ភ្នំពេញ ៖ រថយន្តប្រភេទសាំយ៉ុង និងរថយន្តទួរីសចំនួន ១៩គ្រឿង ភាគច្រើនអត់មានសា្លកលេខ ត្រូវបាន ម្ចាស់ រថយន្តពិតប្រាកដទទួលបានព័ត៌មានថា រថយន្តរបស់ពួកគេទាំងនេះ ត្រូវបានយកទៅលាក់ទុក នៅក្នុងផ្សារស្តង់ បុរីកីឡាថ្មី ក្បែរអធិការដ្ឋាននគរបាល ខណ្ឌ៧មករាក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ក្រោយពីអ្នកជួលរថយន្តទាំងនេះស៊ីដាច់ ហើយយករថយន្តទៅលាក់ទុកនៅក្នុងផ្សារ ដែលគេសង្ស័យថា មានការចូលរួម គំនិតលាក់បាំង ពីប្រធានផ្សារ សមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធជាដើម។
សេចក្តីរាយការណ៍ ពីម្ចាស់រថយន្តពិតប្រាកដបានឲ្យដឹងថា ការបែកធ្លាយព័ត៌មានថា មានករណីលាក់ទុក រថយន្ត នៅក្នុងផ្សារស្តង់បុរីកីឡាថ្មីខាងលើនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣ ប៉ុន្តែដោយសារ ហួសម៉ោងរដ្ឋបាល ទើបព្រះរាជអាជ្ញា សម្រេចបិទផ្សារនេះជាបណ្តោះអាសន្ន ដោយរង់ចាំ មានវិធានការនៅព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៣នេះ ។
បើតាមសេចក្តីរាយការណ៍ខាងលើ បានឲ្យដឹងថា រថយន្តប្រភេទសាំយ៉ុង និងទួរីសទាំងនេះ ត្រូវបានគេជួលយកទៅជិះ ប៉ុន្តែអ្នកជួលបែរជាស៊ីដាច់ហើយមិនដឹងមកពីមូលហេតុអ្វីបានជារថយន្តខាងលើ ត្រូវបាន យកទៅលាក់ទុក នៅក្នុងផ្សារនេះទេ ដូច្នេះជាប់ពាក់ព័ន្ធនឹងប្រធានផ្សារ ព្រមទាំងសមត្ថកិច្ចមូលដ្ឋាន។
កាលពីល្ងាចថ្ងៃទី២៣ ខែសីហា នាយនគរបាល ប៉ុស្តិ៍វាលវង់ ខណ្ឌ៧មករា លោក ណុប បូរិនឆសាក់ មិនបាន និយាយអ្វីមួយម៉ាត់ដល់អ្នកកាសែតនោះឡើយជុំវិញករណីនេះ៕
![src=http://image.dap-news.com:81/dap-news/dap-images/2013/August/id-068/SH-0243.jpg width=500]()


![src=http://image.dap-news.com:81/dap-news/dap-images/2013/August/id-068/SH-0246.jpg width=500]()

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល