ព្រះបរមរាជវាំង
តាំងពីសម័យមុនអង្គររហូតមកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជាតែងតែមានព្រះបរមរាជវាំងមួយសំរាប់គង្សប្រថាប់ ដែលជាអង្គកំពូលក្នុងការដឹកនាំប្រទេសជាតិ ហើយការផ្លាស់ប្តូររាជធានីពីកន្លែងមួយទៅកន្លែងមួយ តាំងពីអង្គបុរី សំភពបុរី ឥសានបុរី ហរិហរាល័យ យសោធរបុរី រហូតមកដល់ លង្វែក ឧត្តុង និងចតុមុខ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលពង្សសាវតាប្រទេសកម្ពុជាបានកត់ត្រាទុកជាបន្តបន្ទាប់។ការស្ថាបនាព្រះបរមរាជវាំងចុងក្រោយបានរៀបចំនៅភ្នំពេញចំនួន ពីរ លើក ៖ - លើកទី១ ក្នុងឆ្នាំ ១៤៣៤ រួចត្រលប់ទៅក្រុងឧត្តុង្គវិញ (ក្នុងរជ្ជកាល ព្រះបាទពញាយ៉ាត) - លើកទី២ ក្នុងឆ្នាំ ១៨៦៦ រហូតមកដល់បច្ចុប្បន្នដែលមានឈ្នោះថា ព្រះបរមរាជវាំងចតុមុខមង្គល
ដោយស្ថិតនៅត្រង់ចំណុចប្រសព្វគ្នានៃទន្លេទាំងបួន (ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និង ទន្លេសាប) ។ ក្នុងនោះមានតែទន្លេសាបមួយទេ ដែលមានទឹកហូរឡើង និងទឹកហូរត្រលប់ចុះ។
ព្រះបរមរាជវាំងទំហ៊ំប្រមាណ ៤៣៥មx៤២១ម ចែកចេញជាច្រើនទីធ្លា ប្រកបដោយសួនច្បារហ៊ុំព័ទ្ធដោយកំពែងរឹងមាំ ខ្ពស់ និងលំអរទៅដោយសន្លឹកសីមានៅខាងមុខ ត្រូវបានកសាងឡើងក្នុងឆ្នាំ ១៨៦៦ដល់ឆ្នាំ១៨៧០ ក្នុងរជ្ជកាល ព្រះបាទ នរោត្តម ដោយអ្នកឧកញ៉ា ទេពនិមិត្ត ម៉ក់ ជាស្ថាបត្យករដ៏ឆ្នើមរបស់កុលបុត្រខ្មែរ។







ដោយ៖ មិនាប្រភព៖ Skyscrapecity