ប្រលោមលោករឿង សង្សារកូន ប្អូនធម៌ប៉ា (ភាគ ៥)

លោកប៉ាព្យាយាមនិយាយលួងលោមខ្ញុំ តែទោះយ៉ាងណាក៏ដោយ ក៏ខ្ញុំឈប់ស្តាប់ដែរ ខ្ញុំបានពន្យុះអោយពួកគេទាំងពីរនាក់រស់នៅជាមួយគ្នា   ព្រោះខ្ញុំមិនអាចទ្រាំមើលអ្វីដែលខ្ញុំបានឃើញនេះបន្តទៀតទេ។

ខ្ញុំរត់ចេញពីរូបភាពដែលមិនចង់ឃើញ រត់គេចពីមនុស្សដែលមិននឹកស្មានដល់រត់ទៅអោយឆ្ងាយពី ជីវិត    ដែលមានម្តាយ បោះបង់ចោលរត់ទៅតាមសាហាយ  មានឪពុកស្រឡាញ់ភេទដូចគ្នា  មានសង្សារជាអាវុធមុខពីរ តើនៅមានអ្វីសេសសល់សម្រាប់ជីវិតខ្ញុំទៀត ? តំណក់ទឹកភ្លៀងកំពុងតែហូរធ្លាក់ចុះមកលាងខួរក្បាលដ៏ច្របូកច្របល់របស់ខ្ញុំអោយក្លាយទៅជាមនុស្សថ្មីម្នាក់ទៀត  ប៉ុន្តែទោះបីជា យ៉ាងណាក៏ដោយ  ក៏ស្រមោលអតីតកាលមួយនេះ    នឹងតាមលងបន្លាចខ្ញុំដោយគ្មានថ្ងៃបំភ្លេចបានឡើយរហូតដល់ថ្ងៃស្លាប់។

width=498

ក្រោយពីទទួលរងនូវការឈឺចាប់ ​ ដែលកើតមកជាតិនេះ  មានជីវិតខុសគេខុសឯង ព្រោះមានម្តាយបោះបង់ចោល រត់ទៅតាមសាហាយមានឪពុកស្រឡាញ់ភេទដូចគ្នា  និង មានសង្សារជាអាវុធមុខពីរ ធ្វើអោយខ្ញុំមានអារម្មណ៍អស់សង្ឃឹមខ្លាំងណាស់ក្នុងជាតិនេះ បើបន្តជីវិតអោយរស់នៅទៀត ក៏វានៅតែឈឺចាប់    ហេតុនេះខ្ញុំក៏សំរេចចិត្តថា  មានតែបញ្ចប់ជីវិតខ្លួនដោយលោតពីលើស្ពានជ្រោយចង្វារ សម្លាប់ខ្លួនទេ ទើបអាចអោយខ្ញុំគេចផុតពីនរក នៃស្រមោលអតីតកាលមួយនេះ។

ប៉ុន្តែខ្ញុំក៏ដឹងខ្លួនឯងច្បាស់ដែរថា  វិធីបញ្ជប់ជីវិតខ្លួនឯងរបៀបនេះ  គឺមិនមែនជាដំណោះស្រាយនោះទេ   តែខ្ញុំក៏មិនមានផ្លូវជ្រើសរើសផ្សេងពីហ្នឹងទៀតដែរ ។   ខ្ញុំក៏ហៅម៉ូតូឌុបពូម្នាក់  ដើម្បីជិះទៅកាន់ស្ពានជ្រោយចង្វារ  ។  តាមផ្លូវ   ពូម៉ូតូឌុបរូបនោះបានសួរនាំខ្ញុំយ៉ាងច្រើន   តែខ្ញុំសម្បីតែមួយមាត់ក៏មិនឆ្លើយតបទៅគាត់វិញដែរ  គឺគិតតែយកដៃខ្ទប់មុខ    សម្រក់ទឹកភ្នែកតែប៉ុណ្ណោះ  ។  ទង្វើរបស់ខ្ញុំរបៀបនេះ   ពិតជាក្លាយជាចំនុចចម្ងល់របស់ពូម៉ូតូឌុបនោះប្រាកដណាស់  ។  បន្ទាប់ពីគាត់ជូនខ្ញុំមកដល់ស្ពានហើយខ្ញុំក៏ហុចលុយអោយទៅគាត់ រួចរត់ទៅកាន់បង្កាន់ដៃស្ពានយ៉ាងតក់ក្រហល់ ។

