នគរបាលអូទ្រីសប្រកាសថា ពួកគេបានប្រទះឃើញសាកសពលោក Shukri Ghanem អតីតរដ្ឋមន្ដ្រីក្រសួងប្រេងរបស់លីប៊ីនៅក្នុងរបបហ្គាដាហ្វ៊ី អណ្ដែតតាមទន្លេនៅអ៊ឺរ៉ុប។

អ្នកនាំពាក្យរបស់នគរបាលនៃក្រុង Vienna ប្រទេសអូទ្រីស បានថ្លែងថា ប្រជាជនម្នាក់បានប្រទះឃើញសាកសពរបស់លោក Ghanem អតីតរដ្ឋមន្ដ្រីក្រសួងប្រេងរបស់លីប៊ីនៅក្នុងរបបហ្គាដាហ្វ៊ី អណ្ដែតក្រោមស្ពានតាមដងទន្លេ Danube ដែលហូរកាត់ក្រុង Vienna ។ សាកសពនេះមិនមានលិខិតស្នាមអ្វីជាប់តាមខ្លួននោះទេ លើកលែងតែក្រដាសមួយដែលមានឈ្មោះក្រុមហ៊ុនដែលលោកធ្វើការ។ ក្រុមនគរបាលមិនបានរកឃើញថាមានស្លាកស្នាមណាមួយដែលបង្ហាញថាលោកត្រូវបានសម្លាប់នោះដែរ។
BBC ដកស្រង់សំដីរបស់លោក Roman Hahslinger អ្នកនាំពាក្យរបស់ក្រុង Vienna ប្រាប់អោយដឹងថា ៖ យើងពុំឃើញមានស្លាកស្នាមណាមួយបង្ហាញថា លោក Ghanem ត្រូវបានគេច្រានទៅក្នុងទន្លេនោះទេ។ នេះប្រហែលជាគាត់មានកម្លាំងខ្សោយ និងដួលទៅក្នុងទឹក។
Ghanem អាយុ ៦៩ឆ្នាំ ជាទីប្រឹក្សាអោយក្រុមហ៊ុនមួយដែលមានទីតាំងនៅក្រុង Vienna រួមជាមួយនឹងក្រុមគ្រួសាររបស់គាត់រស់នៅទីនេះផងដែរ។ តាមការសន្និដ្ឋានរបស់ក្រុមនគរបាល លោក Ghanem អាចនឹងបានចាកចេញពីផ្ទះនៅ Vienna នាពេលព្រឹកថ្ងៃទី ២២ មេសា។
គួររំឮកថា នៅក្នុងរបបហ្គាដាហ្វ៊ី លោក Ghanem ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ដ្រីចាប់ពីឆ្នាំ ២០០៣ ដល់ ២០០៦។ ក្រោយមក ក៏បានធ្វើជារដ្ឋមន្ដ្រីក្រសួងប្រេងរហូតដល់គាត់រត់ចេញពីប្រទេសនៅឆ្នាំ ២០១១។ លោក Ghanem បានរត់គេចខ្លួនទៅកាន់អ៊ឺរ៉ុបបន្ទាប់ពីបាតុកម្មប្រឆាំងនឹងលោកហ្គាដាហ្វ៊ីបានក្លាយជាសង្គ្រាមស៊ីវិល។
ប្រភពព័ត៌មានបាននិយាយថា សាកសពរបស់លោក Ghanem នឹងត្រូវបានគេធ្វើកោសល្យវិច្ច័យនៅប៉ុន្មានថ្ងៃខាងមុខ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ VE