ភ្នំពេញៈ ថ្មីៗនេះតារាសម្តែង និងជាពិធីការិនី រាងខ្ពស់ស្រឡះច្រមុះស្រួច ឈិត សុជាតា បានបង្ហាញពីភាពក្រៀមក្រំ ដោយសារតែមនុស្សម្នាក់ នាងខំបោះបង់ចោល នូវអ្វីគ្រប់បែបយ៉ាង សូម្បីតែមិត្តភក្តិជាទីស្រលាញ់ ក៏នាងត្រូវបង្ខំចិត្តបោះបង់ ដើម្បីផ្គាប់ចិត្តមនុស្ស ជាទីស្រលាញ់ដែរ។
ការលើកឡើងពីសំដីរបស់ ពិធីការិនីរូបស្រស់សោភា ឈិត សុជាតា បែបនេះ គឺនៅពេលដែល នាងបានរំលេច ពាក្យសំដីទាំងអស់នេះ នៅលើបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសបុកជាភាសាខ្មែរដែល មានន័យថា ដើម្បីមនុស្សម្នាក់ត្រូវ បាត់បង់សេរីភាព ក្នុងការរាប់អានមិត្ត អស់រយៈពេលជាយូរ.....ថ្ងៃនេះខ្ញុំបានបពា្ចប់អ្វីគ្រប់យ៉ាង ហើយខ្ញុំពិតជាមិនអាច ទ្រាំតទៅទៀតបានទេ....។
ការលើកឡើងរបស់តារាស្រី ឈិត សុជាតា បែបនេះ បានធ្វើឲ្យអ្នកតាមដានសិល្បៈ ក៏ដូចជា Friend របស់នាងនៅក្នុង Facebook ជាច្រើនមានការងឿងឆ្ងល់ និងលើកជាសំណួរថា តើហេតុអីបាន ជានាងនិយាយបែបនេះ ?ហើយបុរសម្នាក់នោះមានចំណុច សំខាន់ត្រង់ណាខ្លះ រហូតធ្វើឲ្យនាងសុខចិត្ត លះបង់គ្រប់យ៉ាងដើម្បីគេនោះ ?
ជាមួយគ្នានោះដែរ ក៏មានអ្នកខ្លះបញ្ចេញមតិគាំទ្រថា ការដែលនាងសុខចិត្ត សម្រេចចិត្តត្រឡប់មករកមិត្តភក្តិ និងមនុស្សនៅជុំវិញខ្លួននាង គឺជាជម្រើសល្អ ព្រោះថាប្រសិនបើនាង ជ្រើសរើសយកមនុស្សម្នាក់ ហើយសុខចិត្តផ្តាច់ ទំនាក់ទំនងជាមួយ អ្នកនៅជុំវិញខ្លួន ទៅថ្ងៃក្រោយនាងអាច ក្លាយទៅជាមនុស្សម្នាក់ ដែលឯកោក៏ថាបាន។
ពាក់ព័ន្ធទៅការលើកឡើង និងបញ្ចេញមតិពី មួយទៅមួយបែបនេះ គ្មានអ្នកណាម្នាក់បានដឹងថា ដើមហេតុពិតប្រាកដដែលនាង សរសេរពាក្យសំដីបែបនេះ ដោយសារតែមូលហេតុ អ្វីពិតប្រាកដនោះទេ ការបញ្ចេញមតិគ្រប់យ៉ាងគ្រាន់ តែជាការប៉ាន់ស្មាន ក្នុងអាថ៌កំបាំងមួយរបស់ ឈិត សុជាតា ប៉ុន្តែគេអាចសន្និដ្ឋានបានថា នាងពិតជាមានអ្នកពិសេស តាមឃាឃាំងឃុំគ្រងបេះដូងនាង និងមិនឲ្យនាងមានសេរីភាព ជាក់ជាមិនខាន៕




ផ្តល់សិទ្ធិដោយ៖ ដើមអំពិល