width=497

ដោយមើលពីចម្ងាយទៅឃើញខ្ញុំ  កំពុងតែឆ្លេឆ្លាចង់លោតទឹកសម្លាប់ខ្លួន   ពូម៉ូតូឌុបម្នាក់នោះ  បានដាក់ចន្ទល់ម៉ូតូ រួចបានរត់មកឃាត់ខ្ញុំទាំងអារម្មណ៍ភិតភ័យ ។  ខ្ញុំក៏បានគ្រវែងដៃគាត់ទៅអោយឆ្ងាយប៉ុន្តែ គាត់បានចាប់ខ្ញុំយ៉ាងណែនដៃ រួចអូសខ្ញុំអោយចេញពីបង្កាន់ដៃស្ពាន   រំពេចនោះ ខ្ញុំសម្តែងអារម្មណ៍ខឹងគាត់យ៉ាងខ្លាំង  មិនគួរណាគាត់បានព្យាយាមមកឃាត់ខ្ញុំ  មិនអោយស្លាប់យ៉ាងនេះសោះ តែគាត់បានព្យាយាមនឹងពន្យល់ណែនាំខ្ញុំ មិនអោយសម្លាប់ខ្លួន  នឹង     រៀបរាប់រឿងរ៉ាងទាំងអស់ប្រាប់គាត់  តើវាធ្ងន់ធ្ងរយ៉ាងណា ទើបបានជាខ្ញុំដល់ថ្នាក់គិតខ្លីដូច្នេះ ?

ខ្ញុំបាននិយាយរៀបរាប់ពីដំណើររឿងទាំងអស់ប្រាប់ដល់គាត់។ នៅពេលដែលគាត់បានស្តាប់ឮហើយគាត់បានដកដង្ហើមយ៉ាងធំហាក់ដូចជា  គាត់ពិបាកចិត្តជាងខ្ញុំទៅទៀត ។   មួយសន្ទុះក្រោយមកគាត់បាននិយាយរឿងរ៉ាវ របស់គាត់ប្រាប់មកខ្ញុំវិញម្តង    ដែលគាត់និយាយដោយទឹកមុខស្រងូតស្រងាត់ហាក់បង្កប់ដោយទុក្ខមួយយ៉ាងធំ ដែលមិនអាចដោះស្រាយបាន ។ គាត់បាននិយាយថា រឿងរបស់ខ្ញុំមិនខុសពីគាត់ប៉ុន្មានទេ   គ្រាន់តែថារឿងគាត់អាចនឹងធំជាងគាត់ទៅទៀត ។  ខ្ញុំស្តាប់ឮបែបនេះ​  ខ្ញុំបាត់អារម្មណ៍ចង់ស្លាប់រលីង នឹងបើកភ្នែកធំៗ ចាំស្តាប់រឿងគាត់បន្តទៀត ។    គាត់ឧនមុខចុះ   រួចនិយាយបន្តដោយសម្តីមួយៗ  មកកាន់ខ្ញុំថា  ជីវិតរបស់គាត់កើតមកជាអ្នករត់ឌុបនេះ  គឺវាយ៉ាប់ណាស់ទៅហើយ មិនគួរណាទេវតាអោយគាត់មានកូនដែលខុសគេខុសឯង  ​នឹង  មិនដោយគន្លងធម៌ដូច្នេះទៀតសោះ។ .............

ដើម្បីអោយជ្រាប កាន់តែច្បាស់ថាតើ ដំណើរដើមទងជីវិតកូនៗរបស់ពូម៉ូតូឌុបរូបនោះ  មានភាពល្វីងជូរចត់យ៉ាងណានោះ    សូមប្រិយមិត្តទស្សនិកជន  រង់ចាំតាមដានទស្សនានូវភាគបន្ត  ដែលនឹងត្រូវចេញផ្សាយភាគបន្ត នៅលើទំព័រសារព័ត៌មាន Camnews តែម្តង៕

រៀបរៀង ៖ ពិសីអ្នកនិពន្ធ ៖ អ៊ឹម វ៉ាន់ឌីទូរស័ព្ទ ៖ 012​621​305