ថ្មីៗកន្លងទៅនេះ កាលពីខែមុន ប៉ូលីសកូរ៉េ បានបើកការស៊ើបអង្កេតមួយ ទៅតាមសំណើរនិងពាក្យបណ្តឹងរបស់ ផលិតកម្ម LOEN Entertainment ដែលជាផលិតកម្ម គ្រប់គ្រងតារាចំរៀងស្រីតូចច្រឡឹង IU ទាក់ទងទៅនឹង ពាក្យចចាមអារ៉ាមដែលថា IU នឹងរៀបការជាមួយនិង Eunhyukដែលជាសមាជិករបស់ក្រុម Super Junior ។ ប៉ូលីសបានស៊ើបអង្កេត និងឈានទៅដល់ការចាប់ខ្លួនបុរសម្នាក់ ដែលជាអ្នកនៅពីក្រោយរឿងនេះ កាលពីថ្ងៃទី ២៥ ខែកញ្ញា ២០១៣ ដែលខាងCamnews ក៏បានចុះផ្សាយផងដែរ ចាប់ខ្លួនបុរសម្នាក់ ដែលនៅពីក្រោយពាក្យចចាមអារ៉ាម Eun-hyuk (Super Junior) រៀបការជាមួយ IU ។
ថ្ងៃនេះបុរសម្នាក់នោះ ដែលខាងផលិតកម្មនិងប៉ូលីស សុំមិនបង្ហាញអត្តសញ្ញាណ ត្រូវបានកាត់ទោសដាក់ពិន័យ អោយជួយធ្វើការសង្គមរយៈពេល ២០០ ម៉ោង ដើម្បីលុបលាងទោសរបស់ខ្លួន ។ ជាមួយនិងភ័ស្តុតាង ជាច្រើនដែលមិនអាចប្រកែកបាន ជនជាប់ចោទគ្មានអ្វីតវាទេ ហើយក៏យល់ព្រមធ្វើការងារសង្គម រយៈពេល ២០០ ម៉ោងរហូតទាល់តែសម្រេចអស់ ។
គួរបញ្ជាក់ផងដែរថា ពាក្យចចាមអារ៉ាមមួយនេះ បានធ្វើអោយ IU និងផលិតកម្មរបស់នាង ឈឺក្បាលជាខ្លាំង ។ ដូចនេះហើយទើបសំរេចចិត្ត ដាក់ពាក្យបណ្តឹង ហើយក៏ចាប់បានបុរសនោះតាមរយៈ អាស័យដ្ឋានអ៊ីនធើណេតរបស់គេ (IP) ដើម្បីយកមកដាក់ទោស ប្រមាណអ្នកផ្សេងទៀត ៕
ដោយ ៖ លីលីប្រភព ៖ k14