រាជធានីភ្នំពេញ​ ៖ កុមារី​បុស្បា​ ប៉ាន់​កំពុង​មមា​ញឹក​ក្នុង​ការ​ហ្វឹក​ហាត់​ច្រៀង​ត្រៀម​ចេញ​ទៅ​សំដែង​ក្នុង​ព្រឹត្តិ​ការណ៍​តន្ត្រី​ដ៏​ធំ ​មួយ​នៅ​មុខ​ប្រសាទ​បា​យ័ន​ ខេត្ត​សៀម​រាប​ នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។ លោក​ប៉ាន់ ហ៊ាង ​ជា​ឪពុក​​ និង​ជា​អ្នក​ដឹក​នាំ​​វង់​ភ្លេង​​ឱ្យ​ដឹង​ថា ​ការ​ហ្វឹក​ហាត់​សំដែង​ និង​ច្រៀង​របស់​បុស្បា​ ប៉ាន់​នា​ពេល​នេះ​​គឺ​ដើម្បី​ត្រៀម​លក្ខណៈ​ទៅ​សំដែង​នៅ​ក្នុង​កម្ម​វិធី​ដ៏​ធំ​មួយ​ដែល​មាន​ឈ្មោះ​ថា «ព្រះ​គុណ​គ្រូ» ។ ការ​ហាត់​សម​នា​ពេល​នេះ​ដើម្បី​ជា​ការ​ក្រើន​រំលឹក​ និង​បន្ថែម​ទេព​កោសល្យ​សមត្ថ​ភាព​របស់​បុស្បា ​ប៉ាន់​ដែល​មាន​ស្រាប់​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​សំដែង​របស់​នាង​កាន់​តែ​អស្ចារ្យ​ និង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​សាធា​រណ​ជន​ ពិសេស​ជន​បរទេស​ដែល​ដឹង​ថា ព្រឹត្តិ​ការណ៍​នៅ​មុខ​ប្រាសាទ​បាយ័ន​នា​ពេល​នោះ​គឺ​ពោរ​ពេញ​ទៅ​ដោយ​ភ្ញៀវ​ទេស​ចរ​។
លោក​បញ្ជាក់​ថា ការ​ហ្វឹក​ហាត់​នេះ​គឺ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​ដែល​ចាប់​ផ្តើម​តាំង​ពី​ខែ​កុម្ភៈ​មក​ម្ល៉េះ ដោយ​ហ្វឹក​ហាត់​ជា​ក្រុម​ផង និង​បុគ្គល​ផង​ ព្រោះ​សិល្ប​ករ​ដែល​ត្រូវ​ចូល​រួម​សំដែង​នា​ពេល​នោះ​ គឺ​មាន​រហូត​ដល់​១៧១​នាក់​ឯ​ណោះ​។ ការ​ចំណាយ​ក្នុង​ការ​រៀប​ចំ​ក​ម្ម​វិធី​ដ៏​ធំ​នេះ​ គឺ​មាន​ច្រើន​គួរ​សម​ដែរ​ ហើយ​លោក​សង្ឃឹម​ថា ចំណូល​ដែល​​បាន​មក​ពី​ការ​សំដែង​គឺ​ប្រាកដ​ជា​ច្រើន ។ ​ប្រាក់​ទាំង​នោះ​នឹង​យក​ទៅ​ជួយ​ដល់​សិល្បករ​ សិល្បការិនី​ដែល​ចូល​និវត្តន៍​ និង​បាត់​បង់​សមត្ថ​ភាព​​មិន​អាច​បន្ត​ការ​សំដែង​បាន​ និង​មាន​ជីវ​ភាព​ក្រ​លំបាក​។
លោក​ប៉ាន់ ហ៊ាង​ ​និយាយ​ថា សំរាប់​សំបុត្រ​ចូល​ទស្សនា​មហា​ព្រឹត្តិ​ការណ៍​ដ៏​ធំ​នា​ពេល​នោះ គឺ​តំលៃ​ចាប់​ពី​មួយ​ម៉ឺន​រៀល​ឡើងទៅ​​។ កម្ម​វិធី​នេះ​​​មាន​ការ​សហការ​ជាមួយ​ក្រសួង​ទេស​ចរណ៍ ​​អាជ្ញា​ធរ​អប្សរា ​អង្គ​ការ​យូ​ណេ​ស្កូ​ និង​បណ្តា​ទូរ​ទស្សន៍​មួយ​ចំនួន​ទៀត​នៅ​កម្ពុជា​។
ទេព​កោ​សល្យ​របស់​បុស្បា​ប៉ាន់​ មិន​គ្រាន់​តែ​ទទួល​ភាព​ល្បី​ល្បាញ​នៅ​ក្នុង​ប្រទេស​​ប៉ុណ្ណោះ​ទេ តែ​ល្បី​ល្បាញ​លើ​ឆាក​អន្តរ​ជាតិ​ថែម​ទៀត​។ នាង​អាច​ច្រៀង​បាន​៣​ភាសា គឺ​ភាសា​​ខ្មែរ​ អង់​គ្លេស​ និង​បារាំង ៕