7ឆ្នាំអៀវកូនស្រីទៅសាលារៀន គឺរឿងពិតមួយស្តីពីព្រហ្មវិហារធម៌របស់បុរសជាឪពុកលោក Nguyen Tuan Nghia និងកូនស្រី Nguyen Phuong Linh ពិតជាបានធ្វើអោយមនុស្សជាច្រើននាក់រំជួលចិត្តយ៉ាងខ្លាំងជាមួយគ្រួសារមួយនេះ។
ក្នុងពេលប្រលងបញ្ចប់ថ្នាក់វិទ្យាល័យដែលទើបកន្លងផុតទៅនេះ រូបភាពឪពុកអៀវកូនស្រីទៅប្រលងនៅសាលាមួយ ឯទីក្រុងហាណូយប្រទេសវៀតណាម បានធ្វើឲ្យរំជួលចិត្តយ៉ាងខ្លាំងដល់មនុស្សរាប់ពាន់នាក់ក្នុងពិភពអ៊ីនធឺណេត។ កូនស្រីក្នុងរូបភាពនេះមានឈ្មោះថា Nguyen Phuong Linh កើតឆ្នាំ1993, បច្ចុប្បន្នជានិស្សិតត្រៀមផ្នែកច្បាប់។ ចំណែកឪពុកមានឈ្មោះថា Nguyen Tuan Nghia, សព្វថ្ងៃជាជំនួយការក្នុងរថយន្តក្រុង។
រូបភាពដែលបានធ្វើឲ្យរំជួលចិត្តដល់មនុស្សរាប់ពាន់នាក់
ចាប់ពីពេលដែល Linh ចូលរៀនអនុវិទ្យាល័យមក ក៏ដូចជាទៅរៀនថែមនៅខាងក្រៅ ឪពុករបស់នាងបានអៀវនាងទៅរៀនរហូត ព្រោះតែថ្នាក់រៀនភាគច្រើននៅជាន់ទី3 និងទី4 មិនមែននៅជាន់ក្រោមដូចកាលនៅរៀនថ្នាក់បឋម ដែលការអៀវកូនស្រីនេះ អូសបន្លាយអស់រយះពេល 7ឆ្នាំមកហើយ។
បីកូនចូលបន្ទប់ប្រលង
Linh ពិការជើងដើរមិនរួចដូច្នេះ តាំងពីកំណើតមកម៉្លេះ។ ពេលដែលនាងកើតមកភ្លាមគ្រូពេទ្យបានប្រាប់ដំណឹងអាក្រក់ដល់ឪពុកនាងថា ជើងទាំងពីរទារិការម្នាក់នេះធំឡើងដើរមិនបានឡើយហើយគេអាចរស់បានរយះពេលប្រហែលជាបីខែប៉ុណ្ណោះ។ ប៉ុន្តែជាសំណាងល្អរបស់ពូ Nghiaដែលមច្ចុរាជមិនបានឆក់យកជីវិតកូនស្រីសម្លាញ់គាត់ ហើយបានរស់មកដល់សព្វថ្ងៃនេះ។ នៅពេលដែលត្រូវបានគេសួរថា តើពូ Nghia ធ្លាប់មានការនឿយហត់ទេក្នុងការដែលអៀវកូនស្រីទៅរៀនអស់រយះពេល 7ឆ្នាំមកនេះ? ពេលនោះគាត់បានឆ្លើយតបទាំងទឹកមុខញញឹមវិញថា អៀវកូនស្រីទៅសាលា ឡើងជណ្តើរបីបួនជាន់ ហាក់ដូចជាហាត់កីឡាអញ្ចឹង, អៀវកូនស្រីទៅរៀនគាត់មិនដែលមានអារម្មណ៍នឿយហត់ម្តងណាឡើយ។
ចំពោះ Linh វិញ រឿងអនាគតហាក់ដូចជានៅឆ្ងាយសំរាប់នាង ប៉ុន្តែនាងពិតជារឹងមាំ នាងបានកំនត់ក្នុងចិត្តថា ខ្លួនពិតជាមានជីវិតរស់នៅមួយយ៉ាងល្អៈ “មិនមានជើងទាំងគូរដើរដូចគេធម្មតាខ្ញុំសោកស្តាយតែមិនបានស្លៀកសំពត់តែប៉ុណ្ណោះ ចំពោះបញ្ហាផ្សេងទៀតខ្ញុំពិតជាមានជំនឿជឿជាក់ថា អាចធ្វើជាម្ចាស់នៃជីវិតរបស់ខ្លួនឯងបាន។
Linh តស៊ូរៀនសូត្រ មិនចុះចាញ់នឹងភាពពិការ
Linh បានរំឭករឿងកាលពីមុនខ្លះៗឲ្យដឹងថា ព្រោះតែឪពុករបស់ខ្លួនធ្វើជាអ្នកជំនួយការក្នុងរថយន្តក្រុង ដូច្នេះគាត់ត្រូវក្រោកទៅធ្វើការពីព្រលឹម។ ថ្ងៃមួយពេលគាត់ត្រលប់មកផ្ទះវិញយឺត គាត់បានប្រញាប់ប្រញាល់ធ្វើបាយម្ហូបសំរាប់ញ៉ាំ ព្រោះតែមិនមានមុខម្ហូបខ្ញុំចូលចិត្តខ្ញុំក៏មិនញ៉ាំបាយ។ ប៉ារបស់ខ្ញុំចេញទៅក្រៅដើម្បីទិញនំបុ័ងឲ្យខ្ញុំញ៉ាំ ប៉ុន្តែតាមផ្លូវទៅទិញនំបុ័ងនោះ គាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។
ពេលរងរបួសធ្ងន់យ៉ាងនេះហើយក៏គាត់នៅមិនភ្លេច ហៅទូរស័ព្ទទៅបងជីដូនមួយខ្ញុំឲ្យជួយទិញនំបុ័ងឲ្យខ្ញុំ មុនពេលដែលគាត់សន្លប់បាត់ស្មារតី។ ពេលបងជីដូនយកនំបុ័ងឲ្យខ្ញុំ ទើបខ្ញុំដឹងថាប៉ារបស់ខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍។ ចូលដល់មន្ទីរពេទ្យ ឃើញប៉ាស្ថិតនៅលើគ្រែជាមួយនឹងរបួសធ្ងន់ធ្ងរ ទឹកភ្នែកខ្ញុំក៏ស្រក់ចុះ។ស្រលាញ់ប៉ាម៉ាក់ ខ្ញុំបានយកចំនុចនេះធ្វើជាកំលាំងចិត្តតស៊ូក្នុងជីវិតរស់នៅសព្វថ្ងៃនេះ។ ខ្ញុំដឹងជីវិតនៅពេលខាងមុខ មិនមានអ្វីងាយស្រួលឡើយ ប៉ុន្តែដើម្បីប៉ាម៉ាក់ ខ្ញុំនឹងខំប្រឹងតស៊ូឲ្យអស់លទ្ធភាពដើម្បីឲ្យបានរស់ក្នុងជីវិតងាយស្រួលមួយ និងដើម្បីសងគុណការផ្តល់កំណើតឲ្យរបស់ប៉ាម៉ាក់ ក៏ដូចជាការបីបាច់ថែរក្សាតាំងពីតូចរហូតដល់ពេលនេះ”៕
ដោយ៖ សិលាប្រភព៖ k14