ភ្នំពេញៈតារាសម្តែងស្រីរូបស្រស់ កញ្ញា ភិន សុដាលីស ដែលកន្លងមកធ្លាប់បានដើរជំពប់ និងរឿងអាស្រូវស្នេហា ជាមួយបុរសវ័យស្របាលនាងជាច្រើន តែពេលនេះតារាស្រីរូបនេះ បានប្រាប់ឲ្យដឹងថា នាងកំពុងតែត្រៀមខ្លួនភ្ជាប់ពាក្យ ជាមួយម្ចាស់ចិត្តនាង ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាម ដែលធ្លាប់បោកបក់ មកលើនាងនាពេលកន្លងមក។
នាពេលកន្លងមកតារាស្រី កញ្ញា ភិន សុដាលីស ធ្លាប់បានព្យុះព័ត៌មានថា លួចលាក់មាន ទំនាក់ទំនង ស្នេហាជាមួយបុរសវ័យស្របាលនាង អស់ពីមួយចូលមិនដាច់ ទាល់តែសោះ តែពាក់ព័ន្ធនិងព័ត៌មាន ទាំងអស់នោះ តែងតែត្រូវបាននាង ចេញមុខបដិសេធ ជារឿយៗថាមិនមែនជាការពិត តែបើទោះបីជានាងបាន ចេញមុខអះអាងក្តែងៗ បែបនេះក្តី ក៏មិនសូវមានទស្សនិកជន ណាមានជំនឿចិត្ត ទៅលើនាង ដោយគេដាក់រហ័សនាមឲ្យ នាងថាជាតារាស្រីវ័យក្មេង ដែលសម្បូររឿងអាស្រូវ ស្នេហាមិនចាញ់ តារាដទៃទេ។
ពាក់ព័ន្ធនិងការលើកឡើងបែបនេះ មិនបានប៉ុន្មានផង ក៏ស្រាប់តែលេចឮព័ត៌មាន មួយថ្មីទៀតថា នាងកំពុងតែត្រៀមខ្លួនភ្ជាប់ពាក្យ ជាមួយបុរសម្នាក់ ដែលជាអ្នកសិល្បៈដូចគ្នា ហើយមានវ័យស្របាលគា្ន នោះ ត្រូវបានតារាសម្តែងស្រីស្រស់វ័យក្មេង កញ្ញា ភិន សុដាលីស សារភាពប្រាប់ Looking TODAY បែបលាក់លៀម នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៣នេះថា ចំពោះព័ត៌មានដែលថា នាងកំពុងតែត្រៀមខ្លួនភ្ជាប់ពាក្យនោះ គឺជារឿងពិតដោយនាង ប្រារព្ធឡើង នៅថ្ងៃទី៣១ ចុងខែនេះ។
តារាស្រីវ័យក្មេងរូបនេះ បានប្រាប់ឲ្យដឹងទៀតថា “ ពិធីភ្ជាប់ពាក្យរបស់ខ្ញុំ គឺធ្វើឡើងនៅផ្ទះខ្ញុំហើយ អនាគតគូដណ្តឹងខ្ញុំ មានឈ្មោះថា ប៉ែន តុលា ដែលជាតារាសម្តែង មុននិងឈានមកដល់ ថ្ងៃភ្ជាប់ពាក្យនេះខ្ញុំបានចំណាយ ពេលមើលចិត្តថ្លើមគ្នា ជិត២ឆ្នាំមកហើយ ទម្រាំតែសម្រេចចិត្ត ភ្ជាប់ពាក្យបែបនេះ ហើយខ្ញុំសង្ឃឹមថាក្រោយ ពេលខ្ញុំភ្ជាប់ពាក្យ រួចទស្សនិកជននិង ឈប់យល់ច្រឡំថា ខ្ញុំមានទំនាក់ទំនង ស្នេហាជាមួយបុរសណាដូច ដែលព័ត៌មានធ្លាប់ចុះផ្សាយទេ បុរសម្នាក់ដែលខ្ញុំស្រលាញ់ គឺមានតែម្នាក់តែប៉ុណ្ណោះ”។
ជាមួយគ្នានោះដែល កញ្ញា ភិន សុដាលីស បានប្រាប់ឲ្យដឹងថា ដំបូងឡើយនាងនិង គូស្នេហ៍ក៏មិនទាន់ គិតពីរឿងភ្ជាប់ពាក្យទេ តែដោយសារតែចាស់ទុំទាំងសងខាង គាត់ត្រូវរ៉ូវគ្នាហើយ ក៏ចង់រៀបចំពិធីឲ្យហើយ ដើម្បីកុំឲ្យអាក្រក់មើលនៅពេលដែល បណ្តើរគ្នាទៅណាមកណានាំតែមានព័ត៌មាន បើក្លាយ ជាគូដណ្តឹងហើយ គឺមានភាពងាយស្រួល នៅពេលទៅណាមកណា ជាមួយគ្នាគ្មានបញ្ហាអ្វីទេ។
ទោះបីជាពេលនេះតារាស្រីរូបស្រស់រូបនេះ បានសម្រេចចិត្តភ្ជាប់ពាក្យក៏ពិតមែន តែនាងបានអះអាង បា្រប់ឲ្យដឹងទៀតថា នាងមិនទាន់បានគិតពី គម្រោងរៀបការនៅឡើយទេ ព្រោះថាពេលនេះនាងកំពុង តែរវល់ជាមួយ និងការសិក្សានិងការងារហើយ នាងក៏មិនហ៊ាន និយាយមុន ដែលថា ត្រូវរៀបចំពិធីរៀប អាពាហ៍ពិពាហ៍នៅពេលណាទេ ស្រេចទៅលើប៉ាម៉ាក់អ្នករៀបចំ៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល