ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្អុជា នឹងរៀបចំពិធីអបអរសារទរអ្នកចូល Like ក្នុងទំព័រហ្វេសប៊ុក របស់ខ្លួនគម្រប់១០ម៉ឺននាក់ នៅថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង ១១ ព្រឹក នៅក្នុងស្ថានទូតតែម្តង។ ពិធីនេះធ្វើឡើងក្នុងគោលបំណង អរគុណប្រជាជនកម្ពុជា ដែលបានចូលរួម Like ទំព័រ Facebook និង Blogរបស់ស្ថានទូតអាម៉េរិកនៅកម្ពុជាដើម្បីទទួលបាននូវព័ត៌មានផ្សេងៗ ពីសកម្មភាពរបស់ស្ថានទូតអាមេរិក។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជាបានឲ្យដឹងថា លោកឯកអគ្គរដ្ឋទូត William E. Todd នឹងថ្លែងសុន្ទរកថានៅក្នុងពិធីនេះ។
ក្នុងសេចក្តីប្រកាស ព័ត៌មាននេះ បានបញ្ជាក់ថា តាំងពីលោក William E. Todd បានមកដល់កម្ពុជានៅ ខែមេសា ឆ្នាំ២០១២ លោកបានធ្វើការ ដើម្បីបន្ថែមតម្លៃលើប្រតិបត្តការ នៃប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ស្ថានទូតអាម៉េរិក និងដើម្បីបង្កើនអត្ថប្រយោជន៍របស់វាសម្រាប់ប្រជាជនកម្ពុជា។ ក្នុងរយៈពេល ១៦ ខែកន្លងមកនេះ ចំនួនអ្នកចូល រួមក្នុង Facebook របស់ស្ថានទូតអាម៉េរិក ពោលគឹអ្នកដែលបានចុច “Like” នៅលើទំព័រ Facebook នេះបានកើនឡើងពីចំនួនតិចជាង ៣០,០០០ នាក់ ទៅដល់ចំនួនជាង ១០០.០០០នាក់។
ទំព័រ Facebook របស់ស្ថានទូតអាម៉េរិក ផ្តល់ឲ្យប្រជាជនកម្ពុជានូវឱកាសអាចធ្វើការទាក់ទងដោយផ្ទាល់ជាមួយ ស្ថានទូតអាម៉េរិក ដោយទទួលបានព័ត៌មានថ្មីៗ ស្តីពីព្រឹត្តិការណ៍ កម្មវិធី ឱកាសនានា និង សរសេរមតិ សំណួរស្តីពី រឿង ដែលគេចាប់អារម្មណ៍។ ទំព័រ Facebook នេះថែមទាំងធ្វើជាវេទិកាមួយ សម្រាប់ប្រជាជនកម្ពុជា ធ្វើការលើក ឡើងជាមួយគ្នាដែលភាគច្រើនទាក់ទងនឹងប្រធានបទដែលលើកឡើងដោយស្ថានទូតអាម៉េរិក។
ពិធីនេះមានអ្នកចូលរួមតាមការអញ្ជើញ ហើយមិនបើកចំហសម្រាប់សាធារណជនទូទៅទេ៕
