ភ្នំពេញៈ កំពូលតារាចម្រៀងល្បីឈ្មោះ សម្បូរប្រជាប្រិយភាព ប្រចាំផលិតកម្មរស្មីហង្សមាសកញ្ញា ឱក សុគន្ធកញ្ញា និង កញ្ញា ពេជ្រ សោភា កាលពីយប់មិញ ថ្ងៃទី២៧ ខែសីហានេះ តារាចម្រៀងទាំងពីរដួងនេះ បានដឹកដៃគ្នាធ្វើដំណើរឡើងយន្តហោះ បោះពួយទៅសម្តែងនៅ អាមេរិក ចោលអ្នកគាំទ្រក្នុងស្រុក ។
នេះជាលើកទី១ហើយ សម្រាប់តារាចម្រៀងពីរដួង គឺកញ្ញា ឱក សុគន្ធកញ្ញា តារាស្រីចាស់វស្សា ពេជ្រ សោភា ដែលជាតារាជើងខ្លាំង ប្រចាំផលិតកម្ម បានធ្វើដំណើរទៅសម្តែង រួមគ្នានៅលើទឹកដី សហរដ្ឋអាមេរិក ក្នុងទីក្រុង LongBeach ។ ជាមួយគ្នានោះដែរ តារាស្រីដ៏មានប្រជាប្រិយភាព លើទីផ្សារទាំងពីររូបនេះ ក៏បានត្រៀមយ៉ាងល្អជាមួយនឹង បទចម្រៀងល្បីៗជាច្រើន ដើម្បីយកទៅបំរើអារម្មណ៍ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រទាំងអស់ ជាពិសេសបងប្អូនខ្មែរ រស់នៅអាមេរិកតែម្តង។
កាលពីយប់មិញគេសង្កេតឃើញ ក្រុមអ្នកគាំទ្រតារាចម្រៀងល្បី ឈ្មោះទាំងពីរនេះបានលេចវត្តមាន ទៅរង់ចាំជូនដំណើរតារាក្នុងដួងចិត្ត របស់ពួកគេនៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ និងមានការថតរូបជា អនុស្សាវរីយប្រកបដោយស្នាមញញឹម បង្កប់ដោយការនឹករលឹកគ្នារបស់ Fan មិនតែប៉ុណ្ណោះនៅមុនពេលឡើងយន្តហោះបោះពួយ ទៅសម្តែងនៅក្រៅប្រទេសនោះដែរ ក៏មានអ្នកគាំទ្រមួយចំនួនក៏បានអោបថើប ហាក់មិនចង់ឃ្លាតឆ្ងាយ ពីតារាចម្រៀងក្នុងដួងចិត្ត របស់គេទាល់តែសោះ ។
នៅក្នុងដំណើរចេញទៅសម្តែង នៅលើទឹកដីសម្បូរដុល្លារនេះ ក៏មានវត្តមានតារាចម្រៀងស្រីមួយដួង ទៀតមានឈ្មោះថា ហៀង ម៉ូលីណា បើតាមគម្រោងក្នុងការឡើង សម្តែងនៅលើទឹកនោះគឺ ចាប់ផ្តើមឡើងនៅថ្ងៃថ្ងៃសុក្រ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១៣ នៅ Dragon House ក្នុងទីក្រុង Long Beach រដ្ឋ California ហើយការប្រគំតន្ត្រីដ៏ធំនេះ រៀបចំឡើងដោយ DARASHOWTIME៕
ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!





ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល