ជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញមួយរបស់ប្រទេសវៀតណាម ដាឡាត (Đà Lạt) តែងតែជាចំណុចកណ្ដាលនៃការចាប់អារម្មណ៍របស់អ្នកទេសចរណ៍នៅក្នុងតំបន់ ក៏ដូចជានៅជុំវិញពិភពលោក ដោយសារតែនៅទីនេះ សម្បូរទៅដោយទេសភាពធម្មជាតិ ព្រៃភ្នំ ជ្រោះជ្រលងដងអូ និងមានអាកាសធាតុត្រជាក់ គួរចាប់ចិត្ត។
មកដល់ ដាឡាត អ្នកអាចទស្សនាជ្រោះដ៏សែនជ្រៅ មានទឹកហូរលាន់ឮពេញព្រៃ អ្នកនឹងអាចគយគន់ព្រះអាទិត្យលិចប្រកបដោយភាពត្រជាក់ភ្នែក។ អ្នកនឹងទទួលបានអារម្មណ៍ថា ហាក់ដូចជា បានហោះហើរនៅលើព្រៃស្រល់ក្នុងធាតុអាកាសត្រជាក់ ជាមួយនឹងពពកនៅក្រោមជើងរបស់អ្នក។
ដាឡាត ធ្លាប់ត្រូវបានគេហៅថា ជា រាជាណាចក្រផ្កា ,ទីក្រុងនៃសុបិន, ទីក្រុងក្នុងព្រៃជាដើមដោយសារតែវាសម្បូរទៅដោយផ្កាច្រើនប្រភេទ គ្រប់ទីកន្លែង មានទេសភាពល្អៗត្រជាក់ភ្នែកប្រកបដោយធម្មជាតិ។
ដោយមានកំពស់ជិត ១,៥០០ម៉ែត្រ ទីក្រុង ដាឡាត ពោរពេញទៅដោយពពក អ័ព្ទ នៅជុំជិតជ្រលងភ្នំ ប្រៀបដូចកំពុងអណ្ដែតលើវេហា។ តំបន់ទេសចរណ៍ល្បីៗក្នុងក្រុង ដាឡាត មានដូចជា ជ្រលងស្នេហា(Thung Lung Tinh Yeu), បឹងជ្រោះមាស(Ho Suoi Vang),ជ្រោះដំរី(Thac Voi), បឹងត្អូញត្អែរ(Ho Than Tho), ភ្នំសុបិន(Doi Mong Mo)។ល។ ទាំងនេះនឹងធ្វើឱ្យអ្នកមិនចង់ត្រឡប់មកផ្ទះវិញ នៅពេលបានឈានជើងដល់ ដាឡាត៕





ដោយ ៖ សីហាប្រភព ៖ LD