រថយន្តម៉ាក Scion iQ EV ២០១៣ ដែលដើរដោយ អាគុយអគ្គិសនី នឹងចូលរួមក្នុងកម្មវិធីបង្ហាញឡាននៅសហរដ្ឋអាមេរិក។ ក្រុមអ្នកផលិតបាននិយាយថា រថយន្ត Scion iQ EV នេះនឹងបង្ហាញលំអិតនូវការរចនាឡើងរបស់រថយន្ត នៅក្នុងកម្មវិធីនេះនៅសប្តាហ៍បន្ទាប់។
រថយន្តស្ព័រ Scion iQ EV ដើរដោយថាមពលអាគុយដែលមានអានុភាព ១២ គីឡូវ៉ាត់ម៉ោង ដែលអាចចរបានក្នុងរយៈចំងាយប្រហែល ៥០ ម៉ាល។ ក្នុងការសាកអាគុយគឺត្រូវប្រើភ្លើង ២៤០ វ៉ុល ដែលចំនាយពេលត្រឹមតែ ៣ម៉ោង ប៉ុណ្ណោះដើម្បីសាកពេញ។
បច្ចេកវិទ្យាដ៏មានប្រសិទ្ធិភាពជាច្រើនរបស់ Scion iQ EV មានដូចជាប្រព័ន្ធហ្វ្រាំងដែលបង្កើតបានជាថាមពលភ្លើងបំរុង ប្រព័ន្ធត្រជាក់ដែលដើរដោយចំហាយ និងការប្រើអំពូល LED ជំនួសឲ្យចង្កៀងឡានធម្មតា។ iQ EV មានប្រព័ន្ធប្រតិបត្តិការណ៍បីសំខាន់ៗ។ ដែលអក្សរ D សំរាប់ប្រាប់រថយន្តឲ្យសន្សំសំចៃប្រើថាមពលទាបបំផុត អក្សរ S សំរាប់បង្កីនសំទុះឲ្យបានប្រសើរ និងអក្សរ B សំរាប់ប្រព័ន្ធហ្វ្រាំង។
គេជឿជាក់ថារថយន្ត iQ ដែលដោយអាគុយនេះនឹង មានសារៈសំខាន់បំផុតទៅថ្ងៃអនាគត ជាមួយការសន្សំសំចៃខ្ពស់ទាំងប្រេង និងតម្លៃ។ រថយន្តនេះក៏អាចសក្តិសម នឹងតំបន់ជនបទដែលកន្លែងសាកអាគុយមានគ្រប់កន្លែង៕



ដោយ៖ រិនដូ
ប្រភព៖ autoweek