ក្មេងប្រុសម្នាក់កំពុងលេងសប្បាយក្នុងតំបន់សួនបាញ់ទឹកនៅខេត្រ Hubei ភាគកណ្ដាលប្រទេសចិន ក៏ស្រាប់តែត្រូវខ្សែទឹកបាញ់ចំ និងរុញច្រានឡើងទៅលើ កំពស់ ២ម៉ែត្រ បណ្ដាលឱ្យបែកឈាម និងរងរបួសធ្ងន់ធ្ងរ។ករណីខាងលើនេះ បានកើតឡើងតាំងតែពីថ្ងៃទី ១សីហា ប៉ុន្ដែរូបភាពស្ដីអំពីករណីគ្រោះថ្នាក់នេះ ទើបត្រូវបានចេញផ្សាយនៅលើទំព័រសារព័ត៌មានចិន។
ក្នុងរង្វង់ក្រហម គឺកុមារារងគ្រោះ កំពុងត្រូវខ្សែទឹកបាញ់ឱ្យខ្ទាតឡើងទៅលើ ២ម៉ែត្រ។ រូប ៖ Southern Metro Daily
ក្មេងប្រុសដែលកំពុងលេងសប្បាយនៅក្នុងសួនបាញ់ទឹកតាមចង្វាក់ភ្លេងនៅទីលានមជ្ឈមណ្ឌលវប្បធម៌ Xinjian ក្នុងតំបន់ស្វ័យត Enshi នៃខេត្រ Hubei មួយរំពេចក្រោយមកក៏ស្រាប់តែត្រូវខ្សែទឹកបាញ់ចំ និងធ្វើឱ្យក្មេងនេះ ខ្ទាតឡើងត្រង់ទៅលើ បន្ទាប់ពីជាន់ចំក្បាលទឹកដែលមានកម្លាំងខ្លាំង។ ដោយសារតែកម្លាំងទឹក ក្មេងប្រុសនេះ ក៏ត្រូវបែកឈាមត្រង់ច្រមុះ និងមាត់ ប៉ុន្ដែមិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់ជីវិត។ ក្រោយមក ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ សង្គ្រោះបន្ទាន់។សាក្សីនៅកន្លែងកើតហេតុអះអាងថា ទឹកដែលកំពុងបាញ់ទៅលើនោះ បានធ្វើឱ្យរហែកអាវ និងខោរបស់កុមារារងគ្រោះ ហើយនៅពេលធ្លាក់មកដីក៏ត្រូវរបួសពេញមុខមាត់។
គួររំឭកថា សួនទឹកនេះគឺជាទីតាំងកំសាន្ដដ៏ល្បីឈ្មោះ និងទាក់ទាញអ្នកមកលេងកំសាន្ដយ៉ាងច្រើន ចាប់តាំងពីមជ្ឈមណ្ឌលវប្បធម៌ Xinjian ត្រូវបានបង្កើតឡើង។ បើទោះជាមានរបងដែលមានការព្រមានឱ្យនៅឆ្ងាយពីក្បាលទឹក ប៉ុន្ដែប្រការនេះមិនអាចហាមឃាត់មនុស្សទាំងឡាយ មិនឱ្យចូលប្រលែងជាមួយទឹកនោះដែរ។
កុមាររងគ្រោះត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យ បន្ទាប់ពីត្រូវទឹកបាញ់ឱ្យរបួស។ រូប ៖ Southern Metro Daily
អ្នកប្រើប្រាស់បណ្ដាញសង្គម Sina Weibo របស់ចិន នាំគ្នាសម្ដែងការអាណិតចំពោះកុមាររងគ្រោះនេះ ប៉ុន្ដែពួកគេយល់ថា ក្មេងតូចមិនគួរមកលេងទឹកដែលមានកម្លាំងបាញ់ខ្លាំងបែបនេះ។ ទំព័រ SCMP ដកស្រង់សំដីរបស់មនុស្សម្នាក់ ចុះផ្សាយថា ៖ “ប្រសិនអ្នកមិនធ្វើរឿងផ្ដេសផ្ដាស និងគ្រោះថ្នាក់ នោះអ្នកក៏នឹងមិនត្រូវមកចំណាយពេលដើម្បីដោះស្រាយលទ្ធផលផ្ដេសផ្ដាស និងគ្រោះថ្នាក់” ៕
ដោយ ៖ តារាប្រភព ៖ Globaltimes/VE