ភ្នំពេញៈ ស្រ្តីម្នាក់ជាម្ចាស់ផ្ទះ លក់គ្រឿងក្រអូប ដូរលុយ និងថតរូប ត្រូវបានជនសង្ស័យ ពីរនាក់ ចូលវាយ១ ញញួរចំកញ្ចឹងក បណ្តាលឲ្យរងរបួសធ្ងន់ សន្លប់ឈឹង បន្ទាប់វាយម្ចាស់ផ្ទះ ហើយជនសង្ស័យ បាននាំគ្នាគេចខ្លួនទៅ  ជាន់លើបាត់ នគរបាល ធ្វើការឡោមព័ទ្ធឃាត់ខ្លួន   ជនសង្ស័យពីរនាក់ នាំយកទៅសាកសួរ   ប្រជាពលរដ្ឋ    នៅកន្លែងកើតហេតុសង្ស័យថា  ជាករណីប្លន់ ប៉ុន្តែនគរបាលសង្ស័យថា     ជាករណីគំនុំ។ ហេតុការណ៍នេះកើត ឡើងកាលពីវេលា ម៉ោង៩ និង៣០ នាទី ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅទល់មុខផ្សារទួលពង្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។

លោកម៉ៃ សេង ឪពុកជនរងគ្រោះបានឲ្យដឹងថា កូនស្រីរបស់គាត់មានឈ្មោះម៉ៃ ផល្លីន អាយុ២៦ឆ្នាំ មានមុខ របរលក់ដូរគ្រឿងក្រអូប ដូរលុយនិងថតរូប រងរបួសត្រង់កញ្ចឹងកយ៉ាងធ្ងន់ធ្ងរ សន្លប់បាត់ស្មារតីឈឹងនៅនឹងកន្លែង ប្តីរបស់នាងមានឈ្មោះ កាន់ សុភាធន់ អាយុ ៣០ឆ្នាំជាងមានមុខរបរ ជាកម្មករោងចក្រ អ្នកទាំងពីរ រស់នៅក្នុង ផ្ទះកើតហេតុ។ ចណែកឯជនសង្ស័យវិញ មានបក្ខពួក ២នាក់ ពុំត្រូវបានគេ ស្គាល់អត្តសញ្ញាណនោះទេ ប្រដាប់ដោយញញួរ១។

ប្រជាពលរដ្ឋរស់នៅក្បែរកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្រ្តីរងគ្រោះនៅផ្ទះម្នាក់ឯងចំណែកប្តីរបស់នាងវិញ ទៅបំរើការងារ នៅក្នុងរោងចក្រ ខណៈនាងកំពុង តែរៀបចំអីវ៉ាន់ លក់ដូរនោះ  ស្រាប់តែមានជនសង្ស័យពីរនាក់   ដើរចូលទៅក្នុងផ្ទះទំនង ដូចជាចង់ទិញអីវ៉ាន់ ប៉ុន្តែពេលទៅជិតជនរង គ្រោះ  ស្រាប់តែ ដកញញួរក្បាលដែក ដងឈើ វាយទៅលើជនរងគ្រោះ ចំកញ្ចឹងក ១ញញួរ បណ្តាលឲ្យនាងដួលដេក ទៅនឹងដី សន្លប់ ឈឹង  ភ្លាមៗ នោះ អ្នកជិតខាងប្រទះ ឃើញទាន់ស្រែកឆោឡោឡើង  ទើបធ្វើឲ្យជនសង្ស័យ ភ័យរត់គេចខ្លួន ឡើងទៅជាន់លើបាត់ពុំ ទាន់យកអ្វីបាននោះទេ ។

ប្រជាពលរដ្ឋបានបន្តថា ភ្លាមៗនគរបាលបានចុះទៅដល់កន្លែងកើតហេតុហើយធ្វើការឡោមព័ទ្ធ ដើម្បីស្វែងរក ចាប់ ខ្លួនជនសង្ស័យ ហើយក្នុងនោះមានការសង្ស័យ ទៅលើគូរសង្សារ១គូរ ដែលកំពុងសំងំនៅក្នុងបន្ទប់ជួលជាន់លើរួចក៏នាំយកទៅធ្វើការសាកសួរ ។ ចំណែកឯជនរងគ្រោះវិញ ត្រូវបាននគរបាលហៅ  រថយន្តសង្គ្រោះ របស់អង្គភាព ៧១១ កងពលតូចលេខ៧០ ដឹកយកទៅកាន់មន្ទីរ ពេទ្យព្រះកុសមៈ ហៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីសង្គ្រោះអាយុជីវិតបន្ទាន់។

លោកប៊ន សំអាត អធិការនគរបាល    ខណ្ឌពោធិ៍សែនជ័យ    ដែលបានចុះទៅដល់កន្លែង កើតហេតុបានឲ្យដឹងថា   ការចូលវាយដល់ក្នុងផ្ទះនេះ ទំនងជាករណីគំនុំ ពីព្រោះជនសង្ស័យ ពុំបានយកអ្វីទាំង អស់ គឺគ្រាន់តែ វាយ ជនរងគ្រោះរួចគេចខ្លួនតែម្តង    ដោយបានបន្សល់ទុកញញួរ១ និងកូនសោបន្ទប់១ចង្កោម ភ្លាមៗនោះ   កម្លាំងរបស់លោកឃាត់ខ្លួនគូរសង្សារ១គូរ  នាំយកទៅសាកសួរ  ប៉ុន្តែវាគ្រាន់តែ   សង្ស័យប៉ុណ្ណោះទេ។ ប៉ុន្តែទោះ បីយ៉ាងណាក៏ដោយលោក នឹងខិតខំស្រាវ ជ្រាវស្វែងរកជនដៃ ដល់ ដើម្បីចាប់យកមកផ្តន្ទាទោសឲ្យខាងតែបាន។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលបន្តនៅ មន្ទីរពេទ្យលោកសង្ឃ ចំណែកឯជនសង្ស័យទាំងពីរត្រូវ ឃាត់ខ្លួន ជា បណ្តោះអាសន្ននៅប៉ុស្តិ៍ចោមចៅ ៕

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល