នាយករដ្ឋមន្ដ្រីរុស្ស៊ី លោក Dmitry Medvedev បានកាត់ខ្សែបូរសម្ពោធស្ពានខ្សែកាបប្រវែង ១,១០៤ម៉ែត្រ តភ្ជាប់ Vladivostok ជាមួយនឹងកោះ Russky។ នេះគឺជាស្ពានខ្សែកាប ដែលវែងបំផុតក្នុងពិភពលោក នាពេលបច្ចុប្បន្ន។
ស្ពានមួយនេះត្រូវបានគេមើលឃើញថា ជាជំហានធំមួយ ត្រៀមសម្រាប់ទទួលកិច្ចប្រជុំកំពូលនៃបណ្ដាប្រទេសអាស៊ី ប៉ាស៊ីហ្វិក (APEC) ដែលនឹងធ្វើឡើងនៅខែកញ្ញាខាងមុខ នៅ Vladivostok។នាយករដ្ឋមន្ដ្រីរុស្ស៊ី លោក Dmitry Medvedev បានថ្លែងថា ស្ពានខ្សែកាបនេះ គឺជាសំណង់មួយដែលទាក់ទឹននឹងកិច្ចប្រជុំកំពូលខាងមុខ ប៉ុន្ដែវាក៏ត្រូវបានសាងសង់ឡើងដើម្បីបម្រើដល់ការធ្វើដំណើររបស់ប្រជាជនផងដែរ។
ស្ពានខ្សែកាបដែលមានប្រវែង ១,១០៤ ម៉ែត្រ តភ្ជាប់ Vladivostok ជាមួយនឹងកោះ Russky នេះត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ កាលពីថ្ងៃទី ២ខែកក្កដាកន្លងទៅ។ នេះក៏ជាស្ពានមួយដែលស្ដិតក្នុងគម្រោងធំៗរបស់រុស្ស៊ី នៅក្នុងតំបន់ភាគខាងកើតនៃប្រទេសនេះ៕





ដោយ ៖ សូរីយ៉ាប្រភព ៖ zing