ភ្នំពេញ៖ តារាសម្តែង និង ជាពិធីការិនីវ័យក្មេងកញ្ញា ព្រះកាយច័ន្ទ ក្រោយពីឈានជើង ចូលប្រឡូក ក្នុងវិស័យសិល្បៈអស់រយៈពេលជិត២ឆ្នាំមក ឃើញថាកេរ្តិ៍ឈ្មោះប្រជាប្រិយភាព និងការគាំទ្រ កាន់តែ ឈានឡើងទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ។
ជួបសំណេះសំណាលជាមួយគេហទំព័រLooking TODAY តាមទូរស័ព្ទនារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៣នេះ លោក ពៅ ច័ន្ទតារា ដែលត្រូជាឪពុករបស់កញ្ញា ព្រះកាយច័ន្ទ បានប្រាប់ឲ្យដឹងថា បើ និយាយពីរឿងការងារសិល្បៈបច្ចុប្បន្ននេះ គឺមមាញឹកខ្លាំងរហូតដល់រកតែពេលទំនេរគ្មានផង។
លោក ច័ន្ទតារា បានបន្តថា ព្រះកាយច័ន្ទ មមាញឹកខ្លាំង លើការថតរឿង និង ការធ្វើពិធីការិនី ហើយបច្ចុប្បន្ននេះ ច័ន្ទកំពុងតែថតរឿងភាគឲ្យខាងស្ថានីយទូរសទ្សន៍ប៉ុស្តិ៍លេខ៩ និង រឿងដុំមួយរឿង ទៀតសម្រាប់ចាក់បញ្ចាំងនៅរោងកុន ព្រមទាំងខ្សែភាពយន្ត អប់រំរបស់អង្គការ មួយទៀតផងដែរ។
ឪពុករបស់ ព្រះកាយច័ន្ទ បាននិយាយទៀតថា ចំពោះខ្សែរឿងទាំង៣ខាងលើនេះ ខាងអ្នកដឹកនាំបានជ្រើសរើសឲ្យ ព្រះកាយច័ន្ទ សម្តែងជាតួឯកទាំង៣រឿង។ ចំណែករឿងភាគដែល កំពុងថតឲ្យ ខាង ស្ថានីយទូរសទ្សន៍ប៉ុស្តិ៍លេខ៩ គឺដំណើរការបានប្រហែលជា៣០ ទៅ ៤០ភាគរយហើយ។
លោក ពៅ ច័ន្ទតារា បានបន្តថា សព្វថ្ងៃនេះដែរ ក៏មានខាងស្ថានីយប៉ុស្តិ៍ទូរសទ្សន៍ និងបណ្តាផលិតកម្មមួយចំនួនបានទាក់ទងមកហៅ ព្រះកាយច័ន្ទ ទៅថត ប៉ុន្តែ មិនទាន់បានយល់ព្រមទទួលយក ព្រោះឥឡូវនេះជាប់ថតឲ្យគេអស់ហើយ។
ដោយឡែកទាក់ទងរឿងជីវិតស្នេហាផ្ទាល់ខ្លួនវិញ ត្រូវបានឪពុករបស់ កញ្ញា ព្រះកាយច័ន្ទ ប្រាប់ឲ្យ ដឹងថា មានអ្នកតាមស្រលាញ់ មិនមែនអត់មានទេ ប៉ុន្តែគ្រាន់តែថា កូនខ្ញុំអត់មានប្រើ ទូរស័ព្ទ ទេ។ ដូច្នេះរាល់អ្នកដែលចង់ទំនាក់ទំនង ឬចង់ជួបអី គឺត្រូវឆ្លងកាត់ខ្ញុំ ហើយបើចង់និយាយ ជាមួយច័ន្ទ គឺខ្ញុំឲ្យនិយាយជាមួយ។ ប៉ុន្តែបើនិយាយពីគូស្នេហា ឬទំនាក់ទំនងស្នេហាគឺគ្មានទេ។ឪពុក ព្រះកាយច័ន្ទ បានបន្តថា មុននេះមានបុរសអាណិកជនខ្មែររស់នៅអូស្រ្តាលីស្រលាញ់ច័ន្ទដែរ តែខ្ញុំមិនទាន់ឱ្យមាន។ បុរសម្នាក់នេះគេសុំឲ្យចាស់ទុំចូលមកស្តីដណ្តឹង ប៉ុន្តែខ្ញុំមិនទាន់យល់ព្រម ព្រោះ ច័ន្ទ នៅក្មេងពេក។ ម្យ៉ាងទៀតគេក៏បានមកដល់ស្រុកខ្មែរ ហើយមានបំណងនាំចាស់ទុំ មក ចូលស្តីដណ្តឹងផងដែរ ប៉ុន្តែត្រូវបានខ្ញុំឃាត់ មិនឲ្យចូលដោយហេតុថា កូននៅក្មេងពេក។
លោក ពៅ ច័ន្ទតារា ដែលជាឪពុក ព្រះកាយច័ន្ទ បានបន្ថែមថា ក្រោយពីលោកឃាត់មិនឲ្យចូល បុរសម្នាក់នេះក៏បានឡើងយន្តហោះទៅអូស្ត្រាលីវិញ ហើយចាប់តាំងពីពេលនោះមក បុរសម្នាក់ នេះក៏លែងហានទាក់ទងមកទៀតដែរ ពោលគឺ ចាប់តាំងពីពេលនោះមក រហូតមកដល់ឥឡូវ នេះតែម្តង៕


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល