បើតាមប្រភពសារព័ត៌មានដ៏ BBC ដែលបានចេញផ្សាយកាលពីម្សិលមិញនេះបានអោយដឹងឯតទគ្គកម្មពិភពលោកថ្មី ក្នុងការប្រគំលេងភ្លេងដោយប្រើហ្គីតា គឺត្រូវបានបំបែកបានដោយប្រទេសជប៉ុន។

គួរបញ្ជាក់ផងដែរថា ឯតទគ្គកម្មពិភពលោកថ្មីនេះ ត្រូវបានបំបែកបានដោយមានការប្រមូលផ្តុំទៅដោយអ្នកលេងហ្គីតាច្រើនជាង 2,000 នាក់នៅក្នុងទីក្រុងដ៏ធំទី 2 របស់ជប៉ុនគឺទីក្រុង Yokohama។បើយោងទៅតាមទីភ្នាក់ងារសារព័ត៌មាន AFP បានអោយដឹងថា ការប្រគំវង់ភ្លេងក្នុងគោលបំណងបំបែកឯតទគ្គកម្មពិភពលោកថ្មីនេះ ក៏ត្រូវបានពិនិត្យដោយផ្ទាល់ពីគណៈកម្មាធិការផ្លូវការមកពីស្ថាប័នឯតទគ្គកម្មពិភពលោក (Guinness World Records) ។
លើសពីនេះទៅទៀត បើតាមប្រភពសារព័ត៌មានដដែល ក៏បានបញ្ជាក់បន្ថែមផងដែរថា ៖ ដើម្បីបំបែកឯតទគ្គកម្មពិភពលោកថ្មីនេះបាន ពួកគេបានលើកយកបទដែលមានឈ្មោះថា Aloha Mahalo A Hui Ho ដែលជាស្នាដៃនិពន្ធរបស់អតីតកីឡាករ sumo ។

ពួកគេបានធ្វើវាទៅបាន ដោយមានការប្រមូលផ្តុំក្នុងការប្រគំតន្រ្តីដោយប្រើហ្គីតានោះ ក្នុងអំឡុងឧកាសបុណ្យប្រពៃណីរបស់ជប៉ុន Ukulele Picnic Week ។ គួររំឮកផងដែរថា ឯតទគ្គកម្មពិភពលោកដូចគ្នានេះពោលគឺការប្រមូលផ្តុំគ្នាអោយបានច្រើនក្នុងការប្រគំភ្លេងដោយប្រើហ្គីតា ត្រូវបានបំបែកបានកាលពីឆ្នាំកន្លងទៅ ក្នុងខែ សីហា នៅក្នុងប្រទេស Sweden ខណៈពេលដែលមានអ្នកចូលរួមប្រគំដល់ទៅ1,547 នាក់៕
ដោយ ៖ មង្គលប្រភព ៖ BBC