រដ្ឋធានីរបស់ប្រទេសរុស្ស៊ី កាលពីម្សិលមិញ ទទួលបានផ្ទៃដីទំហំ ១៥០,០០០ហិចតា ពីតំបន់ភាគឦសាន ក្បែរក្រុងមួយនេះ ដោយយោងទៅតាមគម្រោងពង្រីកដែលត្រូវបានអនុម័តដោយនាយករដ្ឋមន្ដ្រី Dmitry Medvedev កាលពីឆ្នាំទៅ។

ផ្ទៃដីថ្មីរបស់រដ្ឋធានី Moscow រួមមានទីក្រុងចំនួន ២ ក្នុងតំបន់រដ្ឋធានី គឺ Shcherbinka និង Troitskក៏ដូចជា តំបន់តូចៗ ចំនួន ១៩ផ្សេងទៀត។ ក្នុងរយៈពេលត្រឹមតែមួយយប់ប៉ុណ្ណោះ ប្រជាពលរដ្ឋប្រមាណជា ២៣២.០០០នាក់ បានក្លាយជាអ្នករដ្ឋធានី។
ផ្ទៃដីដែលត្រូវបានពង្រីកទ្វេដងនេះ ក៏ជួយអោយក្រុង Moscow អាចបន្ថយបាន នូវកម្រិតដង់ស៊ីតេ ពី ១០,៧០០នាក់ មកនៅ ៤.៦០០នាក់/គីឡូម៉ែត្រការ៉េ។
RIA Novosti ដកស្រង់សំដីចៅហ្វាយក្រុង Moscow លោក Sergei Sobyanin កាលពីម្សិលមិញ បានអោយដឹងថា ការពង្រីកក្រុង គឺដើម្បីជួយរំដោះការស្ទះចរាចរណ៍នៅកណ្ដាលក្រុង ដែលនឹងអនុញ្ញាតអោយប្រជាជននៅក្នុងក្រុង បានរីកចម្រើនប្រកបដោយភាពត្រឹមត្រូវ។

លោកចៅហ្វាយក្រុងក៏បានអះអាងថា ការពង្រីកក្រុង នឹងជួយបង្កើតការងារថ្មីៗច្រើនបន្ថែមទៀត។មជ្ឈមណ្ឌលបច្ចេកវិទ្យាថ្មីនឹងត្រូវបានបង្កើតឡើងនៅ Troitsk និង Skolkovo ខណៈដែលមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្ដរជាតិនឹងត្រូវបានបង្កើតឡើងក្បែរផ្លូវហាយវេ Rublyovo-Arkhangelskoye ។
បច្ចុប្បន្ន ក្រុង Moscow គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងធំជាងគេទាំង ១០ ក្នុងពិភពលោក ដោយមានពលរដ្ឋចុះឈ្មោះជាផ្លូវការឡើងដល់ ១០,៥លាននាក់៕
ដោយ ៖ សូរីយ៉ាប្រភព ៖ VE