ប៉ូលិសឥណ្ឌាកំពុងតែតាមចាប់ ជនដៃដល់មួយក្រុមដែលបានធ្វើសកម្មភាពចាប់រំលោភទៅលើនិស្សិតស្រីវ័យក្មេងអាយុ ២៣ឆ្នាំ ហើយក្រោយមកក៏រុញទម្លាក់ជនរងគ្រោះចេញពីឡានក្រុង។
ហេតុការណ៍នេះ បានធ្វើមានការភ័យខ្លាច និងព្រួបារម្ភជាថ្មីម្តងទៀតពីសុវត្ថិភាពរបស់ស្រ្តីភេទនៅ New Delhi ប្រទេសឥណ្ឌា។
ប៉ូលិសបានឲ្យដឹងថា ហេតុការណ៍ចាប់រំលោភនេះបានកើតឡើងកាលពីយប់ថ្ងៃទី ១៦ ខែធ្នូ ក្នុងពេលដែលជនរងគ្រោះកំពុងជិះឡានក្រុងជាមួយមិត្តប្រុស ក៏ត្រូវជនដៃដល់មួយក្រុមយ៉ាងតិច ៤នាក់ធ្វើការវាយប្រហារ និងចាប់រំលោភតែម្តង។ នៅក្នុងចំណោមពួកវាទាំងនោះ មានម្នាក់គឺជាបុគ្គលិកឡានក្រុងនោះ។
ពួកវាបានវាយប្រហារដោយដែកមួយ លើមិត្តប្រុសរបស់និស្សិតស្រីនោះហើយក៏បានធ្វើការផ្លាស់ប្តូរគ្នា រំលោភលើរូបនាងម្តងម្នាក់ៗតែម្តង។ ក្រោយពីធ្វើសកម្មភាពរំលោភរួចហើយ ពួកវាក៏បានច្រាននិស្សិតស្រីនោះ និងមិត្តប្រុសនាងទម្លាក់ពីឡានក្រុងដែលកំពុងតែបើកធ្វើឲ្យនាងរបួសធ្ងន់ថែមទៀតផង។

តាមប្រភពពីប៉ូលិសបានឲ្យដឹងថា និស្សិតស្រីដែលត្រូវគេចាប់រំលោភនោះ សព្វថ្ងៃកំពុងព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមួយនៅទីក្រុង ដែលជាកន្លែងដែលមិត្តប្រុសនាងកំពុងសម្រាកព្យាបាលផងដែរ។
សកម្មភាពលើកនេះ បានធ្វើឲ្យករណីចាប់រំលោភលើស្ត្រីភេទនៅរដ្ឋ New Delhi បានកើនឡើងថែមទៀត គឺកើនដល់ 568 ករណីចាប់រំលោភ គិតតែនៅឆ្នាំ ២០១១ប៉ុណ្ណោះ។ តាមឯកសារជាផ្លូវការបានឲ្យដឹងថា ករណីចាប់រំលោភនៅប្រទេសឥណ្ឌាបានកើនឡើងទ្វេដង ក្នុងរយះពេលពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៨ ៕
ដោយ៖ សិលាប្រភព៖ VGT