ភ្នំពេញៈ បន្ទាប់ពី លី ច័ន្ទសីហា បានបង្ហោះរូបថតរៀបការជាច្រើនសន្លឹក នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook របស់នាង ធ្វើឲ្យទស្សនិកជនជាច្រើន មានការយល់ច្រឡំ ថានាងសម្ងំរៀបការស្ងាត់ៗ ពេលនេះ លី ច័ន្ទសីហា បានចេញមុខទទួលស្គាល់ថា នាងពិតជាបានរៀបការពិតមែន កាលពីថ្ងៃទី១ ខែមិថុនា។

ថ្មីៗកន្លងទៅ តារាទឹកភ្នែកសម្បុរសស្រអែមសម្បូរសាច់ កញ្ញា លី ច័ន្ទសីហា បានធ្វើឲ្យ មហាជនដែលគាំទ្រនាងជាច្រើនមានការភ្ញាក់ផ្អើល ខណៈដែលនាងសម្ញែងរូបថត ក្នុងថ្ងៃរៀបការជាច្រើន នៅលើ Facebook ជាមួយអ្នកសិល្បៈ រួមអាជីពម្នាក់ដោយទស្សនិកជនមាន ការងឿងឆ្ងល់ថា ហេតុអីគ្រាន់តែរៀបការចាំបាច់ លាក់លៀមស្ងាត់ៗធ្វើអី ឬក៏ខ្លាចគេដឹង ហើយធ្វើឲ្យខ្លួនឯង ធ្លាក់ប្រជាប្រិយភាព។

ជួបជាមួយ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៣នេះថា តាមពិតរូបថតស្លៀករ៉ូបរៀបការជាមួយលោក ឃូល នោះ គឺនាងជានាងបង្ហោះ នៅលើFacebook ហើយនៅថ្ងៃទី១ខែមិថុនា គឺជាថ្ងៃរៀបមង្គលការរបស់ពួកនាង ទាំងពីរនាក់ ។ តែមិនមែនជាការពិតនោះទេ គ្រាន់តែជាឈុតឆាក ក្នុងការសម្តែងកាយវិការខារ៉ាអូខេ ប៉ុណ្ណោះ។

តារាសម្តែងតួកំសត់ចង្កាស្រួច វ័យជាង២០ឆ្នាំ លី ច័ន្ទសីហា បានប្រាប់ឲ្យដឹងថា នៅថ្ងៃនោះ ខ្ញុំបាន ទៅថតឈុតខា រ៉ាអូខេមួយ ឲ្យខាងផលិតកម្ម ថោន ក្នុងបទចម្រៀង “ស្រា៤កែវ” ស្របពេលក្នុងឈុតសម្តែងនោះ គេ តម្រូវឲ្យខ្ញុំរៀបការក្លាយជាកូនក្រមុំរបស់ លោក ឃូល ក្រោយពីតែងខ្លួនរួច ខ្ញុំក៏ថតរូបបង្ហោះ Facebook លេងមិនដឹងថា ធ្វើឲ្យទស្សនិកជន មានការយល់ច្រឡំបែបនេះទេ។

ជាមួយគ្នានេះដែរ កញ្ញា សីហា ក៏បានប្រាប់លាយឡំសំណើច បែបលាក់លៀមថា តាមពិតទៅពេលនេះ នាងក៏ចាប់ផ្តើម ចង់គិតពីរឿងរៀបការ មានគូស្រករ ក្នុងពេលឆាប់ដែរ ព្រោះនៅពេលដែលនាង ទៅចូលរួមពិធី មង្គលការរបស់មិត្តរួមអាជីព ឬក៏ភ្ញៀវកិត្តិយស របស់ហាងសំអាងការនាងម្តងៗ នាង ឃើញកូនក្រមុំ ស្ទើរតែគ្រប់រោងការ ហាក់ដូចជាមានសុភមង្គល និងក្លាយជាកូនក្រមុំ ស្រស់ស្អាត ពិតជាចង់មានថ្ងៃនោះឆាប់ៗដូចគេ ។

លី ច័ន្ទសីហា និយាយ តែខ្ញុំក៏មានការរារែងចិត្ត ដោយសារខ្ញុំខ្លាចថា នៅពេលដែលរៀបការរួច ខ្ញុំត្រូវឃ្លាតឆ្ងាយ ពីការងារសិល្បៈ ហើយជាពិសេស គឺគ្រួសារ ។ ធម្មតាទេ នៅពេលដែលមនុស្សស្រី រៀបការរួច ស្ទើរតែគ្រប់គ្នា ត្រូវតែមាន គម្លាតឃ្លាតឆ្ងាយពីគ្រួសារ មិនដូចពេលយើងនៅលីវទេ។

នាងបានប្រាប់ឲ្យដឹងបន្ថែមទៀតថា អ៊ីចឹងហើយបានជានាង ចេះតែពន្យាពេលពី១ឆ្នាំ ទៅ១ឆ្នាំ មិនទាន់ចង់គិត ដោយចង់ទុកពេលសម្រាប់ការងារ ឲ្យមានលំនឹង សម្រាប់គ្រួសារសិន ម្យ៉ាងពេលនេះការងារ ក៏កំពុងតែកាក់កបដែរ៕

Looking

Looking

Looking

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល