ខ្លាំងប៉ះខ្លាំងវាពិតជាគួរឲ្យ ចាប់អារម្មណ៍ហើយ ជាមួយនឹងក្រុមការពារ តំណែងជើងឯក បិសាចក្រហម Manchester United ត្រូវស្វាគមន៍ ក្រុមភ្ញៀវកាំភ្លើងធំ Arsenal នៅរាត្រី ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកាពីក្នុងជើងទី១ សប្តាហ៍ទី១១ នៃយុទ្ធនាការពានរង្វាន់ Premier League រដូវកាលឆ្នាំ ២០១៣-២០១៤ នៅម៉ោង ២៣ និង១០នាទី យប់ (ម៉ោងនៅកម្ពុជា) ។

ការជួបជាមួយ ក្រុមកំពុងឈរនៅកំពូល តារាង Arsenal វារឹតតែស្វិតស្វាញ ខ្លាំងឡើងថែមទៀត សម្រាប់ក្រុម Man Utd របស់លោក David Moyes ក្រោយពេលដែលជួប ជាមួយក្រុមខ្លាំង តោខៀវ Chelsea អាចទប់បាន ០-០ នៅកីឡដ្ឋាន Old Trafford ផងដែរ បើទោះបីជាកំពុងតែ ធ្លាក់ជើងខ្លាំងណាស់ នៅដើមរដូវកាលនេះ និងឈរនៅនៅលេខរៀងទី៨ ជាបណ្តោះអាសន្នដោយមាន ១៧ពិន្ទុនៅឡើយ ពី១០ប្រកួតក្នុងលីក។ Man Utd ទើបតែបានឈ្នះ៥ ស្មើ២ និង ចាញ់៣។

នៅក្នុង Premier League បិសាចក្រហមលេង មិនសូវកាក់កបសោះ តែជោគជ័យ ក្នុងពាន Capital One Cup និងបាន កំពុងឈរនៅកំពូលតារាងក្នុងពូល A នៃព្រឹត្តិការណ៍ UEFA Champions League ។ ប្រវត្តិជួបគ្នា ៤ប្រកួតចុងក្រោយ នៅទឹកដីរបស់ Man Utd, Arsenal លេងមិនដែលឈ្នះសោះ ដោយត្រូវ Man Utd លុតតែរហូតនៅក្នុង រជ្ជកាលលោក Sir Alex Ferguson នៅដឹកនាំ និងធ្លាប់បំបាក់ដោយ លទ្ធផល ៨-២ ម្តងដែរមិនគួរឲ្យជឿកាលពីឆ្នាំ ២០១១ ។

ដោយស្ថិតក្នុងទឹកដី ខ្លួនឯង Man Utd នឹងសង្ឃឹមថា ទទួលបានលទ្ធផលល្អ ក្រោមការដឹកនាំ របស់គ្រូបង្វឹកដែលមិនសូវ ជោគជ័យ David Moyes ក្រោយពេល ដែលទប់បាន ០-០ ក្នុង Champions ជាមួយក្រុម Real Sociedad របស់ អេស្ប៉ាញ ខណៈដែល Arsenal ទទួលបាន៣ពិន្ទុនៅទឹកដី របស់ Borussia Dortmund របស់អាល្លឺម៉ង់ ដោយលទ្ធផល ១-០ ដោយហើយក៏សង្ឃឹមថា នឹងទទួលបានលទ្ធផលល្អ បន្តទៀតដែរ ដោយមានកីឡាករខ្សែបម្រើ ចំណូលថ្មី Mesut Ozil ៕

width=600

ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល