ចិញ្ចៀននេះ អនុញ្ញាតឱ្យគូររូបប្រអប់សំបុត្រ ដើម្បីអានសារ ឬសរសេរសារ សរសេរបទភ្លេង ឬគូររូបកាមេរ៉ា ដើម្បីបើកកម្មវិធីថតរូប។យើងធ្លាប់បានដឹងអំពីប្រភេទចិញ្ចៀនឆ្លាតវៃ អាចប្រាប់ម៉ោង បញ្ជូនសញ្ញាព័ត៌មានថ្មីៗ ពីទូរស័ព្ទ ប៉ុន្ដែប្រភេទចិញ្ចៀនថ្មីចុងក្រោយនេះ មានលក្ខណៈពិសេស ដោយសារវាអនុញ្ញាត់ឱ្យអ្នកប្រើប្រាស់ បញ្ជាទៅលើឧបករណ៍ឆ្លាតវៃដែលខ្លួនចង់។

/

ចិញ្ចៀនដែលមានឈ្មោះថា Ring ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនបច្ចេកវិទ្យា Logbar (អាមេរិក) សម្រាប់ពាក់នៅលើម្រាមដៃចង្អុល។ Ring អាចដំណើរការឧបករណ៍ប្រើប្រាស់ឆ្លាតវៃក្នុងគ្រួសារ កម្មវិធីសបវែរ និងការទូទាត់វិក័យបត្រជាដើម ដោយគ្រាន់តែប្រើកាយវិការសាមញ្ញៗ។ ចិញ្ចៀនបច្ចេកវិទ្យានេះ ដំណើរការបានដោយថ្ម និងបំពាក់ដោយសេនសឺរចលនា សេនសឺរកាយវិញ្ញាណ Bluetooth ភ្លើង LED និងកម្មវិធីរំញ័រ។ដើម្បីដំណើរការ អ្នកប្រើប្រាស់ ត្រូវចុចទៅលើប៊ូតុងបើក នៅលើចិញ្ចៀន ដើម្បីជ្រើសរើសរបបទទួលសារប្រកាសពី Facebook តាមរយៈសញ្ញាញ័រ ឬលើតភ្លើង។ ចិញ្ចៀននេះ អាចភ្ជាប់ប្រព័ន្ធ​ Bluetooth ជាមួយឧបករណ៍ឆ្លាតវៃដទៃ រួមទាំងអំពូលភ្លើងឆ្លាតវៃ ឬទូរទស្សន៍ឆ្លាតវៃជាដើម។ ឧទាហរណ៍ អ្នកប្រើប្រាស់ អាចប្រើម្រាមដៃ ដើម្បីធ្វើសញ្ញា បិទ ឬបើកភ្លើង ឬប្ដូរប៉ុស្តិ៍ទូរទស្សន៍ ទៅតាមចិត្ត។ នៅពេលទូរទាត់វិក័យបត្រ ចិញ្ចៀននេះនឹងភ្ជាប់នឹងទៅកម្មវិធី iBeacon របស់ Apple ពេលនោះ វាប្រើប្រាស់ប្រព័ន្ធកំណត់ទិស GPS ដើម្បីបញ្ជាក់អំពីហាងដែលអ្នកប្រើប្រាស់កំពុងស្ថិតនៅ។បន្ទាប់មក វានឹងតាមដានខ្ទង់ប្រាក់ដែលអ្នកប្រើប្រាស់ សរសេរនៅក្នុងខ្យល់ ដើម្បីរាយការណ៍ដល់ iBeacon នូវចំនួនទឹកប្រាក់ដែលនឹងត្រូវកាត់យកពីគណនីធនាគារ។ ចុងក្រោយ អ្នកប្រើប្រាស់គ្រាន់តែរង់ចាំការបញ្ជាក់ត្រឡប់វិញ ជាការស្រេច។យោងតាមក្រុមអ្នកផលិត ចិញ្ចៀន Ring ដំណើរការដោយប្រព័ន្ធ iOS 7, Android 4.4 និងបណ្ដាឧបករណ៍ដែលប្រើប្រាស់ Windows Phone។ Ring ក៏អាចស្គាល់កាយវិការចំនួន ១០០០ប្រភេទ មុនពេលត្រូវប្ដូរថ្ម។

/

ចិញ្ចៀនរបស់​ក្រុម​ហ៊ុន Logbar (រូប ៖ designnews)

ក្រុមហ៊ុន Logbar កំពុងប្រមូលទុននៅលើទំព័រ Kickstarter.com ហើយតាមគម្រោង ផលិតផលនេះនឹងត្រូវបានដាក់លក់ក្នុងទីផ្សារ នៅក្នុងខែកក្កដាខាងមុខ ប៉ុន្ដែ អតិថិជនអាចបញ្ជាទិញជាមុន ក្នុងតម្លៃ ១៤៥ដុល្លារ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Designnews/Genk