អន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលបានចេញផ្សាយកាលពីម្សិលមិញនេះ បានអោយដឹងថា មានមន្ទិលសង្ស័យមួយទាក់ទិនទៅនឹងថាតើ ជម្ងឺសា (Sars)អាចនឹងផ្ទុះឡើងសាជាថ្មីឬយ៉ាងណា?

គួរបញ្ជាក់ផងដែរថា មន្ទិលសង្ស័យមួយនេះ ត្រូវបានកើតឡើង បន្ទាប់ពីបុរសវ័យ ៤៩ ឆ្នាំម្នាក់កំពុងតែតស៊ូប្រយុទ្ធប្រឆាំងជាមួយនឹងជម្ងឹម៉្យាង ក្នុងការរស់រានមានជីវិត នៅក្នុងមន្ទីរពេទ្យ ទីក្រុងឡុងដ៍ ដែលត្រូវបានក្រុមវេជ្ជបណ្ឌិតបានអះអាងថា វាមានសភាពស្រដៀងទៅនឹងជម្ងឺសា (Sars) ដូច្នោះដែរ។

មិនត្រឹមតែប៉ុណ្ណោះ របាយការណ៍ដដែលក៏បានបន្ថែមអោយដឹងផងដែរថា មកទល់នឹងពេលនេះ ចក្រភពអង់គ្លេសក៏បានប្រកាសអាសន្នផងដែរ ទាក់ទិននឹងករណីមួយនេះ ។ បើនិយាយពីបុរសវ័យ ៤៩ ឆ្នាំរូបនោះវិញ មិនទាន់ត្រូវបានបញ្ជាក់អត្តសញ្ញាណអោយដឹងនោះទេ គ្រាន់តែបានបញ្ជាក់ថា គាត់ត្រូវបានបញ្ជូនមកទីក្រុងឡុងដ៍ តាមរយៈជើងហោះហើរឯកជនចេញពីប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីដ ខណៈពេលដែលរកឃើញថាគាត់មានជម្ងឺចម្លែកម៉្យាងដែលអ្នកវិទ្យាសាស្រ្តបានអះអាងជំហានដំបូងថា វាស្រដៀងទៅនឹងជម្ងឺសា (Sars)។
គួររំឮកផងដែរថា ករណីស្រដៀងគ្នាមួយផ្សេងទៀត ក៏បានឆក់យកអាយុជីវិតបុរសម្នាក់ផងដែរ នៅក្នុងប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីដ ស្របពេលដែលមានមន្ទិលសង្ស័យថា តើជម្ងឺសា (Sars) អាចនឹង ផ្ទុះឡើងសាជាថ្មីឬយ៉ាងណា ខណៈពេលដែលករណីដ៏ក្តៅគគុកមួយនេះ កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕
ដោយ ៖ ពិសីប្រភព ៖ Daily