចក្ដីរាយការណ៍របស់ ABC News កាលពីថ្ងៃទី ៣តុលា។ ជនរងគ្រោះនេះ មានអាយុ ៣៧ឆ្នាំ ប៉ុន្ដែ អត្តសញ្ញាណរបស់ជននេះ មិនត្រូវបានគេបង្ហើបឱ្យដឹងនោះទេ។ បុរសនេះបានមកដេកនៅក្បែរដងផ្លូវ ហើយក្រុមអ្នកជួយសង្គ្រោះ ដែលបានមកដល់កន្លែង ក៏បានត្រឹមតែគ្រវីក្បាល ហើយដើរចេញទៅបាត់។
ចុងក្រោយ គាត់ក៏លែងធ្វើចលនាអ្វីទាំងអស់ ពេលនោះ ក្រុមបុគ្គលិកផ្នែកបូជាសព ត្រូវបានគេហៅមកកាន់កន្លែងកើតហេតុ។

ប៉ុន្ដែ នៅពេលក្រុមបុគ្គលិក កំពុងតែត្រៀមដើម្បីនាំសាកសពបុរសនេះទៅបូជា គេមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែឃើញថា ជនរងគ្រោះកំពុងប្រឹងកម្រើកដៃ។ ក្រោយពីបានដឹងថា បុរសម្នាក់នេះ នៅមានជីវិត ហ្វូងមនុស្សនៅតាមដងផ្លូវក្បែរកន្លែងកើតហេតុ ក៏នាំគ្នាអបអរ ហើយក៏សម្រេចចិត្តបញ្ជូនបុរសនេះ ទៅព្យាបាលនៅមន្ទីរពេទ្យ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង ចំពេលដែល អ្នកថតវីដេអូជនជាតិអាមេរិកម្នាក់ ត្រូវបានគេរកឃើញថា មានមេរោគ Ebola ហើយត្រូវបានយន្ដហោះដឹកទៅកាន់អាមេរិក ដើម្បីព្យាបាល។ ក្នុងពេលទន្ទឹមគ្នានោះដែរ ជនរងគ្រោះដែលបានឆ្លងជម្ងឺ Ebola ដំបូង នៅអាមេរិក (បុរសជនជាតិ Liberia មានឈ្មោះថា Thomas Eric Duncan ដែលត្រូវបានពិនិត្យឃើញថា បានឆ្លងជម្ងឺ Ebola នៅឯក្រុង Dallas រដ្ឋ Texas) កំពុងតែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។
ថ្វីបើបានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ដោយឱសថថ្មី ប៉ុន្ដែ Thomas Eric Duncan នៅតែមិនបានរួចផុតពីការស្លាប់។ លោក Thomas Eric Duncan បានដាច់ខ្យល់ស្លាប់ កាលពីថ្ងៃទី ៨តុលា នៅអាមេរិក។

Thomas Eric Duncan បានបាត់បង់ជីវិត ក្រោយពីទទួលការព្យាបាលដោយឱសថសាកល្បងថ្មី នៅអាមេរិក
បច្ចុប្បន្ន មនុស្សជាង ៣.៨៦៥ នាក់ ភាគច្រើនគឺជនជាតិ Liberia, Sierra Leone និង Guinea បានបាត់បង់ជីវិត ដោយសារជម្ងឺ Ebola ហើយករណីឆ្លងជម្ងឺនេះ បានកើនឡើងយ៉ាងឆាប់រហ័ស គួរឱ្យភ័យខ្លាច៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ ABC News/Youtube