គិតថានារីៗសាកលវិទ្យាល័យកំពុងតែជិតដល់ថ្ងៃត្រូវចូលរៀនវិញហើយ។ មិត្តនារីៗដែលគិតទេថាការដែលមិត្តនារីៗ ផាត់មុខទៅសាលាច្រើនពេកវាអាចមានបញ្ហាច្រើន?
ថ្ងៃនេះនាងខ្ញុំ ម៉ូកា សូមនាំវិធីផាត់មុខ ងាយៗសម្រាប់និស្សិតស្រីដើម្បីងាយស្រួលក្នុងការតែងមុខចេញទៅសាលាជាប្រចាំ។ ធម្មតានារីៗមិនអាចចោលបានទេនូវទម្លាប់មួយនេះ ព្រោះពេលចេញទៅណាមកណាការតុបតែងមុខមាត់ជាផ្នែកមួយដែលធ្វើអោយនារី មានទំនុកចិត្តក្នុងការបញ្ចេញសកម្មភាពទូទៅ។
ការចេញទៅសាលាក៏ដូចគ្នា តែសម្រាប់ការផាត់មុខទៅសាលាមិត្តនារីគួរយល់ថា វាជាហេតុផលតូចមួយប៉ុណ្ណោះ ព្រោះការប្រើប្រាស់ម្សៅផាត់មុខច្រើនវាមិនល្អសម្រាប់ស្បែកមុខរបស់មនុស្សស្រីនោះទេ សម្រាប់នាងខ្ញុំជាធម្មតា មុនពេលដែលនាងខ្ញុំចាប់ផ្ដើមផាត់មុខ នាងខ្ញុំតែងតែលាងសម្អាតផ្ទៃមុខរបស់នាងខ្ញុំអោយបានស្អាតជាមុនសិន ដើម្បីអោយមានភាពងាយស្រួលក្នុងការផាត់ក៏ដូចជាលាងចេញវិញ។ ម្សៅទ្រនាប់គឺជារបស់មួយដែលសំខាន់ណាស់សម្រាប់រាក់ការផាត់មុខ គួរណាប្រើវាក្នុងបរិមាណសមល្មម ឬអាចតិចតួចត្រឹមតែជាប់ស្បែកថើៗគឺបានហើយ។
បន្ទាប់ពីការលាបម្សៅទ្រនាប់ហើយ មិត្តនារីត្រូវប្រើម្សៅផាត់មុខ តែគួរយល់ថា ការចេញទៅសាលាគឺមិនមែនជាការចូលរួមក្នុងពិធីជប់លៀងនោះទេ ដូចនេះហើយ ការប្រើម្សៅផាត់មុខនេះ គួរណាប្រើប្រាស់បន្តិចបន្ទួចបានហើយ។ ព្រោះគោលបំណងធំនៃការផាត់មុខនេះគឺគ្រាន់តែចង់បាំងនូវស្នាមខ្មៅតូចៗលើមុខមួយចំនួនប៉ុណ្ណោះ។ មិត្តនារីៗគួរណាយកចិត្តទុកដាក់លើការគូរ Eyes Liner ព្រោះការគូរនេះវាសំខាន់ ចំពោះអ្នកដែលមានភ្នែកតូចដូចជា នាងខ្ញុំផ្ទាល់ សម្រាប់អ្នកដែលមានភ្នែកតូច អ្នកគួរណាគូរភ្នែកអោយ ឃើញថាមានទំហំធំបន្តិចប៉ុន្តែមិនត្រូវគូសក្រាស់ពេកនោះទេ ព្រោះវាធ្វើអោយមិនសមជាមួយ សភាពនៃការផាត់មុខរបស់អ្នក។
ការគូរ Eyes Liner សម្រាប់អ្នកដែលមានភ្នែកធំគឺល្អបំផុតប្រសិនបើអ្នកគូរវាស្ដើងហើយតូចដែលវាអាចនាំអោយភ្នែកធំស្រស់ស្អាតរបស់អ្នកមើលទៅកាន់តែ Sexy។ សម្រាប់ការគូសបបូរមាត់ នាងខ្ញុំចូលចិត្តបបូរមាត់តូច ទោះបីជាបបូរមាត់នាងខ្ញុំតូចស្រាប់ក្ដី ការគូសបបូរមាត់នេះអ្នកគួរយល់ថា វាទៅតាមចំណូលចិត្តរបស់អ្នក ហើយសម្រាប់ការផាត់មុខបែបស្ដើងៗនេះ នាងខ្ញុំសូមនែនាំអោយមិត្តស្រីៗប្រើប្រាស់ពណ៌ដែលស្ដើងដូចជា ពណ៌សាច់ ឬពណ៌ផ្កាឈូកខ្ចីជាដើម ចំពោះពណ៌សាច់នេះស្ដាប់ទៅវាដូចជាគំនិតមនុស្សចាស់បន្តិចហើយ ប៉ុន្តែការគូសបបូរមាត់បែបនេះ គឺមើលទៅទន់ភ្លន់សមរម្យជានារីខ្មែរមែនទែន សឹងតែអាចនាំអោយប្រុស សម្លឹងមើលមិនដាក់ភ្នែកទៀតផង។តែមិត្តនារីគួរចងចាំផងដែរថា ពេលមកដល់ផ្ទះមិនត្រូវទុក គ្រឿងសម្អាងអោយនៅជាប់មុខបានយូរនោះទេ គឺគួរណាប្រញ៉ាប់លាងមុខចេញជាមួយទឹកសាប៊ូលាងមុខដែលមាន Ph ប្រហែល ៥.៦ ទៅ៦ លើសនិងក្រោម ៧ ដែលល្អបំផុតសម្រាប់ស្បែកមុខ។ ត្រូវចាំថាការ Make Up គ្រាន់ជាស្រោមមុខមួយដែលធ្វើអោយអ្នកមានទំនុកចិត្តពេលចេញទៅក្រៅតែប៉ុណ្ណោះតែអ្វីដែលអ្នកត្រូវយកចិត្តទុកដាក់ពិតប្រាកដនោះគឺ សុខភាពស្បែកមុខរបស់អ្នកផ្ទាល់៕
ដោយ៖ ម៉ូកា