ចម្លែកៗ ៖ ដោយបានសំកាំងខ្លួនឡើង ភាគខាងត្បូងមាត់បឹង Taihu ក្រុង Huzhou នាខេត្តZhejiang ប្រទេសចិននោះ សណ្ឋាគារ Sheraton Huzhou Hot Springs Resort ត្រូវបានរកអោយឃើញថា ពិតជាមានភាពទាក់ទាញហួស ជាមួយនឹងសិល្បៈនៃការរចនាម៉ូត ពោលគឺមានម៉ូត និងមានរូបរាងចម្លែកជាងគេបំផុតប្រចាំឆ្នាំ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស CNN ។

មិនត្រឹមតែប៉ុណ្ណោះ ប្រភពសារព័ត៌នមានដដែលបន្ថែមថា សណ្ឋាគារ Sheraton HuzhouHot Springs Resort មួយនេះ មានកំពស់ដល់ទៅជាង ១០០ ម៉ែត្រ ឯណោះ ខណៈពេលដែលវាមានប្រវែងដល់ទៅ ១១៦ ម៉ែត្រ ។ Sheraton Huzhou Hot Springs Resort មាន២៧ ជាន់ មានបន្ទប់ស្នាក់នៅដល់ទៅ៣២១បន្ទប់ ។ មិនត្រឹមតែប៉ុណ្ណោះ បើតាមការអោយដឹង ពីប្រភពសារព័ត៌មានដដែលនេះ អះអាងថា សណ្ឋាគារមួយនេះ បានចំណាយទឹកប្រាក់ក្នុងការសាងសង់ដល់ទៅ ជាង ១ ពាន់លានដុល្លារឯណោះ ក៏ព្រោះ តែរាល់សម្ភារៈបរិក្ខាដែលត្រូវបានយកមកតុបតែងនិងសាងសង់ ឡើងនោះត្រូវបានកុម្ម៉ង់ទិញពីបរទេស ដែលសុទ្ធសឹងតែជាគ្រឿងតុបតែងបរិក្ខារទំនើបៗ និងមានគុណភាពល្អបំផុត។

ជាការពិត វាគឺជាសមិទ្ធផលស្នាដៃដ៏ជោគជ័យមួយ ក្រោយពីមានការរចនាម៉ូតពីអ្នកជំនាញខាងចេញប្លង់ គូសម៉ូត និងស្ថាបត្យកម្ម Ma Yansong ។ ដោយសំកាំងខ្លួននៅលើមាត់ជ្រាំងបឹងហើយនោះ រាល់បន្ទប់សណ្ឋាគារមួយនេះ ពិតជាមានទេសភាពស្អាត ពោលគឺបែរមុខទៅរកទេសភាពមាត់បឹង បែបធម្មជាតិ និង មានខ្បល់អាកាសបរិសុទ្ធថែមទៀតផង៕


ដោយ ៖ ពិសីប្រភព ៖ CNN