ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០១៣ អតីតកញ្ញាឯក ចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីកញ្ញា ឯកទេសចរណ៍ឆ្នាំ២០០៨ កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា បានរៀបចំធ្វើពិធីខួបកំណើតដ៏ធំសម្បើមមួយ ជាលើកទី២ នៅសណ្ឋាគារ ណាហ្គាវើល រួមគ្នាជាមួយប្អូនស្រីបង្កើត ដែលជាតារាសម្តែង គឺកញ្ញា ពេជ្រ រតនាទេវី ។

ចំពោះការធ្វើពិធីខួបកំណើតធំរួមគ្នារវាង ពេជ្រ សុវណ្ណវិជ្ជរ៉ា គម្រប់ខួប ១៨ឆ្នាំ និងខួបគម្រប់១៦ឆ្នាំ របស់ ពេជ្រ រតនាទេវី គឺ មានការអញ្ជើញចូលរួមពី សំណាក់មិត្តភក្តិរួមអាជីពសិល្បៈជាច្រើនរយនាក់ និង ក៏មានការអញ្ជើញចូលរួមពីសំណាក់បងប្អូនសាច់ញាតិ នៅក្រៅប្រទេស ដែលសរុបប្រមាណជាជិត ៤០តុ ។

អ្នកស្រីពេជ្រ ចន្ធី ត្រូវជាម្តាយរបស់ ពេជ្រ សុវណ្ណវិជ្ជរ៉ា និង ពេជ្រ រតនាទេវី បានប្រាប់ឲ្យ LookingTODAY ដឹងថា ចំពោះការចំណាយលុយអស់ជិត ៤ម៉ឺនដុល្លារនេះ ដោយសារតែខ្ញុំ និងកូនៗបានអញ្ជើញភ្ញៀវមកចូលរួមច្រើន ជាងលើកមុន ។ ជាពិសេសទៅទៀតនោះ ឆ្នាំនេះ គឺម៉ាក់របស់ខ្ញុំ និងបងប្អូនខ្ញុំគាត់ មកពីស្រុកក្រៅចូលរួម ជួយឧបត្ថម្ភខ្លះៗផងដែរ ។

កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា បានឲ្យដឹងថាមូលហេតុ ដែលនាំឲ្យនាងធ្វើខួបកំណើតជាមួយគ្នានេះថា ដោយសារតែអ្នកពួកគេទាំងពីរ កើតក្នុងខែតែមួយ គ្រាន់ខុសតែថ្ងៃ និងឆ្នាំប៉ុណ្ណោះ ។ តារាសម្តែងសាច់ស ស្រស់សោភារូបនេះ បាននិយាយរៀបរាប់ប្រាប់ឲ្យគេហទំព័រ LookingTODAY បានដឹងថា សម្រាប់ការធ្វើខួបកំណើតរបស់ខ្ញុំ ពេលនេះ គឺគ្មានអ្នកណាឧបត្ថម្ភនៅពីក្រោយខ្នងឡើយ។ ធម្មតា តារាបើធ្វើធំ គឺតែងតែមានគេនិយាយអ៊ីចឹងហើយ តែសម្រាប់ខ្ញុំគិតវិញ ខ្ញុំអត់បានគិតអ៊ីចឹងទេ..ព្រោះខ្ញុំគិតថា គ្រួសារខ្ញុំ គឺមានជីវភាពសមរម្យធូរធា គឺអាចធ្វើពិធីធំបែបហ្នឹងបាន ហើយខ្ញុំក៏មិនខ្លាច គេនិយាយដែរ ព្រោះមាសសុទ្ធគេមិនខ្លាចភ្លើងទេបង...!។

គេនៅចាំបានថា រវាងកញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា និង កញ្ញា ពេជ្រ រតនាទេវី បានធ្វើពិធីខួបកំណើតរួមគ្នា ដ៏ធំជាលើកទី១ម្ដងរួចមកហើយ នៅសណ្ឋាគារសំដាប់ខ្ពស់ ផ្កាយ៥ ណាហ្គាវើល កាលពីអំឡុងឆ្នាំ២០១០ បានអញ្ជើញភ្ញៀវចូលរួមមានចំនួន២០០នាក់ សរុប ២០តុ និងចំនាយលុយជិត២ឭម៉ឺនដុល្លារ ។ ប៉ុន្តែឆ្នាំ២០១៣នេះ តារាសម្តែងវ័យក្មេងទាំងពីរនាក់ បានធ្វើរៀបចំពិធីខួបកំណើតរួមគ្នាខ្នាតធំជាថ្មីទៀត នៅសណ្ឋាគារណាហ្គាវើល ដដែល ហើយមានខ្ទង់ចំណាយទ្វេរដង ធ្វើឲ្យមានការកោតសរសើរ មិនដាច់ពីមាត់ ពីសំណាក់មហាជនដែលគាំទ្រនាង ជាពិសេសអ្នកសិល្បៈដូចគ្នា ដែលពួកគេខ្លះចូលប្រឡូកក្នុងវិស័យសិល្បៈ ជិតពាក់កណ្ដាលជីវិតទៅហើយ នៅតែគ្មានវាសនាធ្វើ ខួបបកំណើតធំក្នុងសណ្ឋាគារ លំដាក់ផ្កាយ៥បែបនោះឡើយ។

