ភ្នំពេញ៖ ខេមរៈ សិរីមន្ត បានលេចមុខទៅចូលបុណ្យ ៧ថ្ងៃ កូននាយ កុយ នាព្រលប់ៗថ្ងៃទី ១២ ខែមីនាឆ្នាំ ២០១៣ នៅឯវត្តក្រពើហា ក្រុងតាខ្មៅ បន្ទាប់ពី ហេតុការណ៌ គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី ៧ ខែ មីនាកន្លងទៅ និងបានបាត់មុខ យ៉ាងអាថ៌កំបាំង ក្រោយកើតហេតុភ្លាមៗ។
ខណៈដែលតារាចម្រៀង ខេមរៈ សិរីមន្តបង្ហាញមុខមួយ ដង្ហើមចង្រិត ក្នុងពិធីបុណ្យគម្រប់ ៧ថ្ងៃ កូនប្រុសលោក ជួង ជី ឈ្មោះជីវីរៈ គេបានសង្កេតឃើញថា ខេមរៈ សិរីមន្ត នៅមានទឹកមុខស្លេកស្លាំង និយាយមិនចង់ចេញ និងបានអមដំណើរ ពីសំណាក់ឪពុកម្ដាយ តារាចម្រៀងរូបនេះទៀតផង។
បើតាមប្រភពព័ត៌មានពីអ្នកសិល្បៈ ដែលបានអញ្ជើញទៅចូលរួមពិធីបុណ្យ ៧ថ្ងៃកូននាយ កុយ នាព្រលប់ៗថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៣ បានបញ្ជាក់ថា តារាចម្រៀង ខេមរៈសិរីមន្ត មិនមានរងរបួសអ្វីឲ្យធ្ងន់ធ្ងរទេ ហើយក៏មិនបាននៅអង្គុយរៀបរាប់ហេតុការណ៍ណាមួយឲ្យជាក់ច្បាស់ប្រាប់ដល់ញាតិមិត្តនៃជនរងគ្រោះ ឬប្រាប់ដល់នាយកុយ ដែលជាឪពុកឲ្យបានដឹងដែរ ពោលគឺគ្រាន់តែចូលអុជធូបមួយភ្លេតក៏ចេញទៅវិញបាត់ ។
ទោះជាតារាចម្រៀងខេមរៈ សិរីមន្ត មិននិយាយអ្វីច្រើន ប៉ុន្តែខាងផលិតកម្មសាន់ដេ បានអះអាងថា គ្រោងនឹងធ្វើ សន្និសីទសារព័ត៌មានដើម្បីឲ្យខេមរៈ សិរីមន្ត បកស្រាយការពិតទាំងអស់ ក្នុងគ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះឲ្យមហាជនបានដឹង នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៣ នេះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល