ភ្នំពេញ៖ ថ្មីៗនេះមានព័ត៌មានមួយលេចឮថា តារាចម្រៀងស្រីសម្បុរស្រអែម ខ្ពស់ស្រឡះ សុខ ស្រីនាង បានសម្រេចចិត្ត មិនដើរលើផ្លូវចាស់ ក្នុងរឿងស្នេហា ដោយនាងបានផ្ដាច់ ទំនាក់ទំនងស្នេហ៍ជាមួយ បុរសវ័យជាង ៣០ ឆ្នាំ ម្នាក់ ទាំងដែលបាន ស្វែងយល់ចិត្តគ្នា អស់ជាច្រើនថ្ងៃខែមកហើយនោះ ព្រោះតែនាងខ្លាច ស្រមោលស្នេហ៍ចាស់ ដែលតែងតែតាមលង បន្លាចនាងទាំងយប់ទាំងថ្ងៃ មិនស្រាកស្រាន្ត។

តារាចម្រៀង សុខ ស្រីនាង ដែលហក់ចូលផលិតកម្មសាន់ដេ បានជិតមួយឆ្នាំមកនេះ ឃើញថា នាងទទួលបានសន្ទុះ នៃការគាំទ្រពីទស្សនិកជនច្រើនគួរសម ជាពិសេស បទចម្រៀងបែបមនោសញ្ចេតនា ដែលបានចេញលក់ លើទីផ្សារជាបន្តបន្ទាប់ ហើយបទទាំងនោះភាគច្រើន បានរៀបរាប់ពីខ្សែជីវិតពិត របស់នាងទៀតផង។ មិនតែប៉ុណ្ណោះម្ចាស់ផលិតកម្ម ក៏ខំជួយស្តារកេរ្តិ៍ឈ្មោះ របស់នាងមកវិញខ្លាំងណាស់ដែរ តាមរយៈការបើក ឱកាសឲ្យនាង សម្តែងខ្សែភាពយន្តខ្នាតធំ ដែលមានចំណងជើងថា “វិញ្ញាណបិសាចជញ្ជក់ឈាម” ក្នុងតំណែងជាតួឯកទៀតផង។

មួយរយៈមុននេះមាន ព័ត៌មានបានលេចឮថា អ្នកនាង សុខ ស្រីនាង មានទំនាក់ទំនងស្នេហ៍ ជាមួយបុរសម្នាក់ អាយុប្រមាណជាង ៣០ ឆ្នាំ ហើយកំពុងស្ថិតក្នុងការមើលចិត្តគ្នា ទៅវិញទៅមក ស្ទើរតែឈានទៅដល់ជីវិត អាពាពិពាហ៍ទៅហើយ ។ ស្រាប់តែពេលថ្មីៗនេះមាន អ្នកមេម៉ាយស្រស់ស្អាត លក្ខណៈស្រគត់ស្រគំរូបនេះ បានបញ្ចប់ជីវិតស្នេហានោះវិញ ហើយចាប់យកការងារសិល្បៈបន្លំទុក្ខ ដោយសារតែ នាងខ្លាចមានបញ្ហាស្នេហ៍ប្រេះឆា មិនសមបំណង ដែលអាចធ្វើឲ្យប៉ះពាល់ដល់ ការងារនាងដូចលើកមុនទៀត។

គួររំឭកផងដែរថា អ្នកនាង សុខ ស្រីនាង មានស្រុកកំណើតក្នុងទីក្រុង ភ្នំពេញ ហើយជាតារាស្រី ក្នុងផលិតកម្ម KH Promotion។

នាងបានរៀបការជាមួយលោក ស៊ី សុវត្ថិ ដែលជាតារាចម្រៀងប្រុស រូមទ្រនំនៅក្នុងផលិតកម្ម KH Promotion កាលពីថ្ងៃទី ២៧ ខែមីនាឆ្នំា ២០១០ ក្រោមការចូលរួមផ្តល់ពរជ័យពីសំណាក់ ក្រុមគ្រួសារ និងមិត្តភក្តិយ៉ាងច្រើនកុះករ ប្រមាណ ៧០ តុ នៅ វិមានចរណៃសាលមហោស្រពចេនឡា ហើយនៅថ្ងៃទី ១១ ខែមេសា អ្នកទាំងពីរក៏បានទៅ កាត់ចំណងដៃនៅ ភោជនីយដ្ឋានស្ទឹងសែន ខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពី ភ្ញៀវកិត្តិយសជាង ១០០ តុ ។ រៀបការហើយភ្លាមៗ អ្នកនាង សុខ ស្រីនាង បានមករស់នៅជាមួយ ស្វាមីនៅវីឡាមួយនៅម្តុំទឹកថ្លា ។ មិនតែប៉ុណ្ណោះ នាងថែមប្តូរមកជិះរថយន្ត មែរសឺដេសទៀតផង។

ប៉ុន្តែជីវិតអាពាពិពាហ៍ហ៊ឺហារបស់នាង និងលោក ស៊ី សុវត្ថិ មិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែ អ្នកនាង សុខ ស្រីនាង សុំលែងលះ មិនព្រមត្រូវរ៉ូវវិញ ទោះបីជាមានការអង្វករពីឪពុក ម្តាយក្មេក យ៉ាងណាក៏ដោយ។ បន្ទាប់ពីបញ្ចប់ជីវិត អាពាពិពាហ៍រួចមក អ្នកនាង សុខ ស្រីនាង បានត្រឡប់ចូលសិល្បៈវិញ ដើម្បីទាមទារយកប្រជាប្រិយភាព ដែលនាងធ្លាប់ជាតារាស្រី លេចធ្លោជាងគេក្នុងផលិតកម្ម KH Promotion ព្រោះថាប្រជាប្រិយភាពនោះ វាបាត់ស្ទើរតែទាំងស្រុង ទៅហើយ ក្រោយពេលដែលនាងរៀបការរួច៕

Looking

Looking

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល