ភ្នំពេញ៖ បច្ចុប្បន្នអតីត Freshie Girl ចំណាត់ថ្នាក់លេខ១ ឆ្នាំ២០១១ កញ្ញា ហ៊ុយ ច័ន្ទរាជនី ត្រូវបានមហាជនអ្នកតាមដានសង្គមសិល្បៈមួយចំនួន មើលឃើញថា នាងកំពុងតែមានយីអ៊ុនខ្ពស់ ក្នុងការងារសិល្បៈតាមរយៈការសម្តែង ខ្សែភាពយន្ត ខារ៉ាអូខេបទចម្រៀង និងថតស្ពតពាណិជ្ជកម្មផ្សេងៗ ។
ខណៈការងារសិល្បៈ កំពុងតែមមាញឹកស្ទើរតែ រកពេលសម្រាកមិនបានផងនោះ ស្រាប់តែថ្មីៗនេះ តារាសម្តែង និងជាអតីត Freshie Girl កញ្ញា ហ៊ុយ ច័ន្ទរាជនី ត្រូវបានប្រភពពីអ្នក នៅក្នុងចង្កោមសិល្បៈមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើប ប្រាប់ LookingTODAY ឲ្យដឹងថា បច្ចុប្បន្នការងារសិល្បៈរបស់ កញ្ញា ហ៊ុយ ច័ន្ទរាជនី ហាក់មមាញឹកយ៉ាងខ្លាំង ព្រោះនាង ត្រូវសម្តែងខ្សែភាពយន្ត ថតខារ៉ាអូខេបទចម្រៀង ស្ទើរតែរាល់ថ្ងៃ ។
ជុំវិញការងារសិល្បៈ កំពុងតែកាក់កប មមាញឹកនេះដែរ ប្រភពដដែលខាងលើ បានបង្ហើបប្រាប់ឲ្យដឹងទៀតថា ស្រីស្រស់ ហ៊ុយ ច័ន្ទរាជនី មានខ្នងបង្អែកនៅក្នុងផលិតកម្មហង្សមាស រង់ចាំជួយយិតយោងនាង ដើម្បីឲ្យនាងទទួលបានឱកាសច្រើន ក្នុងការសម្តែងខ្សែភាពយន្ត និងខារ៉ាអូខេបទចម្រៀង ។
មិនតែប៉ុណ្ណោះប្រភពដដែល បានបញ្ជាក់យ៉ាងច្បាស់ថា តារាសម្តែងដែលកំពុងតែទទួលបានប្រជាប្រិយភាពរូបនេះ តែងតែបង្ហាញវត្តមានជានិច្ច នៅក្នុងការសម្តែងខារ៉ាអូខេបទចម្រៀង និងខ្សែភាពយន្តរបស់ ហង្សមាស ។
ចំពោះការលើកឡើងរបស់ប្រភពខាងលើនេះ ក៏ត្រូវបានមហាជនមួយចំនួន មានការសង្ស័យយ៉ាងដូច្នេះ ព្រោះគេសង្កេតឃើញថា តារាសម្តែងសម្បូរ មន្តស្នេហ៍ ហ៊ុយ ច័ន្ទរាជនី មានវត្តមានសម្តែងនៅក្នុងខារ៉ាអូខេបទចម្រៀងស្ទើរ តែគ្រប់វ៉ុលនៅក្នុងផលិតកម្ម ហង្សមាស ។ លើសពីនេះទៅទៀតនោះ គេមើលឃើញថា នាង ហាក់មិនសូវទទួលបានការសម្តែង នៅក្នុងផលិតកម្មផ្សេងៗ ក្រៅពីផលិតកម្មហង្សមាស នោះទេ ។
ទោះជាយ៉ាងណា ជុំវិញការលើកនេះ ត្រូវបានអតីត Freshie Girl លេខ១ប្រចាំឆ្នាំ២០១១កញ្ញា ហ៊ុយ ច័ន្ទរាជនី បានប្រាប់ LookingTODAY តាមទូរស័ព្ទនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៣នេះថា តាមពិតទៅ ខ្ញុំមិនមានខ្នងបង្អែក ដូចជាការលើកឡើង នោះទេ ។ តែចំពោះខ្ញុំ ជាអ្នកសិល្បៈអ៊ីចឹង គឺមានគេស្គាល់ខ្ញុំច្រើន តែការស្គាល់ស្និទ្ធស្នាលនោះ គឺមិនមាននោះទេ ។
កញ្ញា ហ៊ុយ ច័ន្ទរាជនី បានឲ្យដឹងទៀតថា ការដែលគេមើលឃើញថា ខ្ញុំសម្តែងនៅក្នុងផលិតកម្ម ហង្សមាស ច្រើន គឺដោយសារតែបទចម្រៀងនោះ គឺមានលក្ខណៈជាសាច់រឿង«Story»ជាប់ៗគ្នា ដូច្នេះគេក៏មើលឃើញ ថាខ្ញុំសម្ដែងច្រើនបែបហ្នឹងទៅ ៕




ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល