សិង្ហបុរី ៖ និស្សិតនៃសកលវិទ្យាល័យជាតិសិង្ហបុរីម្នាក់ដែលមានវ័យ ២៥ ឆ្នាំ ត្រូវបានរកឃើញថា បានដេកស្លាប់នៅក្បែរតុកុំព្យូទ័ររបស់គេ បន្ទាប់ពីបានលេងហ្គេមកុំព្យូទ័រពេញមួយយប់ នេះបើតាមរបាយការណ៍ Shin Min Daily កាលពីម្សិលមិញ។

រូបថតនិស្សិតវ័យ 25 ឆ្នាំដែលបានស្លាប់ (ឆ្វេង) និង រូបថតបុរសជាឪពុក (ស្តាំ)
និស្សិតឆ្នាំទី ៣ រូបនេះមានឈ្មោះថា Xu Kaixiang ហើយសាកសពរបស់គេត្រូវបានគេរកឃើញដេកស្លាប់ស្តូកស្តឹងនៅក្បែរកុំព្យូទ័ររបស់គេ ស្របពេលដែលវានៅបើកនៅឡើយ ។ ក្រោយពីបានធ្វើកិច្ចសម្ភាសន៏ ជាមួយឪពុករបស់បុរសម្នាក់នេះ បានអោយដឹងថា កូនប្រុសរបស់គាត់ញៀនលេងហេ្គមកុំព្យូទ័រ ដោយមិនខ្វល់ពីការសិក្សា ក្នុងអំឡុងពេលឈប់សំរាក ពីការសិក្សា ហើយមានពេលខ្លះ កូនរបស់គាត់បានចំណាយពេលដល់ទៅពេញមួយយប់ក្នុងការលេងហេ្គមកុំព្យូទ័រនេះ។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃដែលនិស្សិតរូបនេះបានស្លាប់ ដំបូងឪពុកម្តាយរបស់គាត់ បានឡើងទៅដាស់នៅឯជាន់ខាងលើ លុះពេលទៅដល់ ពួកគាត់បានឃើញកូនរបស់គាត់ដេកនៅលើឥដ្ឋខណៈ ពេលដែលកុំព្យូទ័រនៅបើកនៅឡើយ បន្ទាប់មកពួកគាត់បានព្យាយាមដាស់កូនរបស់ខ្លួនអោយងើបឡើង តែកូនរបស់គាត់មិនមានការឆ្លើយតបអ្វីនោះទេ ស្របពេល ដែលខ្លួនប្រាណរបស់គេត្រជាក់ដូចទឹកកក រំពេចនោះ ពួកគេក៏ប្រញាប់ប្រញាល់បញ្ជូនគេទៅកាន់មន្ទីរពេទ្យ តែក្រោយមកត្រូវបានបញ្ជាក់អះអាងថា គេបានស្លាប់បាត់ទៅហើយ។

ទន្ទឹមនឹងការស្លាប់នេះ បើយោងទៅតាមអ្នកជំនាញប្រឹក្សាយោបល់ខាងជម្ងឺបេះដូង គឺលោកវេជ្ជបណ្ឌិត Yuan Zhixiong បានអោយដឹងថា ករណីនេះវាអាចបណ្តាលមកពី ជម្ងឺបេះដូង ហើយខណៈពេលដែលនិស្សិតវ័យ ២៥ ឆ្នាំរូបនេះជារឿយៗបានចំណាយពេលដល់ទៅពេញមួយយប់ក្នុងការលេងហ្គេមកុំព្យូទ័រនោះ វាអាចជាលទ្ធផលដែលអាចអោយគេមានជម្ងឺបេះដូង ពោលគឺវាអាចកើតទៅបានដោយសារភាពតានតឹង ជាពិសេសនៅពេលដែលស្ថានភាពបេះដូងស្ថិតនៅក្នុងសភាពរន្ធត់ នោះវាគឺជាមូលហេតុដែលអាចនាំអោយកើតមានជម្ងឺបេះដូង ហើយឈានទៅដល់ការបាត់បង់ជីវិតតែម្តង៕
ដោយ ៖ រិទ្ធីប្រភព ៖ yourhealth