Speed Pay PLC ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ GHL  ដែលដាក់ទុនវិនិយោគ ៥១ ភាគរយ កំពុងសហការជាដៃគូជាមួយក្រុមហ៊ុនយក្សទូទាត់ប្រាក់លើបណ្ដាញអ៊ីនធឺណិតចិនចំនួនពីរ គឺ Alipay និង WeChat Pay ដើម្បីប្រែក្លាយជាផ្នែកមួយនៃការទទួលប្រាក់ទូទាត់របស់ខ្លួន  ដែលចាប់ផ្ដើមដំណើរការ នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៩ នេះ ។

/

ក្នុងនាមជាដៃគូអាជីវកម្មឈានមុខជាមួយ Alipay និង WeChat Pay នៅក្នុងតំបន់អាស៊ាន បច្ចុប្បន្ន GHL Group កំពុងពង្រីកវិសាលភាពសេវាកម្មរបស់ខ្លួន ដើម្បីបម្រើជូនបណ្ដាពាណិជ្ជករ នៅក្នុងប្រទេសកម្ពុជា ។ មេគង្គណិត ដែលជាក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតដ៏ពេញនិយម នៅកម្ពុជា  នឹងក្លាយជាពណិជ្ជករដំបូងគេ ដែលទទួលផលផ្លែផ្កា ពីការអភិវឌ្ឍនេះ ។ មេគង្គណិត បានរួមសហការជាមួយ SpeedPay ដើម្បីពង្រីកមធ្យោបាយទទួលប្រាក់ទូទាត់របស់ខ្លួនឱ្យកាន់ប្រសើរឡើង ដែលផ្ដល់ឱ្យអតិថិជននូវមធ្យោបាយដ៏ឆ្លាតវៃក្នុងការបង់ប្រាក់ថ្លៃសេវាអ៊ីនធឺណិត ។

/

 វិធានការនេះ គឺដើម្បីឆ្លើយតបទៅនឹង ការហូរចូលយ៉ាងឆាប់រហ័សនូវវិនិយោគិន និងម្ចាស់អាជីវកម្មចិន មកកាន់ប្រទេសកម្ពុជា ព្រមជាមួយនឹងការកើនឡើងតម្រូវការដោយក្រុមពាណិជ្ជករទាំងនេះ ក្នុងការប្រើប្រាស់មធ្យោបាយទូទាត់ប្រាក់ងាយស្រួល និងស្ទាត់ជំនាញ ដែលពួកគេធ្លាប់ប្រើ នៅក្នុងប្រទេសរបស់ខ្លួន ។ ផ្អែកទៅលើរបាយការណ៍ថ្មីៗនេះ ដែលបានចុះផ្សាយ ដោយក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា បានគូសបញ្ជាក់ថា ជនបរទេសប្រមាណជា ៦០ % ដែលមករស់នៅ និងប្រកបអាជីវកម្ម នៅប្រទេសកម្ពុជា គឺជាជនជាតិចិន  ដែលធ្វើឱ្យចំនួនជនជាតិចិន ដែលរស់នៅក្នុងប្រទេសនេះ មានចំនូនជាង ២៥០,០០០ នាក់ ។

/

 Alipay បាននិងកំពុងបម្រើសេវាជូនប្រជាជនប្រមាណជាង ១,២ ពាន់លាននាក់ទូទាំងពិភពលោក រួមជាមួយនឹងដៃគូសេវា E-Wallet ប្រចាំតំបន់របស់ខ្លួន  និងជាមធ្យោបាយបង់ប្រាក់ដ៏ពេញនិយមរបស់អ្នកទេសចរណ៍ចិន ។  ការសិក្សារបស់ Nielsen ក្នុងឆ្នាំ ២០១៨ បានរកឃើញថា អ្នកទេសចរណ៍ចិនប្រមាណ ៩៩ ភាគរយ បានដំឡើង កម្មវិធី(App) Alipay នៅលើទូសព្ទរបស់ខ្លួន ។

 នាយកប្រតិបត្ដិរបស់ក្រុមហ៊ុន GHL Group លោក  Danny Leong មាននូវសុទិដ្ឋិនិយម និងបានមានប្រសាសន៍ថា៖” យើងមាននូវសេចក្ដីសោមនស្សរីយករាយ ក្នុងការធ្វើជាដៃគូទូទាត់ប្រាក់របស់ Alipay និង WeChat Pay នៅក្នុងប្រទេសកម្ពុជា។ ភាពជាដៃគូអាជីវកម្មនេះ នឹងផ្ដល់ការគាំទ្រដល់ពាណិជ្ជករកាន់តែច្រើនបន្ថែមទៀត  ជាពិសេសផ្ដល់មធ្យោបាយងាយស្រួល ដល់សហគ្រាសខ្នាតតូច និងមធ្យម ក្នុងការទទួលការបង់ប្រាក់ ដែលហូរចូលពីអ្នកប្រើប្រាស់ចិន និងតំបន់ដទៃទៀត នៅក្នុងសហគមន៍អាស៊ាន ដោយត្រួសត្រាយផ្លូវ ដើម្បីទទួលផលផ្លែផ្កាពីសក្ដានុពលពេញលេញនៃនិន្នាការទូទាត់ដោយមិនប្រើប្រាក់សុទ្ធ នៅក្នុងសហគមន៍អាស៊ាន ។

 GHL បានចាប់ផ្ដើមនាំយកមធ្យោបាយបង់ប្រាក់ E-Wallet របស់ចិនទាំងពីរនេះ មកបម្រើជូនដល់បណ្ដាពាណិជ្ជករ នៅក្នុងបណ្ដាប្រទេសសំខាន់ៗ នៅក្នុងសហគមអាស៊ានតាំងពីឆ្នាំ ២០១៦ ជាប្រទេស ដែលខ្លួនប្រតិបត្ដិការសេវាកម្មនេះ ហើយកម្ពុជា គឺជាប្រទេសចុងក្រោយបំផុត ដែលត្រូវបានផ្ដល់ជូនសេវាកម្មនេះឱ្យប្រើប្រាស់ ។ ក្រៅពីសេវាកម្ម E-Wallet ឆ្លងប្រទេសទាំងពីរនេះ GHL ទទួលបន្ទុកជាអ្នកទទួលការបង់ប្រាក់ដ៏ចម្បង សម្រាប់សេវាកម្ម E-Wallets ក្នុងស្រុកផ្សេងៗទៀត នៅប្រទេសម៉ាឡេស៊ី ថៃ ហើយប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ី នឹងចាប់ផ្ដើមប្រើសេវានេះ មុនចុងឆ្នាំ ២០១៩ ។

 ការផ្សារភ្ជាប់ Speed Pay PLC  ជាមួយនឹងភ្នាក់ងារហិរញ្ញវត្ថុចំនួន ៦៥០ ទូទាំងប្រទេស បូករួមនឹងការដាក់បញ្ចូលឱ្យប្រើប្រាស់នូវ Mobile App របស់ខ្លួននោះ នឹងជួយសម្រួលដល់ការទទួលការបង់ប្រាក់ថ្លៃសេវារបស់ពួកគេជំនួសមេគង្គណិត ។ វិធីនេះ នឹងអាចឱ្យអតិថិជនរបស់មេគង្គណិតបង់ថ្លៃសេវាអ៊ីនធឺណិត ជាមួយនឹងគណនី WeChat និង AliPay តាមរយៈហេដ្ឋារចនាសម្ព័ន្ធរបស់ Speed Pay ។ ដំណាក់កាលនៃការដាក់ជូនឱ្យប្រើប្រាស់សេវានេះ នឹងចាប់ផ្ដើមមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ០១ មករា ឆ្នាំ ២០២០ នេះតទៅ ។

 /

 អគ្គនាយិកា និងជានាយកប្រតិបត្ដិរបស់មេគង្គណិត អ្នកស្រី សុខ ចាន់ដា បានមានប្រសាសន៍ថា៖”សេវាកម្មរបស់យើង ត្រូវបានបង្កើតឡើងពីទំនុកចិត្ដ និងការជឿជាក់របស់អតិថិជនយើង និងការខិតខំពុះពារនៃក្រុមការងាររបស់យើង ។ យើងតែងបោះជំហានទៅមុខប្រកបដោយឆន្ទៈមុតមាំ ដើម្បីសម្រេចរាល់គម្រោងការណ៍ ដែលយើងព្រាងទុក ។ មេគង្គណិត បានប្រែក្លាយខ្លួនជាក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតដំបូងគេ នៅកម្ពុជា និងជាក្រុមហ៊ុនឈានមុខគេ ក្នុងចំណោមអាជីវកម្ម និងសហគ្រាសនានា ហើយបច្ចុប្បន្ន យើងកំពុងបោះជំហានយ៉ាងរឹងមាំឆ្ពោះទៅមុខម្ដងទៀត ដើម្បីក្លាយជាក្រុមហ៊ុនដំបូងគេ ដែលដាក់បញ្ចូលជាផ្លូវការ នៅក្នុងប្រព័ន្ធទូទាត់ប្រាក់ E-Wallet របស់ចិន ។ ភាពងាយស្រួលក្នុងការបង់ប្រាក់នេះ សម្រេចបានដោយសារកិច្ចសហប្រតិបត្ដិការ និងភាពជាដៃគូ ដែលយើងមានជាមួយ Speed Pay PLC “

