ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ដែលទើបតែជាប់ ឆ្នោតនាអាណត្តិទី៥ បានថ្លែងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ថា រាជរដ្ឋាភិបាលកម្ពុជា នឹងដំឡើង ប្រាក់បៀវត្សដល់មន្ដ្រីរាជការ និងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០១៤។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ដ្រីអាណត្តិទី៥ លើកដំបូង នៅវិមាន សន្តិភាពថា រយៈពេល ១០ឆ្នាំចុងក្រោយ ប្រទេសកម្ពុជា មានអត្រាកំណើនសេដ្ឋកិច្ច ជាមធ្យម ៨% និងបានកាត់បន្ថយ អត្រាភាពក្រីក្រ បានលើសពី ១% ក្នុងមួយឆ្នាំៗ។ ពាក់ព័ន្ធនឹងដំណើរការ ដំឡើងប្រាក់បៀវត្ស ជូនមន្ដ្រីរាជការ និងកម្លាំងប្រដាប់អាវុធ កាលពីអាណត្តិទី៣ និងទី៤ រាជរដ្ឋាភិបាលដំឡើងតាមអត្រា ២០%ក្នុងមួយឆ្នាំ តែសម្រាប់អាណត្តិទី៥ ការដំឡើងប្រាក់បៀវត្សត្រូវបានកែប្រែថ្មី ។
សម្ដេចបានថ្លែងឲ្យដឹងទៀតថា ចាប់ពីឆ្នាំ២០១៤តទៅ រាជរដ្ឋាភិបាល នឹងជំរុញអនុវត្តន៍ ប្រព័ន្ធ បៀវត្ស តាមគោលនយោបាយគ្រប់ជ្រុងជ្រោយ ។ ក្នុងនោះនឹងដំឡើងប្រាក់បៀវត្ស ជូនមន្រ្ដី រាជការស៊ីវិលក្របខណ្ឌ “ក” នឹងត្រូវបន្ថែមប្រាក់ ៤ម៉ឺនរៀលក្នុងមួយខែ លើប្រាក់បៀវត្សដែលមាន ស្រាប់ ហើយក្រុមខណ្ឌ “ខ, គ និឃ” នឹងត្រូវបន្ថែម ៨ម៉ឺនរៀលក្នុងមួយខែ លើប្រាក់បៀវត្សដែល មានស្រាប់ ។ ការបន្ថែមនេះ ធ្វើឲ្យមន្ដ្រីរាជការស៊ីវិល មានកម្រិតទាបបំផុតនឹងទទួល បានប្រាក់ បៀវត្សយ៉ាងតិចបំផុត ៤២៤.០០០រៀល។ ការដំឡើង ប្រាក់បៀវត្សសម្រាប់ក្របខណ្ឌ “ឃ” មាន អត្រា ២៥%ក្នុងមួយឆ្នាំ ហើយសម្រាប់ក្របខណ្ឌ “ក” មានអត្រា ៥%ក្នុងមួយឆ្នាំ។
ដោយឡែក ចំពោះមន្ត្រីយោធា និងគនរបាល នៅឆ្នាំ២០១៤ នឹងទទួលបានប្រាក់ថ្លៃអាហារ ដែល បច្ចុប្បន្នមានត្រឹមតែ ១.៥០០រៀលក្នុងមួយថ្ងៃ នឹងឡើងដល់ ៤ពាន់រៀលក្នុងមួយថ្ងៃ ឬពី ៤,៥ម៉ឺន រៀលក្នុងមួយខែឡើងដល់ ១២ម៉ឺនរៀលក្នុងមួយខែ ។ ការបន្ថែមនេះ នឹងធ្វើឲ្យមន្ដ្រីយោធា ដែល មានឋានន្តរសក្តិទាបបំផុត ទទួលបានប្រាក់បៀវត្ស យ៉ាងតិច ៤០១.៦៨៣រៀលក្នុងមួយខែ ។ ចំណែកឯនគរបាល ដែលមានឋានន្តរសក្តិទាបបំផុត នឹងទទួលបានប្រាក់បៀវត្ស ៤៥៧.១០០រៀល ក្នុងមួយខែ ។
បើតាមប្រសាសន៍ របស់សម្ដេចតេជោ បច្ចុប្បន្នមន្រ្ដីរាជការស៊ីវិល កម្រិតទាបបំផុត អាចទទួលបាន ប្រាក់បៀវត្ស ៣៤៤.០០០រៀលក្នុងមួយខែ ឯកម្រិតខ្ពស់បំផុតទទួលបាន ១.៨២២.០០០រៀល ក្នុង មួយខែ ។ ចំពោះមន្រ្ដីយោធា មានប្រាក់បៀវត្សទាបបំផុត ៣២៦.៨៨៣រៀល ក្នុងមួយខែ និងខ្ពស់ បំផុត (នាយឧត្តមសេនីយ៍) មានចំនួន ១.៧៩៩.២៣០រៀលក្នុងមួយខែ ។ ដោយឡែកចំពោះ មន្រ្ដី នគរបាលជាតិ ដែលមានឋានន្តរសក្តិទាបបំផុត ទទួលបានប្រាក់បៀវត្ស ៣៨២.១០០រៀល ក្នុងមួយ ខែ និងខ្ពស់បំផុត ១.៧៦៤.៥០០រៀល ក្នុងមួយខែ ។
សម្ដេចក៏បានរិះគន់ ដល់គណបក្សប្រឆាំងផងដែរ ចំពោះគោលនយោបាយ សន្យាដំឡើងប្រាក់ បៀវត្សជូនមន្ដ្រីរាជការរ ដែលថា មន្ដ្រីរាជការ នឹងទទួលបានប្រាក់បៀវត្ស ចាប់ពី ១លានរៀល និង មនុស្សចាស់បាន ៤ម៉ឺនរៀលក្នុងមួយ ដោយសម្តេចចាត់ទុកថា ជាការសន្យាដែលមិនអាចធ្វើទៅរួច ។ សម្ដេចបានមានប្រសាសន៍ថា «បើសិនប្រទេសមានលុយ ចាំបាច់ឲ្យគេឃោសនា យកសន្លឹក ឆ្នោតធ្វើអ្វី ប៉ុន្ដែវាអត់មានលុយ។… បើសិនជាបក្សនោះ (សង្រ្គោះជាតិ) ជាប់ឆ្នោត ខ្ញុំឲ្យអាយុជីវិត គេបីខែយ៉ាងយូរ បើ៣ខែមិនរលំទេ ខ្ញុំថ្វាយបង្គំ» ។
សម្ដេចតេជោ ក៏បានថ្លែង ឲ្យមានការកែសម្រួល នូវការបើកប្រាក់បៀវត្ស សម្រាប់មន្ដ្រីរាជការ និងកម្លាំងប្រដាប់អាវុធ មកបើកតាមរយៈធនាគារ ។ ការបើកតាមធនាគារនេះ ត្រូវបានសម្ដេច ចាត់ ទុកថា នឹងផ្ដល់ភាពងាយស្រួល ដល់មន្ដ្រីរាជការ កម្លាំងប្រដាប់អាវុធ និងផ្ដល់តម្លាភាពផងដែរ ។
លើសពីនេះទៅទៀត សម្ដេចបានព្រមានធ្ងន់ៗ ចំពោះមន្ដ្រីរដ្ឋាភិបាលណា ដែលធ្វើការកាត់ប្រាក់ បៀវត្សរបស់មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធថា ជាការប្រព្រឹត្តអំពើពុករលួយ ហើយថាត្រូវតែ បញ្ឈប់ជាបន្ទាន់ នូវគ្រប់រូបភាព នៃការកាត់ប្រាក់បៀវត្ស របស់មន្ដ្រីរាជការទាំងអស់ ចាប់ពីពេល នេះតទៅ ។
មន្រ្ដីរាជការស៊ីវិល នៅប្រទេសកម្ពុជាក្របខណ្ឌ “ក” មានចំនួន ៣៤.៨៧៣នាក់, ក្របខណ្ឌ “ខ” មានចំនួន ៦០.៣៥៩នាក់, ក្របខណ្ឌ “គ” មានចំនួន ៨១.៤៤២នាក់ និងក្របខណ្ឌ “ឃ” មានចំនួន ១០.៧៧៥ នាក់៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល