ទំព័រ wonderfulengineering កាលពីដើមខែសីហា ឆ្នាំ ២០១៤ បានឱ្យដឹងថា កងកម្លាំងពិសេសរបស់អាមេរិក នឹងទទួលបាននូវឈុតសម្លៀកបំពាក់ “Iron Man” ចាប់ពីឆ្នាំ ២០១៨។

/

ឈ្មោះពិតរបស់ឈុតសម្លៀកបំពាក់នេះ គឺ Tactical Assault Light Operator Suit (TALOS/អាវក្រោះវាយប្រហារយុទ្ធសាស្ដ្រ)។ TALOS ត្រូវបានបំពាក់បច្ចេកវិទ្យាដែលប្រទេសជាច្រើនក្នុងពិភព​លោក មិនទាន់មាន ដូចជា មុខងារការពារគ្រាប់ មុខងារឃាត់ឈាមឆ្លាតវៃ បច្ចេកវិទ្យាលើកកម្ពស់សមត្ថភាពផ្ដោតអារម្មណ៍ ការគ្រប់គ្រង់ស្ថានភាពសុខភាពរបស់អ្នកប្រើប្រាស់ និងមុខងារប្រមូល​ទិន្នន័យពេលវេលាពិតនៅលើសមរភូមិ។ ក្រៅពីនេះ TALOS ក៏នឹងត្រូវបានបំពាក់បន្ថែមនូវបណ្ដាឧបករណ៍បច្ចេកវិទ្យាទំនើបៗ ដូចជាវ៉ែនតា Google ជាដើម។

ទន្ទឹមនឹងនេះ TALOS ក៏ប្រើប្រាស់វត្ថុធាតុដែលអាចប្រែប្រួលពីរឹង ទៅទន់ផងដែរ។ ដូច្នេះ ពេលទាហានពាក់វានៅក្នុងស្ថានភាពធម្មតា (មិនមានការប្រយុទ្ធគ្នា) វានឹងទន់ ប៉ុន្ដែ នៅពេលពាក់ក្នុងពេលប្រយុទ្ធ ឈុតការពារនេះ នឹងប្រែទៅជារឹង ដើម្បីការពារម្ចាស់របស់វាពីគ្រាប់កាំភ្លើង។

/

ប្រភពព័ត៌មានឱ្យដឹងថា ឈុតអាវ “Iron Man” នេះ នឹងត្រូវបានភាគីខាងក្រុមហ៊ុនផលិត ប្រគល់ដល់ក្រសួងការពារជាតិអាមេរិក នៅឆ្នាំ ២០១៨។ លោក James Geurts  មកពីនាយកដ្ឋានទិញដូរ របស់ក្រសួងការពារជាតិអាមេរិក ថ្លែងថា បើទោះជាគម្រោងនេះ វាហាក់ដូចទៅនឹងការស្រមៃនៃវិទ្យាសាស្ដ្រ ប៉ុន្ដែ វាពិតជាមានសារសំខាន់ ហើយតួនាទីរបស់វា គឺពិតជាសាមញ្ញ។

លោក James Geurts  បន្តថា ៖ “នៅក្នុងការប្រយុទ្ធដោយកាំភ្លើង យើងបានបាត់បង់ទាហានជាច្រើន។ ប្រសិនយើងមានឧបករណ៍ការពារដែលមានសមត្ថភាពខ្ពស់ ខ្ញុំជឿថា យើងនឹងអាចបំបាត់ចំនុចអវិជ្ជមាននេះ”។

/

គួររំលឹកថា កាលពីចុងឆ្នាំ ២០១៣ ប្រទេសកូរ៉េខាងត្បូង ក៏បានបង្ហើបអំពីគម្រោងបំពាក់អាវក្រោះ “Iron Man” ដល់ទាហានរបស់ខ្លួន ប៉ុន្ដែ ដោយសារតែវាគឺជាគម្រោងដែលត្រូវចំណាយប្រាក់ច្រើន ដូច្នេះ គេជឿថា ឈុតអាវក្រោះ “Iron Man” នេះ នឹងត្រូវបានបំពាក់ឱ្យតែកងកម្លាំងពិសេសរបស់ប្រទេសនេះ តែប៉ុណ្ណោះ។

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ wonderfulengineering