ភ្នំពេញ៖ អតីតតារាចម្រៀង របស់ផលិតកម្ម មហាហង្ស លោក វិរៈ សិទ្ធ បច្ចុប្បន្នបានក្លាយជា តារាចម្រៀងកំពុងតែ មានប្រជាប្រិយភាពមួយរូប ក្នុងផលិតកម្ម ភ្លេងរីខដ ដែលជាមែកធាងមួយ របស់ផលិតកម្ម ហង្សមាស ។ ថ្វីដ្បិតតែជាតារាចម្រៀងថ្មី តែលោកអាចស្រូបទាញ ប្រជាប្រិយភាពរបស់ខ្លួន បានយ៉ាងឆាប់រហ័ស ពិសេសបទចម្រៀងលោក មានចំនួនច្រើនជាងគេ នឹងហាក់ទទួលការ លើកតម្កើងជាពិសេស ពីសំណាក់ ផលិតកម្មថ្មីមួយនេះ ។
លោក វិរៈ សិទ្ធ ក៏អាចនិពន្ធជាសាច់ភ្លេង បានដោយខ្លួនឯងដែលជាសមត្ថភាពពិសេស ជាតារាចម្រៀងសម័យថ្មី ខុសពីតារាចម្រៀងខ្លះ ដែលចាំតែនិពន្ធបទ គេចំឡងស្រាប់ៗ ។ វត្តមាន វិរៈ សិទ្ធ ក្នុងផលិតកម្មថ្មីនេះ ធ្វើឲ្យទស្សនិកជន កោតសរសើរមិនតិចទេ ចំពោះសមត្ថភាពរបស់លោក ដែលអាចធ្វើ បានទាំងច្រៀង និងការនិពន្ធបទភ្លេង។
តារាចម្រៀងមិន សូវបានកម្ពស់ វិរៈ សិទ្ធ ហាក់បាន តំលើងឫកពារ របស់ខ្លួន ដើម្បីឲ្យសមទៅ នឹងភាពល្បីល្បាញ ដែលហាក់ ភ្លេចកំណើតដើម កាលពីលោក មិនទាន់ល្បី នៅមហាហង្ស គ្មានអ្នកណាស្គាល់ ។ គ្រាន់តែចូលផលិតកម្មថ្មី ក៏ដើរពើងទ្រូង មិនខ្ចីរវល់ នឹងអ្នកណា ជាពិសេសគ្រាន់ តែបទសម្ភាសន៍ ក៏លោកមិនអាច ផ្ដល់ឲ្យបានដែរ បែរជារុញឲ្យទៅសួរ លោក សុខ ជំនោរ ដែលជាថ្នាក់ដឹកនាំ ផលិតកម្មទៅវិញ ខណៈដែល តារាចម្រៀងផ្សេងៗ ក្នុងផលិតកម្ម តែងតែរីករាយ ផ្ដល់បទសម្ភាសន៍ និងថតរូបភាពដោយ សប្បាយរីករាយបំផុត ។
កន្លងមកលោក សុខ ជំនោរ ថ្នាក់ដឹកនាំ នៃផលិតកម្មភ្លេងរីខដ ធ្លាប់និយាយប្រាប់ LookingTODAYថា សម្រាប់ការងារសិល្បៈ ត្រូវសាកសួរ ខាងផលិតកម្មសិន ទើបអនុញ្ញាតឲ្យ ចុះផ្សាយបាន ព្រោះ ផលិតកម្មចង់ឲ្យមាន ភាពច្បាស់លាស់ មុននឹងមាន ការផ្សាយចេញ ព័ត៌មានទាក់ទងការងារថ្មីៗ ដែលផលិតកម្ម បានដាក់ឲ្យ តែសម្រាប់រឿងបុគ្គល ផលិតកម្មមិនហ៊ានថា យ៉ាងណាទេ ទាល់តែសួរសាម៉ី ខ្លួនផ្ទាល់ទើបដឹង ។
មហាជន បានព្រលយថា ជារឿងគួរឲ្យចង់ អស់សំណើចមិនតិចទេ ព្រោះតារាចម្រៀងថ្មីម្នាក់ ដូចជា លោក វិរៈ សិទ្ធ មិនទាន់មាន កេរ្តិ៍ឈ្មោះល្បីល្បាញផង ក៏ចាប់ផ្ដើមរៀបឫកពារ ក្រអឹតក្រទម ឆ្មើងឆ្មៃដូចជា អ្នកល្បីបាត់ទៅហើយ ជារឿងមួយ មិនគួរឲ្យកើត មានទាល់តែសោះ សម្រាប់សង្គមសិល្បៈខ្មែរ ដែលកំពុងតែមាន ការរីកចំរើនតិចតួច ៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល