ប្រសិនត្រូវបានគេយល់ថា នឹងនាំមកនូវភាពចង្រៃ បណ្ដាទារកដែលទើបកើត នឹងត្រូវបានបោះឱ្យក្រពើស៊ី ឬបោះចោលទៅក្នុងព្រៃ ដើម្បីកំចាត់បង់គ្រោះទាំងឡាយ។
អបិយជំនឿ បានសម្លាប់កូនរបស់ស្ដ្រីម្នាក់នេះ ដល់ទៅ ១៥រូប
យោងតាមទំព័រ Daily Mail ស្ដ្រី Ethiopia ម្នាក់ ឈ្មោះ Balguda Buco ដែលរស់នៅក្នុងភូមិ Duss នៃកុលសម្ព័ន្ធ Karo នៅជ្រលងភ្នំ Omo ភាគខាងត្បូង Ethiopia ត្រូវបានគេចាត់ទុកថា ជាស្ដ្រីដែលមានការឈឺចាប់ជាទីបំផុត ក្នុងពិភពលោក ដោយសារថា កូនទាំង ១៥នាក់ (ប្រុស ៧ ស្រី ៨) របស់គាត់ សុទ្ធតែត្រូវបានមេកុលសម្ព័ន្ធកាត់ទោសប្រហារជីវិត ដោយការបោះឱ្យក្រពើស៊ី ឬបោះចោលក្នុងព្រៃ។
មេកុលសម្ព័ន្ធយល់ថា កូនទាំងឡាយរបស់ស្ដ្រីម្នាក់នេះ កើតមក សុទ្ធតែត្រូវបណ្ដាសា ហើយនឹងនាំមកនូវភាពចង្រៃដល់ភូមិ និងកុលសម្ព័ន្ធ។ បញ្ហាបានកើតឡើង មុនពេល Balguda រៀបការ ដោយសារតែប្ដីរបស់គាត់ មិនបានចូលរួមក្នុងពិធីបុណ្យមួយរបស់កុលសម្ព័ន្ធ ជាពិធីមួយដែលបុរសទាំងអស់ត្រូវតែធ្វើ មុនពេលយកប្រពន្ធ។ នៅពេល Balguda រៀបការ មេកុលសម្ព័ន្ធប្រកាសថា កូនទាំងអស់របស់ប្ដីប្រពន្ធមួយគូនេះ សុទ្ធតែត្រូវចាត់ទុកជាកូន “ខុសច្បាប់” ហើយនឹងត្រូវបានកាត់ទោសប្រហារជីវិត បន្ទាប់ពីកើតភ្លាម។
ដូច្នេះ កូនទាំងអស់របស់ស្ដ្រីម្នាក់នេះ បានក្លាយជាចំណីរបស់ក្រពើ និងចំណីរបស់សត្វព្រៃ។ បច្ចុប្បន្ន ស្ដ្រីនេះ មានអាយុ ៤៥ឆ្នាំ កំពុងរស់នៅដោយការឈឺចាប់បំផុត ជាមួយនឹងមនុស្សនៅក្នុងភូមិ។
ក្នុងកុលសម្ព័ន្ធ Omo Valley នៅពេលស្ដ្រីម្នាក់ចាប់មានផ្ទៃពោះ នោះ វាសនារបស់ទារកនឹងត្រូវបានគេប្រកាស។ មេកុលសម្ព័ន្ធ ឬបុរសដែលមានវ័យចាស់ជាងគេក្នុងភូមិ នឹងជាអ្នកប្រកាសអំពីបញ្ហានេះ។
មេកុលសម្ព័ន្ធ ដែលធ្លាប់បញ្ជាឱ្យមានការកាត់ទោសប្រហារជីវិតក្មេង ដែលត្រូវគេចាត់ទុកថា ចង្រៃ
បើទោះជាស្រឡាញ់កូន ប៉ុន្ដែ ស្ដ្រីនៃកុលសម្ព័ន្ធ Karo នៅ Omo Valley តែងតែខ្លាចភាពចង្រៃ ដែលកើតឡើងដោយសារកូន និងខ្លាចត្រូវគេដេញចេញពីកុលសម្ព័ន្ធ ដូច្នេះ ពួកគេមានតែធ្វើតាម “ច្បាប់” របស់មេកុលសម្ព័ន្ធ។ កត្តាដែលត្រូវបានគេចាត់ទុកថា ជាមនុស្សដែលនាំមកនូវភាពចម្រៃ គឺរួមមាន កូនភ្លោះ ក្មេងដែលដុះធ្មេញលើមុន ធ្មេញក្រោម។ល។
មេកុលសម្ព័ន្ធអះអាងថា ក្មេងដែលត្រូវបណ្ដាសា នឹងធ្វើឱ្យកុលសម្ព័ន្ធត្រូវរងគ្រោះធំ ដូច្នេះ ត្រូវតែសម្លាប់ពួកគេឱ្យអស់ មុនពេលបញ្ហាធំកើតឡើង។ ជារៀងរាល់ឆ្នាំ មានកុមារប្រហែល ៣០០នាក់ នៅ Ethiopia ត្រូវបានគេកាត់ទោសបែបនេះ។
រដ្ឋាភិបាល Ethiopia បានប្រឹងប្រែងរារាំង និងហាមឃាត់អបិយជំនឿនេះ ប៉ុន្ដែ ជារៀងរាល់ថ្ងៃ នៅតែមានទារកជាច្រើន ត្រូវបានបោះឱ្យក្រពើស៊ី ឬបោះឱ្យសត្វព្រៃធ្វើជាអាហារ ឬក៏បង្អត់អាហារ រហូតដល់ស្លាប់។ អបិយជំនឿបែបនេះ ពេលខ្លះ ជនរងគ្រោះអាចពីការស្លាប់ ប្រសិនទៅប្ដឹងដល់សមត្ថកិច្ចទាន់ពេល។
ការអបរំ គឺជាវិធីមួយ ដើម្បីឱ្យមានការកែប្រែ
ជាចុងក្រោយ ក្នុងឆ្នាំ ២០១២ កុលសម្ព័ន្ធ Karo ក៏បានយល់ព្រមបោះបង់អបិយជំនឿដ៏អាក្រក់នេះ ដោយសារកិច្ចប្រឹងប្រែងរបស់ Lale Labuko និង John Rowe ជាស្ថាបនិកនៃអង្គការមនុស្សធម៌ Omo Child ។ ក្នុងចំណោមដំណោះស្រាយ និងការបញ្ចុះបញ្ចូល អង្គការមនុស្សធម៌ Omo Child ក៏ស្នើឱ្យគូស្វាមីភរិយា យកកូនទៅឱ្យអ្នកដទៃចិញ្ចឹម ជាជាងសម្លាប់ពួកគេ៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Daily Mail