ពេជ្រ សុវណ្ណវិជ្ជរ៉ា បានប្រាប់ពីមូលហេតុ ដែលនាងចូលប្រឡូកក្នុងសិល្បៈមកដល់សព្វថ្ងៃ គឺដោយសារនាងស្រឡាញ់អាជីពមួយនេះ និងបានដាក់ពាក្យប្រឡងក្នុងកម្មវិធី បុរសកញ្ញាឯកទេសចរណ៍ឆ្នាំ២០០៨ របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៩ ដោយទទួលបាន ចំណាត់ថ្នាក់ កញ្ញាឯកលេខ ១ ។ ចាប់តាំងពីតារាសម្តែងវ័យ ១៨ឆ្នាំសម្បូរមន្តរូបនេះ បានឈានជើងចូលប្រឡូកក្នុងវិថីសិល្បៈមក នាងត្រូវបានមហាជន ស្គាល់ច្រើន តាមរយៈការសម្តែងជាតួឯក កាចឆ្នាស់ឆ្នើមក្នុងខ្សែភាពយន្តមួយគឺរឿង ម្កុដផ្កាកែវ និងតាមរយៈការសម្តែងខារ៉ាអូខេ ក្នុងបទចម្រៀងតាមបណ្តាផលិតកម្មធំៗ ក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាថតស្ពតពាណិជ្ជកម្មធំៗផ្សេងទៀតផងដែរ ។

ចំណែកឯកញ្ញា ពេជ្រ រតនាទេវី វិញក៏មិនចាញ់បងស្រីរបស់នាង ពេជ្រ សុវណ្ណវិជ្ជរ៉ា ប៉ុន្មានឡើយ បើទោះបីជានាងមានវ័យក្មេងជាងក៏ដោយ ក៏ត្រូវបានមហាជន និងស្រទាប់យុវវ័យស្គាល់យ៉ាងច្រើនតាមរយៈការសម្តែងខ្សែភាពយន្ត ខារ៉ាអូខេបទចម្រៀង និងស្ពតពាណិជ្ជកម្មនានា ។

តាមរយៈការសម្តែងវិញ ពេជ្រ រតនាទេវី ទទួលបានប្រជាប្រិយភាព និងការគាំទ្រច្រើនពីសំណាក់ មហាជនទូទៅ និងស្រទាប់យុវវ័យ តាមរយៈការសម្តែងខារ៉ាអូខេក្នុងបទ ពីសង្សារក្លាយជាអ្នកដទៃរបស់ សុគន្ធ ថេរ៉ាយុ និងបទ កំដរសង្សារគេឈឺចាប់ របស់ ខាន់ ជែមស៍ ។ មិនតែប៉ុណ្ណោះ តារាសម្តែងវ័យក្មេងបង្កប់ ដោយមន្តស្នេហ៍រូបនេះ ក៏ធ្លាប់បានគ្រងដំណែង ជាតួឯកស្លូតក្នុងរឿងម្កុដផ្កាកែវ ដូចបងស្រីរបស់នាងផងដែរ ។

សូមបញ្ជាក់ថា កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា មានបងប្អូនបងបង្កើតចំនួន ៦នាក់ ប្រុស៣នាក់ ស្រី ៣នាក់ ហើយនាងមិនត្រឹមតែជាតារាសម្តែងមួយមុខ ប៉ុណ្ណោះទេ នាងក៏ជាតារាម៉ូដែល និងជាតារាចម្រៀងមួយរូបផងដែរ ។ រីឯប្អូនស្រីពៅនៅក្នុងគ្រួសារ កញ្ញា ពេជ្រ រតនាទេវី មានអាយុ១៦ឆ្នាំ និងជាតារាសម្តែងវ័យក្មេង មានប្រជាប្រិយភាពមួយរូបក្នុងពិភពសិល្បៈ ៕

Looking

Looking

Looking

Looking

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល