ភ្នំពេញ ៖ រថយន្តតួរីសមួយ គ្រឿង ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2A-1613 ត្រូវរអិលធ្លាក់ចូលក្នុង ទឹក ទន្លេ ជិតស្ពានកោះពេជ្រ ដោយសារតែម្ចាស់ឈប់ ផឹកទឹកអំពៅ ហើយចតរថយន្តចោល មិនបាន ដោះលេខ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅ ចំណុច ជិតស្ពានឥន្ធូរ កោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ប្រជាពលរដ្ឋបានសង្កេត ឃើញ រថយន្តខាងលើ ត្រូវបានម្ចាស់បើកយកមកចត នៅលើចិញ្ចើមផ្លូវ មាត់ទន្លេ ត្រង់ចំណុចកើតហេតុ ។ ចំណែកឯម្ចាស់រថយន្ត បានចុះពីលើរថយន្ត ទៅអង្គុយផឹកទឹកអំពៅ លុះបានរយៈពេលជិត១០នាទី ស្រាប់ តែរថយន្តមួយគ្រឿង នោះ បានរអិល ធ្លាក់ចូលទៅក្នុងទឹកទន្លេ ក្រោមស្ពានឥន្ធូ កោះពេជ្រតែម្តង។ ភ្លាមៗនោះម្ចាស់ រថយន្តបានស្រវេរស្រវ៉ា យកខ្សែពួរ មកចងចុះទៅក្នុងទឹកចងរថយន្តរបស់ខ្លួន ជាប់ជា មួយនឹងបង្កាន់ដៃស្ពាន ព្រោះខ្លាចរថយន្តនោះអណ្តែតទៅតាមទឹកទន្លេបាត់ ។

គួរបញ្ជាក់ថា ក្រោយពីមាន ហេតុការណ៍ភ្ញាក់ផ្អើលនេះ សមត្ថកិច្ចមូលដ្ឋាន បានចុះ មកអន្តរាគមន៍ដល់ កន្លែង កើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើង ដោយសារការធ្វេសប្រហែស របស់អ្នកបើកបរ ដោយចតរថយន្តមិនបានកល់កង់ និងដោះលេខ ទើបបណ្តាលឲ្យមានហេតុការណ៍នេះកើតឡើងតែម្តងទៅ ។

ដោយសង្កេតឃើញ ពុំមានប៉ះពាល់ដល់ ទ្រព្យសម្បត្តិសាធារណៈ និងប្រជាពលរដ្ឋផ្សេងៗនោះ សមត្ថកិច្ច ក៏សម្រេចប្រគល់រថយន្តឲ្យ ម្ចាស់ស្ទូចយកទៅជួសជុលដោយខ្លួនឯង ៕

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល