ភ្នំពេញ៖ អភិបាល រាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បញ្ជាឲ្យមន្រ្តីនគរបាល ចរាចរណ៍ផ្លូវគោក ត្រូវ រឹតបន្តឹង ចំពោះរថយន្តទាំងឡាយណា ដែលនៅចត លើចិញ្ជើមផ្លូវ ដែលវាបានបង្កឲ្យស្ទះចរាចរណ៍ ក៏ដូចជាបាត់បង់សណ្តាប់ធ្នាប់នេះ បើយោងតាមគេហទំព័រ របស់សាលារាជធានីភ្នំពេញ។
លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំជាមួយ ម្ចាស់អាជីវកម្ម និងម្ចាស់រថយន្តដឹក ទំនិញធុនធ្ងន់គ្រប់ប្រភេទកាលពីពេលថ្មីៗនេះថា ចាប់ពីពេលនេះ តទៅមន្រ្តីសាធារណៈការ ត្រូវកំណត់ ពេលឲ្យបានច្បាស់លាស់ចំពោះរថយន្តធុនធំ និងកំណត់តម្រាយផ្លូវឲ្យបានច្បាស់លាស់ ។
លោកបន្ថែមថា ដោយឡែកពេលវេលា ដែលត្រូវធ្វើចរាចរណ៍ចេញចូលក្នុងរាជធានី ត្រូវបន្ធូរបន្ថយ ពី៨ម៉ោងទៅ១០ម៉ោង ដោយចាប់ពីម៉ោង៨ យប់រហូតដល់ម៉ោង៦ព្រឹក។
លោកបន្តថា សមត្ថកិច្ចនគរបាលចរាចរផ្លូវគោករាជធានី ត្រូវរឹតបន្តឹងរថយន្តធំទាំងឡាយ ដែលចត លើចិញ្ជើមផ្លូវបណ្តាលឲ្យបាត់សណ្តាប់ធ្នាប់និងស្ទះចរាចរ ត្រូវតែឃាត់ទុកជាបណ្តោះអាសន្ន នៅកន្លែង ណាមួយក្រៅពីផ្លូវថ្នល់ហើយសាលារាជធានី នឹងផ្តល់ប្រាក់លើកទឹកចិត្តចំនួន៥ម៉ឺនរៀល សម្រាប់ រថយន្តមួយគ្រឿង ព្រោះការចតនេះ បានធ្វើឲ្យប៉ះពាល់ដលើសណ្តាប់ធ្នាប់ គឺស្មើនឹងបទល្មើសចរាចរណ៍៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល