ដោយសារតែទើបត្រូវបានរើមកពីទីតាំងចាស់ដែលបានបាក់ទៅក្នុងទន្លេស្ទើរតែទាំងស្រុង ដូច្នេះវត្តសំពោងផលអណ្ដែតក៏កំពុងត្រូវការការកសាងជាបន្ដបន្ទាប់ ចាប់ពីកុដសម្រាប់ព្រះសង្ឃគង់នៅ និងសាលាឆទាន។ល។
វត្តសំពោងផលអណ្ដែតគឺជាអារាមមួយដែលត្រូវបានកសាងឡើងកាលពីដំបូងនៅម្ដុំកោះពេជ្រ ក្បែរកាស៊ីណូណាហ្គាបច្ចុច្ចប្បន្ន ប៉ុន្ដែដោយសារច្រាំងទន្លេចេះតែបាក់ជាបន្ដបន្ទាប់ អារាមនេះក៏ត្រូវរើពីកន្លែងមួយទៅកន្លែងមួយ ដើម្បីរត់គេចពីទន្លេបាក់ច្រាំង។ បច្ចុប្បន្ន វត្តសំពោងផលអណ្ដែតមានទីតាំងស្ថិតនៅក្នុងភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌមានជ័យ មានចម្ងាយពីច្រាំងទន្លេទល់មុខនឹងកោះពេជ្រប្រមាណជាជិតមួយគីឡូម៉ែត្រ និងកំពុងមានគម្រោងសាងសង់សាលាឆទានមួយមានតម្លៃប្រហែលជាជាង ៤០០.០០០ ដុល្លារអាមេរិក ដោយក្នុងសសរមួយដើមមានតម្លៃប្រមាណជា ១.០០០ដុល្លារ។
លោកគ្រូព្រះចៅអធិការវត្ដសំពោងផលអណ្ដែតមានសង្ឃដិការថា អារាមនេះមិនទាន់មានព្រះវិហារនៅឡើង ហើយគោលបំណងនៃការសាងសង់សាលាឆទានថ្មីនេះគឺដើម្បីយកដីនៅត្រង់សាលាឆទានចាស់ទុកធ្វើព្រះវិហារនាពេលអនាគត ព្រោះថា ផ្ទៃដីរបស់វត្តនេះតូចចង្អៀត។
តាមគម្រោង សាលាឆទាននេះនឹងមានប្រវែងបណ្ដោយ ៤០ម៉ែត្រ ទទឹង ២០ម៉ែត្រ និងមានកំពស់ប្រមាណជាជាង ៤០ម៉ែត្រ(បូករួមទាំងកំពូលសាលា) ចំណែកសសរក៏មានចំនួនជាង ៤០ដើម(ជាមធ្យម ក្នុងមួយដើមមានតម្លៃប្រហែល ១.០០០ដុល្លារ)ផងដែរ។
លោកតាអាស្ចារ្យយូរ សមាជិកគណកម្មធិការវត្ដបានថ្លែងថា បច្ចុប្បន្នវត្តមិនទាន់មានថវិការគ្រប់គ្រាន់នោះទេ គឺត្រូវសង្ឃឹមទាំងស្រុងទៅលើប្រជាពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស ជាពិសេសគឺរំពឹងទៅលើកសេចក្ដីជ្រះថា្ល និងការរួមចំណែកកសាងក្នុងវិស័យព្រះពុទ្ធសាសនាពីសំណាក់សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រីនៅទូទាំងប្រទេសកម្ពុជា។
ព្រះចៅអធិការវត្តសំពោងផលអណ្ដែតមានសង្ឃដិការថា ចំនួនទឹកប្រាក់ដែលនឹងត្រូវចំណាយទៅលើការសាងសង់សាលាឆទាននេះគឺមិនក្រោម ៤០០.០០០ដុល្លារអាមេរិកនោះទេ។ ព្រះអង្គរួមជាមួយនឹងគណកម្មធិការវត្តសូមអំពាវនាវដល់ប្រជាពុទ្ធបរិស័ទនៅគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេស សូមចូលរួមចាប់មគ្គផលដើម្បីរួមចំណែកក្នុងការសាងសង់សាលាឆទាននេះដោយសេចក្ដីជ្រះថ្លា៕

គម្រោងសាងសង់សាលាឆទានវត្តសំពោងផលអណ្ដែត

សសរមានចំនួនជាង ៤០ដើម ក្នុងមួយដើមមានតម្លៃប្រហែល ១.០០០ដុល្លារ

សាលាឆទាននេះនឹងមានកន្លែងចតយានយន្ដនៅជាន់ផ្ទាល់ដី និងមានស្ពានសម្រាប់រថយន្ដបរឡើងដល់ទ្វារធំ
ដោយ ៖ សូរីយ៉ា