តាកែវ ៖ ជនល្មោភកាមម្នាក់ បានចូល ទៅធ្វើសកម្មភាព ចាប់រំលោភនារីវ័យជាង ២០ឆ្នាំ ខណៈដែលជនរងគ្រោះកំពុងនៅផ្ទះ តែម្នាក់ឯង  ហើយម្ដាយរបស់ខ្លួនជាប់រវល់ ទៅបោះឆ្នោត កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅផ្ទះនារីរងគ្រោះក្នុងឃុំពារាម ស្រុកបាទី ខេត្ដតាកែវ។ យ៉ាងណាក៏ដោយ ជនល្មោភកាមរូបនេះ ត្រូវបាននារីរងគ្រោះ ចោទប្រកាន់ហើយ ប្ដឹងទៅសមត្ថកិច្ច ចុះមកចាប់ខ្លួនភ្លាមៗ ខណៈដែលជនល្មោភកាមរូបនេះ   ឆ្លើយថា មកពីការត្រូវរ៉ូវគ្នា តាំងពីថ្ងៃចូលឆ្នាំមកម្ល៉េះ ។

យោងតាមប្រភព   ព័ត៌មានពីសមត្ថកិច្ច   មូលដ្ឋានបានឱ្យដឹងថា  ជនល្មោភកាមដែល ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខាងលើនេះមាន ឈ្មោះ អ៊ិន ឆើត អាយុជាង ៣០ឆ្នាំ រស់នៅ ភូមិខ្នារធំ ឃុំពារាម ស្រុកបាទី ខេត្ដតាកែវ រីឯនារីរងគ្រោះ ឈ្មោះ ហ.ស.ខ អាយុ ២៣ ឆ្នាំ ។

យោងតាមការរៀបរាប់ របស់នារីរង គ្រោះប្រាប់សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ១០ និង២០នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ នៅពេលដែលរូបនាងកំពុងនៅផ្ទះម្ដាយមីង ឈ្មោះ គីង យីក រស់នៅក្នុងភូមិឃុំកើតហេតុជាមួយគ្នា នោះ ហើយខណៈដែលម្ដាយមីងត្រឡប់ មកពីបោះឆ្នោត ក៏បានប្រាប់រូបនាងឱ្យយក សៀវភៅគ្រួសារប្រគល់ជូនម្ដាយ នៅឯការិយាល័យបោះឆ្នោត ពីព្រោះម្ដាយរបស់ខ្លួនមិនបានយកអ្វីទៅទាំងអស់។ នារីរងគ្រោះបានបន្ដថាក្រោយពីឮម្ដាយមីងប្រាប់យ៉ាងដូច្នេះ រូបនាងក៏បានធ្វើដំណើរទៅផ្ទះ រកសៀវភៅគ្រួសារ ប៉ុន្ដែ ពេលកំពុងរក សៀវភៅគ្រួសារនោះ   ក៏ត្រូវបានជនសង្ស័យ  ដែលមានផ្ទះទល់មុខគ្នា ដើរចូលតាម ក្រោយ រួចចាប់ឱបផ្ដួលទៅលើគ្រែធ្វើ សកម្មភាពចាប់រំលោភ រហូតបានសម្រេចតែម្ដង ។

យោងតាមពាក្យបណ្ដឹងនេះដដែល បានឱ្យដឹងទៀតថា ដោយសារតែបាត់ក្មួយស្រីយូរពេក មិនឃើញយកឯកសារដូចជា សៀវភៅគ្រួសារ ទៅឱ្យម្ដាយរបស់ខ្លួននៅ   ឯការិយាល័យបោះឆ្នោតនោះ ម្ដាយមីងក៏ដើរទៅផ្ទះនារីរងគ្រោះក៏ស្រាប់តែឮសំឡេងសម្រែកឱ្យជួយពេលនោះក៏រុញទ្វារឃើញ   ជនសង្ស័យកំពុងធ្វើសកម្មភាពរំលោភ  ក៏រាយការណ៍ជូនសមត្ថកិច្ច ចុះមកចាប់ខ្លួនតែ ម្ដង ។ យ៉ាងណាក៏ដោយជនសង្ស័យរូបនេះបានសារភាពថា រូបគេមិនបានបង្ខំ និងចាប់រំលោភទៅលើនារីនេះឡើយ   គឺជាការព្រម ព្រៀងគ្នាពីព្រោះពួកគេបានស្រឡាញ់គ្នា តាំងពីថ្ងៃចូលឆ្នាំមកម្ល៉េះនិងធ្លាប់ដេកជាមួយគ្នាជាញឹកញាប់ទៀតផង ប៉ុន្ដែដោយសារតែនៅព្រឹកកើតហេតុនោះ ខណៈដែល ម្ដាយមីងទៅឃើញទាន់ ក៏ស្រែកធ្វើជា របៀបឆោឡោ  ហើយប្ដឹងសមត្ថកិច្ចចុះមក ឃាត់ខ្លួនតែម្ដងទៅ ។ យ៉ាងណាក៏ដោយ បើទោះបីមានការដោះសារពីជនសង្ស័យនេះក៏ដោយក៏សមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល