អន្តរជាតិ ៖ ពូជស្វា Gorilla ដែលបានកើតនៅក្នុងសួនសត្វមួយ ក្នុងក្រុង Colombus រដ្ឋ Ohioសហរដ្ឋអាមេរិក បានប្រារព្ធកម្មវិធីខួបកំណើតរបស់ខ្លួន ខណៈពេលដែលវាមានអាយុចាស់ជាងគេបំផុត ពោលគឺ វាមានអាយុដល់ទៅ ៥៦ ឆ្នាំឯណោះ នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា ពូជស្វា Gorilla ដែលមានវ័យចំណាស់ជាងគេមួយក្បាលនេះ មានឈ្មោះថា Colo បានចាប់កំណើតតាំងពីឆ្នាំ ១៩៥៦ មកម្ល៉េះ ។ លើសពីនេះទៅទៀត របាយការណ៍ដដែលបន្ថែមអោយដឹងផងដែរថា ក្នុងអំឡុងនៃការប្រារព្ធកម្មវិធីខួបកំណើត គំរប់ ៥៦ ឆ្នាំរបស់ Colo នោះ គេឃើញមានអ្នកទេសចរភាគច្រើនបានយកកាដូទៅអោយវា ដែលនៅក្នុងនោះក៏រួមមានផ្លែប៉េងប៉ោះផងដែរ ដែលវាជាចំណង់ចំណូលចិត្តរបស់ Colo ។
គួររំឭកផងដែរថា ពូជស្វា Gorilla ក៏ត្រូវបានចាត់ចូលទៅក្នុងបញ្ជីសហភាពអន្តរជាតិក្នុងការការពារក៏ដូចជាអភិរក្សសត្វព្រៃ និងធនធានធម្មជាតិ ស្របពេលដែលវាក៏ត្រូវបានរិះគន់ផងដែរថាជាពូជសត្វដែលងាយបង្កគ្រោះថ្នាក់។

មិនត្រឹមតែប៉ុណ្ណោះ បើយើងងាកក្រឡេកទៅមើលពូជស្វា Gorilla ដែលមាននៅក្នុងព្រៃវិញ គេឃើញមាននៅក្នុងបណ្តាប្រទេសមួយចំនួន ដែលនៅក្នុងនោះ រួមមានដូចជា ៖ ប្រទេសអង់ហ្គូឡា ប្រទេសកាមេរូន សាធារណរដ្ឋអាហ្រ្វិកកណ្តាល កង់ហ្គោ ប្រទេសអេក្វាទ័រហ្គីនី ប្រទេសហ្កាបុងនិងប្រទេសនីហ្សេរីយ៉ា៕
ដោយ ៖ ពិសីប្រភព ៖ ស្កាយ