ស្ទើរតែមិនគួរអោយជឿ ៖ ជាការពិត ដោយសារតែមានកន្ទុយដុះចេញពីខ្នង មានប្រវែងដល់ទៅជាង ៧ អ៊ីង កុមារម្នាក់ឈ្មោះ Arshid Ali Khan វ័យ ១២ ឆ្នាំ ត្រូវបានរកអោយឃើញថាពិតជាទទួលបានការចាប់អារម្មណ៍ខ្ពស់ពីបណ្តាញអ៊ិនធើណេត នេះបើតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស huffingtonpost ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ក្នុងវ័យ ១២ ឆ្នាំ កុមារម្នាក់នេះ ជាពលរដ្ឋមកពីក្រុង Chandigarh ប្រទេសឥណ្ឌា។ យ៉ាងណាមិញ បើតាមការអោយដឹងពីទីភ្នាក់ងារសារព័ត៌មាន Nairaland.com ក្មេងប្រុសម្នាក់នេះ ត្រូវបានគេគោរពបូជា ពីសំណាក់ក្រុមមនុស្ស បន្ទាប់ពីពួកគេបានគិតថា Arshid Ali Khan គឺជាអវតាស្តេចហនុមានរបស់សាសនាហិណ្ឌូ។
បើទោះជាក្រុមអ្នកជំនាញ វេជ្ជសាស្រ្តជឿថា គេគួរតែធ្វើការវះកាត់ យកកន្ទុយនោះចេញដោយមានហេតុផលថា គេនឹងអាចមានបញ្ហា នាថ្ងៃអនាគតយ៉ាងណាក៏ដោយ តែនៅតែមានការជំទាស់ទៅនឹងទស្សនៈវិជ្ជា។

យ៉ាងណាមិញបន្ទាប់ពីបានផ្តល់ជាកិច្ចសម្ភាសន៍ជាមួយនឹងគេហទំព័រសារព័ត៌មានបរទេស Sun កុមារា Arshid Ali Khan បានអះអាងអោយដឹងថា បើទោះជាគេមានកន្ទុយខុសប្លែកពីមនុស្សធម្មតាក៏ដោយ ក៏គេនៅតែមានអារម្មណ៍ពិសេសម៉្យាង នោះគឺការអោនគោរពបូជាពីសំណាក់មនុស្សផងទាំងពួង។
គួររំឭកផងដែរថា បើយោងតាមសម្តីលោកវេជ្ជបណ្ឌិត Dr. Scott Meye ជាសមាជិកម្នាក់ក្នុងក្រុមជំនាញខាងកោសិកាប្រសាទ និងឆ្អឹងកងខ្នង មកពី Morristown Medical Center រដ្ឋ New Jersey សហរដ្ឋអាមេរិកអោយដឹងថា សរសៃស្រោបប្រសាទអាចនឹងមានការភ្ជាប់ជាមួយកញ្ចុំសក់ ដែលស្ថិតនៅខាងក្រោយខ្នងផ្នែកខាងក្រោម ជាចលករដែលជំរុញអោយកើតមានឡើង នូវការដុះកន្ទុយបៀបបានដូចទៅនឹងកន្ទុយសត្វស្វាយ៉ាងដូច្នេះតែម្តង។

វេជ្ជបណ្ឌិតរូបនេះ ក៏បានធ្វើសេចក្តីណែនាំផងដែរថា បើសិនណាពិតជាបានជួបប្រទះនឹងករណីកម្រមួយនេះមែននោះ លោកអ្នកគួរតែធ្វើការវះកាត់ វាចេញទើបជាការប្រសើរ មុននឹងបង្កជាហានិភ័យផ្សេង តួយ៉ាងនៅក្នុងអាមេរិកខាងជើង ករណីមួយនេះត្រូវបានកាត់បន្ថយអស់ជាង ៥០ ភាគរយ ក៏ដោយសារតែគម្រោងគាំទ្រអាស៊ីត folic(folic acid) ក្នុងអំឡុងពេលមានផ្ទៃពោះ៕
ដោយ ៖ រិទ្ធីប្រភព ៖ huffingtonpost