 Speed Pay PLC ត្រូវបានស្ថាបនាឡើងដោយលោក Lim Sambath នៅក្នុងឆ្នាំ ២០១៧ និងត្រូវបានផ្ដល់អាជ្ញាប័ណ្ណជាគ្រឹះស្ថានផ្ដល់សេវាកម្មទូទាត់ប្រាក់(Payment Service Institution) ដោយធនាគារជាតិនៃកម្ពុជា នៅឆ្នាំបន្ទាប់ ។ នៅក្នុងឆ្នាំជាមួយគ្នានោះ GHL Systems Berhad បានទិញភាគហ៊ុន ៥១% នៅក្នុង Speed Pay PLC ដែលធ្វើឱ្យ GHL Group ក្លាយជាភាគហ៊ុនិកធំជាងគេបំផុត ។

 អំពី GHL Group

/

GHL Systems Berhad គឺជា ក្រុមហ៊ុនផ្ដល់សេវាកម្មទូទាត់ប្រាក់ឈានមុខគេ នៅក្នុងសគមន៍អាស៊ាន ដោយបើកប្រតិបត្ដិការ នៅក្នុងប្រទេសមួយចំនួនដូចជា ម៉ាឡេស៊ី ហ្វីលីពីន ថៃ ឥណ្ឌូនេស៊ី សិង្ហបុរី កម្ពុជា និងអូស្រ្ដាលី ។ GHL ផ្ដល់សេវាកម្មទូទាត់ប្រាក់លំដាប់ពិភពលោក និងផ្ដល់ដំណោះស្រាយលើមធ្យោបាយទូទាត់ប្រាក់ដោយផ្ទាល់ ទូទាត់ប្រាក់ចល័ត ទូទាត់លើបណ្ដាញអ៊ីនធឺណិត ចំពោះការលក់ ការជួល ឬប្រតិបត្ដិការទូទាត់ប្រាក់ជាមូលដ្ឋានដទៃទៀត ។

សម្រាប់ព័ត៌មានបន្ថែមអំពី GHL Group សូមចូលទៅកាន់គេហទំព័រ៖ www.ghl.com

អំពីមេគង្គណិត

/

មេគង្គណិត ត្រូវបានទទួលស្គាល់ ជាក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតពេញលេញ ឈានមុខគេ នៅកម្ពុជា ។ មេគង្គណិត មានគ្រឹះស្ថាន នៅក្នុងរាជធានីភ្នំពេញ និងត្រូវបានបង្កើតឡើងចាប់តាំពីឆ្នាំ ២០០៦ ដែលស្ថិតនៅក្រោមពាណិជ្ជនាម”Angkor Data Communication Group”។ ដោយឈរលើបាវចនា”Connecting You All” មេគង្គណិតបន្ដកសាងបណ្ដាញហ្វាយប័រអុបទិកល្បឿនលឿន និងមជ្ឈមណ្ឌលទិន្ន័យរបស់ខ្លួន ដោយផ្ដល់សេវាដល់បណ្ដាខេត្ដក្រុងធំៗ នៅក្នុងប្រទេស ។ មេគង្គណិត ផ្ដល់សេវាកម្ម ភ្ជាប់បណ្ដាញអ៊ីនធឺណិតគុណភាពខ្ពស់ សម្រាប់អាជីវកម្ម និងគេហដ្ឋាន ទូទាំប្រទេស ។ មេគង្គណិតបន្ដអភិវឌ្ឍ និងច្នៃប្រឌិត ដើម្បីផ្ដល់សេវាកម្មគួរជាទីទុកចិត្ដដល់អតិថិជន ។ សម្រាប់ព័ត៌មានបន្ថែមអំពីមេគង្គណិត សូមចូលទៅកាន់គេហទំព័រ៖ www.mekongnet.com.kh

ប្រែសម្រួល៖ សារ៉ាត