ភ្នំពេញៈ ពិធីការិនីសំឡេងស្រទន់ សាច់សខ្ចីរូបស្រស់ប្រចាំកម្មវិធី “Top Teen Concert” ប្រចាំស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥ កញ្ញា អឿន ដាលីស ថ្មីៗនេះបានធ្វើឲ្យទស្សនិកជន មានការងឿងឆ្ងល់នៅពេលដែល នាងលេចមុខលេចមាត់ គ្រងតំណែងជាពិធីការិនី នៅក្នុងបណ្តាញស្ថានីយទូរទស្សន៍ ស៊ី ធី អ៉ិន ។

ថ្មីៗនេះពិធីការិនីដែល ធ្លាប់ចេញមុខអះអាងថា នាងកំពុងតែត្រៀមខ្លួន ឡើងយន្តហោះបោះពួយទៅប្រទេស អូស្ត្រាលីនោះ ស្រាប់តែពេលនេះ នាងបានលេចមុខយ៉ាង ព្រងើយធ្វើជាពិធីការិនី ចាប់ដៃគូជាមួយលោក សាយ រតនៈ ក្នុងកម្មវិធី “បើកបរសុវត្ថិភាព” នៅក្នុងស្ថានីយទូរទស្សន៍ ស៊ីធីអ៉ិនទៅវិញ។ ជុំវិញព័ត៌មាននេះត្រូវបាន មហាជនលើកឡើងជាចម្ងល់ថា នាងប្រហែលជាលាឈប់ពី ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលជាទ្រនំចាស់ ហើយហោះហើរ ទៅជ្រកទ្រនំថ្មីវិញ ដោយតែមូលហេតុអ្វី ?

ចុះកាលពីពេលថ្មីនេះៗ នាងទើបតែប្រាប់សារព័ត៌មានក្នុងស្រុកថា នាងត្រៀមខ្លួនចេញទៅរៀន ជំនាញរបស់នាងបន្តនៅក្រៅប្រទេស ហេតុអីបានជា នាងចូលខ្លួនទៅបម្រើ ការងារនៅក្នុងស្ថានីយទូរទស្សន៍ ស៊ី ធី អ៉ិន បែបនេះទៅវិញ?

ទន្ទឹមនឹងមានការលើកឡើងបែបនេះ ក៏មានមតិមួយចំនួននិយាយថា ការដែលនាងរលាស់ខ្លួន ហក់លោតមកទ្រនំថ្មីនេះ ដោយសារតែកេរ្តិ៍ឈ្មោះ ភាពល្បាញល្បី ទើបធ្វើឲ្យនាងសម្រេចចិត្តបែបនេះ ។តែក៏មិនទាន់មានព័ត៌មាន ច្បាស់ការណាមួយអាចបញ្ជាក់ថា នាងចុះកុងត្រាធ្វើជា បុគ្គលិកពេញសិទ្ធិ នៅស្ថានីយទូរទស្សន៍ ស៊ី ធី អ៉ិន ឬក៏នាងគ្រាន់តែបន្ថែមការងារថ្មី មួយទៀតនោះទេ ។

តែអ្វីដែលប្លែកនោះ កម្មវិធីដែលពិធីការិនីរូបនេះកាន់ គឺមិនមានលក្ខណៈបែបសិល្បៈនោះទេ។ ផ្ទុយទៅវិញគឺបែរជាទាក់ទង ទៅខាងសង្គមពោល គឺផ្តោតសំខាន់ ទៅលើការអប់រំណែនាំទៅលើ សុវត្ថិភាពចរាចរណ៍ ក្នុងការធ្វើដំណើរនៅលើដងផ្លូវ ដែលវាខុសពីជំនាញរបស់នាង ដែលធ្លាប់តែកាន់ក្បាលមេក្រូ និយាយផ្ដោះផ្ដងក្នុងកម្មវិធីប្រគំតន្រ្តី។

ទាក់ទងទៅនឹងចម្ងល់ទាំងអស់នេះ Looking TODAY បានព្យាយាមទាក់ទងទៅ កញ្ញា អឿន ដាលីស តាមទូរស័ព្ទដែលនាងធ្លាប់ប្រើ តែមិនបានទទួលការ បកស្រាយណាមួយឡើយ ដោយទូរស័ព្ទដែលនាង ធ្លាប់ប្រើត្រូវបានប្រភពបង្ហើបថា នាងបានប្ដូរអស់ទៅហើយ៕

/

width=499

width=499

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល