ក្រោយពីការវិលត្រឡប់ដ៏គួរឱ្យភ្ញាក់ផ្អើល នៃកំណែ iPhone 5c 8GB សាធារណជន មានសំនួរថា តើនេះគឺជាការបោះជំហានត្រឹមត្រូវរបស់ Apple ?យោងទៅតាមការប្រៀបធៀបដ៏គួរឱ្យចាប់អារម្មណ៍មួយ អំពីទំហំពិតនៃអង្គចងចាំ រវាង iPhone 5c 8GB និង Galaxy S4 16GB គេអាចយល់បានថា ហេតុអ្វី Apple អនុញ្ញាតឱ្យ iPhone 5c 8GBមានជីវិតសាជាថ្មី។ និយាយដោយយុត្តិធម៌ ចំពោះទំហំ 16GB ស្មាតហ្វូន Samsung Galaxy S4 នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចផ្ទុកបានច្រើន នៅលើទូរស័ព្ទនេះផ្ទាល់។ ប៉ុន្ដែ បញ្ហានៅត្រង់ថា តើទំហំដែលនៅសល់ ក្នុង 16GB របស់ Galaxy S4 នោះ អ្នកប្រើប្រាស់ អាចប្រើបានប៉ុន្មាន?

ក្រោយការដែល iPhone 5c កាត់បន្ថយ ពី 16GB មកនៅត្រឹម 8GB និងនៅតែមានតម្លៃខ្ពស់គួរសម ត្រូវបានអ្នកជំនាញមួយចំនួន យល់ថា នឹងធ្វើឱ្យស្មាតហ្វូននេះ ជួបការលំបាក ពេលបញ្ចេញលក់ក្នុងទីផ្សារ។ មិនខុសនោះទេ នៅពេលគេចូលក្នុងហាងទូរស័ព្ទ គេប្រាកដជាពេញចិត្តនឹងស្មាតហ្វូនដែលមានអង្គចងចាំធំៗ ដែលអាចផ្ទុកទិន្នន័យ និងកម្មវិធីបានច្រើន។ ក៏ប៉ុន្ដែ ការមើលទៅលើតួលេខ គឺវាមិនគ្រប់គ្រាន់នោះទេ។

ការប្រៀបធៀបថ្មីៗនេះ រវាង iPhone 5c និង Galaxy S4 បានបង្ហាញអំពីលទ្ធផលគួរឱ្យភ្ញាក់ផ្អើល ៖ iPhone 5c “ចំណាយ” ត្រឹមតែ 3,7 GB សម្រាប់ iOS និងកម្មវិធីផ្សេងៗ ចំណែក Galaxy S4 ត្រូវអស់ 8,56 GB សម្រាប់ផ្ទុកកម្មវិធី និងប្រព័ន្ធដំណើរការដូចគ្នានេះ។ តួលេខខាងលើ ឱ្យដឹងថា ទំហំអង្គចងចាំពិត ដែលនៅសល់ របស់ iPhone 5c មានលក្ខណៈល្អប្រសើរ ជាងស្មាតហ្វូនលំដាប់ដូចគ្នា ជាក់ស្ដែងគឺ Galaxy S4 ។ ចូរស្រមៃគិតថា នៅពេលអ្នកទិញស្មាតហ្វូនមួយគ្រឿង ដែលមានអង្គចងចាំ 16GB ប៉ុន្ដែបែរជាអាចប្រើបានត្រឹមតែពាក់កណ្ដាល តើអ្នកនឹងយល់យ៉ាងណា?

ដូចទៅនឹងករណីនេះដែរ អ្នកក៏ប្រហែលជាធ្លាប់បានទិញ និងប្រើប្រាស់កាមេរ៉ាដែលមានកម្រិត 14 megapixel ប៉ុន្ដែ បែរជាថតរូបមិនបានច្បាស់ ដូចកាមេរ៉ាដទៃ ដែលមានត្រឹមតែ 10 megapixel ទៅវិញ នេះហើយជាបញ្ហា៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ RedmondPie